មួយថ្ងៃមុនលោកស្រី Hillary Clinton រដ្ឋមន្ដ្រីក្រសួងការបរទេស សហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ចនៅទីក្រុង ហាណូយ អ្នកតំណាងរាស្ដ្រ Frank Wolf ពីគណបក្សសាធារណរដ្ឋ បានសរសេរលិខិតជួនលោកប្រធានាធិបតី Barak Obama សូមទម្លាក់តំណែងលោក David Shear អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀតណាម ដោយដាក់កំហុសថា មន្ដ្រីការបរទេសរូបនេះមិនបានលើកទឹកចិត្តចំពោះ សិទ្ធិមនុស្ស។
លោក Wolf ក៏បានស្នើលោក Obama ប្ដូរលោក Shear ដោយជំនួសមន្ដ្រីការទូតអាមេរិកម្នាក់មានដើមកំណើតវៀតណាម។
កាលពីថ្ងៃចន្ទ អ្នកតំណាងរាស្ដ្រប្រចាំរដ្ឋ Virginia និងជាមនុស្សខ្លាំងពូកែខាងការពារសិទ្ធិមនុស្សជាយូរឆ្នាំ បានមានប្រសាសន៍ថា លោកអគ្គរដ្ឋទូត Shear ធ្លាប់បានសន្យាជាមួយលោកថានឹងអញ្ជើញអ្នកចលនា ប្រជាធិបតេយ្យ អ្នកលេង Blog និងអ្នកតស៊ូដើម្បីសេរីសាសនានៅប្រទេសវៀតណាមចូលរួមពិធី ជប់លៀង នៅក្នុងស្ថានទូត អបអរទិវាឯករាជ្យ ថ្ងៃទី៤ ខែកក្កដា។ ក្រោយពីនោះលោកបានទូរសព្ទទៅកាន់លោកអគ្គរដ្ឋទូត Shear ដើម្បីចោទសួរអំពីការដែលលោក Shear មិនបានអញ្ជើញអ្នកដែលមានទស្សននយោបាយ ប្រឆាំងដ៏ល្បីឈ្មោះចូលរួមពិធីនោះ ហើយលោកក៏បានទទួលនូវការឆ្លើយតបជាអ្វីដែលលោកព័ណ៌នាថា “ជាការគួរឲ្យស្អប់ខ្ពើមហួសហេតុ” អ្នកតំណាងរាស្ដ្រWolf បានមានប្រសាសន៍ឲ្យដឹងថា លោកអគ្គរដ្ឋទូត Shear បានឆ្លើយតបលោកថា លោក Shear ត្រូវការរក្សានូវ “តុល្យភាព”។
អ្នកតំណាងរាស្ដ្រ Wolf បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកគប្បីជាសម្លេងនៃជនដែលគ្មានសិទ្ធិបញ្ចេញ សម្លេង។ ស្ថានទូតសហរដ្ឋអាមេរិក គប្បីជាកោះនៃសេរីភាព ស្ថិតក្រោមការគ្រប់គ្រង ដោយអគ្គរដ្ឋទូត សហរដ្ឋអាមេរិកក៏ក្លាហានមួយរូប តែលោក Shear មិនមែនជាបុគ្គលដូច្នេះឡើយ”។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋមេរិក Victoria Nuland បានមានប្រសាសន៍កាន់ជើងលោកអគ្គរដ្ឋទូត Shear លោកស្រីបានមានប្រសាសន៍ថា លោក Shear បានទទួលបដិសណ្ឋារៈជាមួយមនុស្សជា ច្រើនភាគីផ្សេងៗគ្នានៅប្រទេសវៀតណាម រាប់ទាំងក្រុមអ្នកតស៊ូដើម្បីប្រជាធិបតេយ្យ និងក្រុមអ្នកដឹកនាំ សាសនា ហើយក៏បានអញ្ជើញតំណាងក្រុមមនុស្សទាំងនេះ មកចូលរួមក្នុងពិធីទិវា ៤ កក្កដា ផងដែរ។ លោកស្រី Nuland បានមានប្រសាសន៍បន្ថែមទៀតថា លោកអគ្គរដ្ឋទូត Shear “បានទទួលការជឿជាក់ ទុកចិត្តទាំងស្រុករបស់លោកប្រធានាធិបតី Obama និងរដ្ឋមន្ដ្រីក្រសួងការបរទេស Clinton”។
លោកអគ្គរដ្ឋទូត Shear ជាមន្ដ្រីការបរទេសចាស់វស្សាបានធ្វើការបម្រើឲ្យប្រទេសនៅអាស៊ីជាច្រើន។ សកម្មជន នយោបាយសហរដ្ឋអាមេរិក គ្មានសិទ្ធិអំណាច ចំពោះការទម្លាក់តំណែងអគ្គរដ្ឋទូតឡើយ ព្រោះជាអ្នក ដែលត្រូវ បានប្រធានាធិបតីតែងតាំង និងមានការយល់ព្រមពីព្រឹទ្ធសភា។ ប្រែសម្រួលដោយៈ គឹម បុរី