តំណាងយុវជនខ្មែរក្រោមចូលរួមអង្គវេទិកាស្ដីពីនយោបាយ និងអាស៊ាន

នៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១២ យុវជនប្រមានជាជិត១០០០នាក់ បានចូលរួមអង្គវេទិកាយុវជនប្រចាំឆ្នាំលើកទី១០ ស្ដីពី “ដំណើររបស់យុវជន កម្ពុជា ឆ្នោះទៅកាន់អាស៊ាន ផ្តើមពីការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយ​ប្រកបដោយអត្ថន័យ” ដែលបាន សហការរៀបចំឡើងដោយអង្គការជាដៃគូទាំងពីគឺ អង្គការកម្មវិធី​អភិវឌ្ឍន៍​ធនធានយុវជន (YRDP) និងអង្គការស្មគ្រចិត្តដើម្បីសង្គម (CVS) ដែលជាអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុក​មានទស្សនវិស័យ ឆ្ពោះទៅ កាន់វិស័យយុវជន។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយការសម្ដែងសុន្ទរកថាស្វាគមន៍វេទិកាប្រចាំឆ្នាំលើកទី១០ ដោយលោក ជាង សុខា នាយកប្រតិបត្តិ នៃអង្គការកម្មវិធីអភិវឌ្ឃន៍ធនធានយុវជន។ កិច្ចសំណេះ​សំណាល និងប្រកាស បើកវេទិកា ដោយលោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព (CDP) ស្ដីពីទិដ្ឋភាពទូទៅនៃអាស៊ាន តួនាទីយុវជនក្នុងអាស៊ាន វេទិកាយុវជន​អាស៊ាន និងលទ្ធផលនៃសេចក្ដី ថ្លែងការណ៍របស់យុវជនអាស៊ាន២០១២ ផ្តោតសំខាន់លើបញ្ហាបេះដូង​របស់យុវជន។ ការសំដែងរឿងខ្លី ក្រោមចំណងជើង “ការពិតនយោបាយជាអ្វី?” សំដែងដោយក្រុម​យុវជនស្មគ្រចិត្ត។

លោក ប៉ែន សុមុនី ប្រធានអង្គការស្មគ្រចិត្តដើម្បីសង្គម (CVS) បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំ អង្គវេទិកានេះឡើងដោយសម្លឹងឃើញថា យុវជន និស្សិត និងប្រជាពលរដ្ឋខ្មែរមិនសូវមាន​ការចាប់អារម្មណ៍ អំពីបញ្ហាកិច្ចការនយោបាយ មនុស្សម្នាក់ៗមិនចង់ឮពាក្យថានយោបាយទេ ហើយក៏​មិនចង់ចូលប្រឡូក ក្នុងកិច្ចការនយោបាយនោះដែរ “ក្នុងការដឹកនាំនយោបាយ យើងមិនអាចផ្អែក​តែ​ទៅ​លើអ្នកដឹកនាំទាំង អស់នោះទេ ចឹងហើយពលរដ្ឋនៅក្នុងសង្គមមួយត្រូវយល់ដឹង ត្រូវចូលរួមនៅ​ក្នុង​ហ្នឹងដែរ ដើម្បីឲ្យប្រទេស ឬក៏តំបន់មានដំណើរការទៅល្អ”។ លោក ប៉ែន សុមុនី បានសំដែងនូវសេចក្ដី​សង្ឃឹម​ថា វេទិកានេះ នឹងធ្វើឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ ជាពិសេស​យុវជន​ឲ្យ​មាន​ការចាប់អារម្មណ៍ ចូលរួមក្នុងឆាកនយោបាយ និងបញ្ហាអាស៊ាននៅថ្ងៃខាងមុខ។

