ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ ទី ៣១ ខែឧសភា នេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅប្រទេសកាណាដា នឹងចូលរួមពិធីបុណ្យវិសាខបូជា អន្តរជាតិមួយ ដែលនឹងរៀបចំឡើងដោយពុទ្ធបរិស័ទចម្រុះជាតិសាសន៍នៅប្រទេសកាណាដា ។

ព្រះតេជព្រះគុណ ធីធី ធម្មោ មន្ត្រីករិយាល័យសាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេស កាណាសដា បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ពិធីនេះ មានការចូលរួមពុទ្ធបរិស័ទជាច្រើនជាតិសាសន៍ ចំនួន ២៥ វត្ត និង សមាគមចំនួន ៣ ក្នុងនោះមាន ខ្មែរក្រោមតំណាងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ភូមា ស្រីលង្កា ចិន យួន និងតៃវ៉ាន់ ជាដើម ។ ក្រៅពីនេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសកាណាដា ផងដែរ ។
“តំណាងរាស្ត្រ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ហើយជាមួយនឹងតំណាងនាយករដ្ឋមន្ត្រី” ។
គោលបំណងនៃពិធីបុណ្យវិសាខបូជាអន្តរជាតិនេះ ដើម្បីជម្រុញឲ្យរដ្ឋាភិបាលកាណាដា ទទួលស្គាល់ថ្ងៃវិសាខបូជា ជាថ្ងៃ សំខាន់ សម្រាប់មនុស្សជាតិ ហើយអនុញ្ញាតឲ្យអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសកាណាដា បានសម្រាកក្នុង ថ្ងៃវិសាខ បូជា ដូចគ្រិសបរិស័ទបានឈប់សម្រាក់ក្នុងថ្ងៃគ្រិស្ចស្មាកដែរ ។
“ចឹងទេឲ្យរដ្ឋាភិបាលកាណាដាហ្នឹងគួរតែទទួលស្គាល [ថ្ងៃវិសាខបូជា] ហើយលៃឱកាសយ៉ាង ណាហ្នឹង ឲ្យពុទ្ធ បរិស័ទ ដែលជា អ្នកគោរពពុទ្ធសាសនាហ្នឹង មានឱកាសសម្រាកដូចបុណ្យគ្រិស្ចស្មាកចឹង” ។
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៥៤ ជំពូក ១៧៤ នៃរបៀបរបៀវារៈរបស់អង្គការ សហប្រជាជាតិ បានទទួលស្គាល់ “កម្មវិធីបុណ្យវិសាខបូជា” ដែលពុទ្ធបរិស័ទក្នុង ពិភពលោកប្រារព្ធ នៅក្នុងថ្ងៃ ១៥ កើតខែវិសាខ ត្រូវនឹងខែឧសភារៀងរាល់ឆ្នាំថាជា “ថ្ងៃវិសាខបូជាអង្គការ សហប្រជាជាតិ” និងថ្ងៃ “បុណ្យវប្បធម៌សាសនា ពិភព លោករបស់អង្គការសហប្រជាជាតិ” ។ ចាប់ពីឆ្នាំ ២០០០ មក ថ្ងៃវិសាខបូជាអង្គការសហប្រជាជាតិ ត្រូវបានគេ អនុញ្ញាត ឲ្យប្រារព្ធ នៅការិយាយល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក និងនៅតាម មជ្ឈមណ្ឌល ការិយាល័យអង្គការសហប្រជាជាតិ នៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះ មានប្រទេសថៃ ជាដើម ។
វិសាខបូជា ជាថ្ងៃនក្ខត្តឫក្សដែលពុទ្ធសាសានិកទូទាំងពិភពលោក ប្រារព្ធនៅថ្ងៃ ១៥ ខែកើត ខែវិសាខ រៀងរាល់ឆ្នាំ ដើម្បី ឧទ្ទិស ដល់ថ្ងៃដែលព្រះពុទ្ធសមណគោតម អ្នកបង្កើតលទ្ធិព្រះពុទ្ធសាសនា ទ្រង់ប្រសូត បានត្រាស់ និង បរិនិព្វាន ៕