ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2010 ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
តំណាងរាស្ត្របក្ស សម រង្ស៊ី នៅថ្ងៃ១៦ កញ្ញា បានស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាល វៀតណាម ជួយអន្តរាគមន៍ធ្វើយ៉ាងណាចាប់ ខ្លួនជនសង្ស័យ ឬឃាតករដែលបានព្រួតគ្នា វាយសម្លាប់ខ្មែរក្រោម ២នាក់ និងធ្វើឲ្យ ១១នាក់ទៀតរងរបួស នៅខេត្តតៃនិញ កាលពីដើមខែកញ្ញានេះ។
លិខិតរបស់លោក យន្ត ថារូ បានសរសេរទៅលោក សឺង សុងសើង ជាសមាជិកមជ្ឈិមបក្ស និងជាអនុប្រធាន ចង្អុលទិសភាគខាងត្បូងនៃ ប្រទេសវៀតណាម គឺបានផ្ញើជូនតាមរយៈ ស្ថានទូតវៀតណាម នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ មន្ត្រីស្ថានទូតវៀតណាមមិនបានចេញ មកទទួលលិខិតនោះទេ។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក យន្ត ថារូ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកញ្ញា ថា ៖ «សុំឲ្យគាត់ជួយអន្តរាគមន៍ដល់គ្រួសាររងគ្រោះ ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគាត់ផង ពីព្រោះជនរងគ្រោះដែលជាខ្មែរកម្ពុជាក្រោម រយៈពេលរហូតដល់ពេលនេះជាងកន្លះខែហើយ សមត្ថកិច្ចនៅមិនទាន់ចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ នៅឡើយ!»។
ព្រឹត្តិការណ៍វាយសម្លាប់នោះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ នៅតំបន់ចម្ការកៅស៊ូរបស់វៀតណាមនៅក្នុងខេត្តរោងដំរី ឬខេត្តតៃនិញ ដែលប្រភពគ្រួសារខ្មែរកម្ពុជាក្រោមបានអះអាងថា ជម្លោះនោះគឺបណ្ដាលមកពីការរើសអើងជាតិសាសន៍ ហើយអ្នកភូមិវៀតណាមរាប់សិបនាក់ បានប្រើប្រាស់ដំបង និងកាំបិត នៅក្នុងការវាយប្រហារនោះ។
ខ្មែរកម្ពុជាក្រោម ដែលបានស្លាប់នោះមានឈ្មោះ ចៅ ណែត អាយុ ២២ឆ្នាំ គឺមានស្រុកកំណើតនៅក្នុងឃុំរលាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬខេត្តអានយ៉ាង ទឹកដីខ្មែរកម្ពុជាក្រោម និងខ្មែរកម្ពុជាក្រោមម្នាក់ទៀត ដែលបានស្លាប់នោះដែរ គឺមានឈ្មោះ ចៅ ផាត មានស្រុកកំណើត នៅក្នុងឃុំបន្ទាយស្វាយ ស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬខេត្តអានយ៉ាង។
មន្ត្រីនៅស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជា ដែលចេះនិយាយភាសាខ្មែរ បានមានប្រសាសន៍ខ្លីថា លោកបានឮព័ត៌មានអំពីលិខិតតវ៉ាខាងលើនេះដែរ ៖ «អត់មានបានទទួលបានទេ! ព័ត៌មានឮអ៊ីចឹង តែធាតុពិត ស្ថានទូតមិនទាន់បានទទួលបានឯណា!»។
ឪពុករបស់ខ្មែរកម្ពុជាក្រោមឈ្មោះ ចៅ ណែត ដែលបានស្លាប់នៅក្នុងឃុំចៅទ្បាំង ស្រុកស្វាយទង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក បានឲ្យដឹងថា លោកទាមទារប្រាក់សំណងជំងឺចិត្ត ៦០លានដុង ស្មើនឹងជាង ៣០០០ដុល្លារអាមេរិក និងទាមទារឲ្យសមត្ថកិច្ចវៀតណាមចាប់ខ្លួនជនសង្ស័យផ្ដន្ទាទោស ៖ «ឥឡូវថាគេប្ដឹងផ្ដល់ គេឲ្យប្ដឹងអ៊ីចឹងណា៎! ប្ដឹងឡើងទៅក្រោមទៀតណា៎! ដើម្បីឲ្យពួកកនដែលសម្លាប់ហ្នឹង ឲ្យសងយ៉ាងម៉េចណោះ»។
ឪពុករបស់ ចៅ ណែត ត្រូវបានអាជ្ញាធរវៀតណាមកោះហៅឲ្យទៅឆ្លើយបំភ្លឺ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីកំណត់ហេតុ និងធ្វើពាក្យបណ្ដឹងជុំវិញឃាតកម្មកន្លងមកនេះ៕