របៀបវារៈពិសេសរបស់អង្គសិក្ខាសាលានេះ គឺផ្តោតទៅលើកិច្ចពិភាគ្សាពហុភាគី ក្រោម​ប្រធាន​បទ “ការត្រៀម ខ្លួនរបស់យុវជនកម្ពុជាសម្រាប់ការចូលរួមក្នុងវិស័យនយោបាយ”។ វាគ្មិនសំខាន់​ៗចូលរួមពិភាក្សាគឺ លោកបណ្ឌិត សុខ ទូច សកលវិទ្យាធិការ នៃសកលវិទ្យាល័យខេមរៈ និងជាអ្នក​វិភាគឯករាជ្យ។ លោកស្រី ជា វណ្ណាត អតីតប្រធានមជ្ឈមណ្ឌលអភិឌ្ឍន៍សង្គម និងជាអ្នកវិភាគ​ឯករាជ្យ។ លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគឯករាជ្យ។ កញ្ញា ហែម វណ្ណារ៉េត មន្ដ្រី​កម្មវិធីអភិវឌ្ឍន៍ និងរៀបចំសហគមន៍ នៃអង្គការ ពង្រឹងសិទ្ធិអំណាចយុវជនកម្ពុជា។ ព្រមទាំងអ្នកស្រី​ធីតា ឃឹះ នាយិកាអង្គការ សីលការ ជាអ្នកសម្របសម្រួល កម្មវិធី។

យុវនិស្សិតម្នាក់ឈ្មោះ ចាន់ ណារិន្ទ មកពីសកលវិទ្យាល័យកម្ពុជា និងជាបុគ្គលិកនៃក្រុមហ៊ុន​មួយ នៅរាជធានី ភ្នំពេញបានមានប្រសាសន៍ថា ការរៀបចំប្រធានបទសម្រាប់វេទិកាក្នុងឱកាសនេះ​មាន​សារសំខាន់ សម្រាប់ យុវជនក្នុងការត្រៀមខ្លួនសម្រាប់ធ្វើអ្វីៗនៅក្នុងដំណើរសមាហរណកម្មអាស៊ាននា​ឆ្នាំ២០១៥ខាងមុខ ជាពិសេស យុវជនគួរតែសិក្សាអំពីបញ្ហានយោបាយ សេដ្ឋកិច្ច វប្បធម៌ ភាសា ពី​ប្រ​ទេស របស់ខ្លួនផង និងប្រទេស ជាសមាជិកអាស៊ានផង “យវជនកម្ពុជា នឹងត្រៀមខ្លួនធ្វើអ្វីខ្លះ​សម្រាប់​សមាហរណកម្ម អាស៊ាឆ្នាំ២០១៥ ចឹងជាចំណាប់អារម្មណ៍មួយសម្រាប់យុវជនកម្ពុជាសម្រាប់​ត្រៀម​ខ្លួនចូលរួមក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌របស់អាស៊ានក្នុងឆ្នាំ២០១៥ ហើយខ្ញុំចង់ដឹង​ថាតើ អាស៊ាននឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ សម្រប់យុវជន កម្ពុជានៅក្នុងបរិបទនយោបាយ និងសមា​ហរ​ណកម្មឆ្នាំ ២០១៥ នេះ ចឹងហើយកម្មវិធីនេះ នឹងផ្តល់ អត្ថប្រយោជន៍ដល់និស្សិតកម្ពុជា មិនថានិស្សិតទេ សូម្បីតែយុវជន ខ្មែរយើងគ្រប់លំដាប់ថ្នាក់ទាំងអស់ អាចស្វែងយល់អំពីអត្ថប្រយោជន៍នៃការចូលរួម​អាស៊ាន”។ លោកបានមានប្រសាសន៍ទៀតថា​យុវជន ក៏ដូចជា និស្សិតខ្មែរបច្ចុប្បន្នមានការយល់ដឹងអំពី​កិច្ចការនយោបាយ និងបញ្ហាអាស៊ាននៅមាន​កម្រិត លើកលែងតែ និស្សិតណាដែលរៀនផ្នែកច្បាប់ និងទំនាក់ទំនងអន្តរជាតិទេ ទើបមានការយល់​ដឹងខ្លះ អំពីស្ថានភាពនយោបាយ និងអាស៊ាន។ និស្សិត​រូប​នេះក៏បានអំពាវនាវដល់និស្សិត និងយុវជន​ទាំង​អស់ចូលរួមតាមដានស្ថានភាព នយោបាយ និងអា​ស៊ាន​ឲ្យបានច្រើនតាមរយៈការចូលរួមស្ដាប់ និងស្វែងយល់ក្នុងវេទិកា កិច្ចប្រជុំជាសាធារណៈ របស់​អង្គការសង្គមស៊ីវិល និងតាមដានគោល​នយោបាយ របស់រដ្ឋាភិបាល។

