ដោយៈ VOKK
កាលពីថ្ងៃទី ២ តុលា មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា បានប្រាប់ឲ្យដឹងថាតំណាងបងប្អូនខ្មែរក្រោមទៅពីសមាគម-អង្គការសិទ្ធិមនុស្សចំនួន ៦ ផ្សេង ៗ គ្នា បានទៅជួប និងដាក់សំណើរទៅអ្នកស្រីភារៈធារី ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីធ្វើយ៉ាងណាស្នើឲ្យអាជ្ញាធរយួនផ្តល់សិទ្ធិសេរីភាព និងសេរីជំនឿសាសនាដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ-ការយួនកុម្មុយនិស្តក្រុងហាណូយសព្វថ្ងៃ ។
តាមការអះអាងពីមន្រ្តីសហព័ន្ធបានឲ្យដឹងថា សមាគម-អង្គការសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៦ ក្នុងនោះរួមមានព្រះតេជ-គុណ យឿង សិន ព្រះប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម, ព្រះតេជគុណ ថាច់ ប៊ិញ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា, លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម, លោក យន្ត ថារូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្ត្រីខ្មែរកម្ពុជាក្រោម, លោក អាង ច័ន្ទ រិទ្ធិ ប្រធានអង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងអ្នកស្រី ព្រំ យ៉ាង ប្រធានអង្គការស្រ្តីខ្មែរកម្ពុជាក្រោម ព្រមទាំងសហការីមួយចំនួនទៀត ។
ព្រះតេជគុណ ថាច់ ប៊ិញ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅប្រទេសកម្ពុជា បានមានសង្ឃដីកាឲ្យដឹងថា សហ-ព័ន្ធខ្មែរកម្ពុជាក្រោមបានពាំនាំឯកសារជាច្រើន ស្តីពីបញ្ហារំលោភសិទ្ធិមនុស្ស និងទង្វើបំពារបំពានរបស់អាជ្ញាធរក្រុងហាណូយ ដែលធ្វើមកលើព្រះសង្ឃ និងប្រជារាស្រ្តខ្មែរក្រោម ។ ព្រះតេជ-គុណ ថាច់ ប៊ិញ បានឲ្យដឹងថា ក្រៅពីឯកសារទាក់ទងនឹងករណីរំលោភសិទ្ធិមនុស្ស, ជំនឿសាសនា, ការរឹបអូសយកដីធ្លីស្រែចំការ និងលិខិតដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ តំណាងសហព័ន្ធ ក៏បានដាក់សំណើរជូនទៅស្ថានទូតអាមេរិក ចំនួន ៥ ចំណុចក្តៅ ៗ ដើម្បីជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយ ។ ព្រះអង្គមានសង្ឃដីកា “ករណីទីមួយ រឿងខ្មែរក្រហមសម្លាប់ខ្មែរក្រោមទាំងនៅកម្ពុជាក្រោម និងនៅកម្ពុជា រឿងនេះគឺទាក់ទិនទៅនឹងការសាបព្រួសមនោគមន៍វិជ្ជាបែបកុម្មុយនិស្តនៅកម្ពុជា ដូច្នេះយើងអាចនិយាយថា មានការជាប់ពាក់ព័ន្ធរដ្ឋា-
ភិបាលកុម្មុយនិស្តយួន ។ ករណីទីពីរ រឿងអាជ្ញាធរយួនខេត្តមាត់ជ្រូក បន្តឃុំខ្លួនស្រ្តីខ្មែរក្រោមពីររូបមកដល់សព្វថ្ងៃនេះ ក្រោយពីការដឹកនាំបងប្អូនខ្មែរក្រោមនៅក្នុងខេត្តខាងលើចេញតវ៉ាទាមទារ ឲ្យរដ្ឋាភិបាលប្រគល់ដីធ្លីជូនពួកគាត់វិញ ។ ករណីទីបី គឺករណីឃាតកម្មទៅលើព្រះតេជគុណ គឹម តុកជើង ព្រះមេគណខេត្ត