រីឯកញ្ញា ឡុង សុធានី មានដើមកំណើតមកពីខេត្តមាត់ជ្រូក កម្ពុជាក្រោម តំណាងឲ្យយុវជន​មួយក្រុម មកពី បណ្ដាញយុវជនខ្មែរកម្ពុជាក្រោម បានចូលរួមក្នុងអង្គវេទិកានេះមានប្រសាសន៍ថា យុវជនខ្មែរកម្ពុជាក្រោម មានការចាប់អារម្មណ៍ ស្វែងយល់ និងចូលរួមក្នុងឆាកនយោបាយតិចតួច​ណាស់ រហូតដល់សឹងថាគ្មានផង នាងថានេះក៏ដោយសារស្ថានភាពសង្គមមិនអំណោយផលផង និង​មានការបំភិតបំភ័យ ព្រមទាំងការព្រមាន ពីអាណាព្យាបាលផង។ កញ្ញា ឡុង សុធានី បានមាន​ប្រសាសន៍​ថា យុវជនគ្រប់រូបមានសិទ្ធិស្មើៗ គ្នា ក្នុងការចូលរួម ចំណែកក្នុងកិច្ចការសង្គមមិនថាយុវជ​ខ្មែរ​ក្រោម ខ្មែរកណ្ដាល នោះទេ “ភាគច្រើនប្រជា ពលរដ្ឋគាត់មិនសូវយល់ដឹងអំពីនយោបាយ តែអ្នកណា​ហ៊ាន គឺអ្នក ហ្នឹងខ្លាច ឬក៏ពាក្យថា នយោបាយ គឺចូលប្រឡូកគឺប្រាកដជាបាត់ខ្លួន ឥឡូវនេះខ្ញុំបាន​ផ្លាស់​ប្ដូរដោយខ្ញុំជាស្ដ្រី ហើយខ្ញុំជាស្ដ្រី ដែលមក ពីកម្ពុជា ក្រោម ក៏មានសិទ្ធិចូលរួម ហើយយល់ដឹងពី​អាស៊ាន ហើយក៏បានប្រឡូកភាពជាយុវជន យុវតីក្នុងឆាក នយោបាយ ហើយក៏ខ្ញុំមានចិត្តសប្បាយរីករាយ ដែលពួកគាត់បានយល់ដឹងបានច្រើនអំពីអាស៊ាន”

សូមជម្រាបផងដែរថា ប្រជាពលរដ្ឋ ពិសេសយុវជនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹក​ដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម មិនបានស្គាល់ទិដ្ឋភាពនៃការជួបជុំ ​និងការចូលរួម តាមដាន សកម្មភាពនយោបាយដូច្នេះឡើយ ដោយសារតែការរើសអើងពូជសាសន៍ ការ​រំលោភសិទ្ធិសេរីភាព ពីរដ្ឋា ភិបាលវៀតណាម និងការគំរាមកំហែងមកលើស្មារតី ធ្វើឲ្យមានការបាក់​ស្បាត មិនហ៊ានអនុវត្តសិទ្ធិសេរីភាព របស់ខ្លួន ក្នុងកិច្ចការនយោបាយឡើយ។ ដោយៈ គឹម បុរី/VOKK