ព្រះត្រពាំង ដែលត្រូវសុគតទាំងអាថ៌កំបាងបំផុត ។ ករណីទីបួន គឺករណីព្រះតេជគុណ អៀង សុខធឿន ដែលបានសុគតនៅប្រទេសកម្ពុជាបន្ទាប់ពីចូលរួមបាតុកម្មអហិង្សា និងព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គផ្សេងទៀត និងទីប្រាំ គឺករណីព្រះតេជគុណ ទឹម សាខន ពលរដ្ឋខ្មែរ (កម្ពុជា) តែត្រូវគេចាប់ផ្សឹក ហើយបញ្ជូនចូលគុកស្រុកយួន និងចោទប្រកាន់ថាជាជនជាតិយួន” ។
ព្រះតេជគុណ យឿង សិន ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជាបានមានសង្ឃដីកាទៅអ្នកស្រីភារៈធារី ស្ថានទូតអាមេរិកថា ព្រះអង្គមានសេចក្តីសោកសៅ និងសោកស្តាយឥតឧបមារចំពោះករណីព្រះតេជគុណ អៀង សុខធឿន និងព្រះតេជគុណ ទឹម សាខន ដែលទើបនឹងត្រូវសមត្ថកិច្ចកម្ពុជាចាប់ផ្សឹក និងបញ្ជូនទៅឲ្យរដ្ឋការយួនដាក់គុកទាំងកម្លៅ ។ ព្រះអង្គបានស្នើសុំឲ្យស្ថានទូតអាមេរិក ពិនិត្យមើលរបាយការណ៍ និងសំណើររបស់តំណាងបងប្អូនខ្មែរក្រោមឲ្យបានដិតដល់ ដើម្បីចាត់វិធានដាក់គំនាបរដ្ឋាភិបាលក្រុងហាណូយ ឲ្យចេះគោរពសិទ្ធិព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។
ចំណែកលោក យន្ត ថារូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្រ្តីខ្មែរកម្ពុជាក្រោម បានប្រាប់ពីលទ្ធផលក្រោយពីការជំនួបនឹងមន្រ្តីស្ថានទូតអាមេរិកថា “យើងខ្ញុំជាតំណាងខ្មែរក្រោម បានទៅជួបមន្រ្តីស្ថានទូតអាមេរិកកាំងកាលពីថ្ងៃទី ២ ខែតុលា ។ មុននេះ យើងខ្ញុំបានសរសេរលិខិត ស្នើសុំជួបឧបការី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកកាំង ក៏ប៉ុន្តែដោយសារលោកឧបការីអត់មានពេល ទើបមន្រ្តីស្ថានទូតអនុញ្ញាតឲ្យយើងខ្ញុំជួបកាលពីថ្ងៃទី ២ ខែតុលានេះ” ។ លោក យន្ត ថារូ បានបន្តថា គណៈប្រតិភូខ្មែរកម្ពុជាក្រោមក៏បានប្រាប់មន្រ្តីស្ថានទូតអាមេរិក អំពីករណីដែលបានកើតមានកន្លងមកនៅលើទឹកដីកម្ពុជាក្រោម ដូចជាការបំភិតបំភ័យ, ការរឹតត្បិតផ្នែកជំនឿសាសនា និងការបញ្ចេញមតិ ។ លោកបានថ្លែងទៀតថា ការជួបនឹងមន្រ្តីស្ថានទូតអាមេរិកនាពេលនោះ បានផ្តោតសំខាន់ទៅលើការស្នើសុំឲ្យមន្រ្តីស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ជួយធ្វើអន្តរា-គមន៍ ។ ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានលើកឡើងករណីព្រះតេជគុណ ទឹម សាខន ដែលត្រូវបានអាជ្ញាធរយួនចេញលិខិតដោះលែងពីពន្ធនាគារ តែបែរជាមិនអនុញ្ញាតឲ្យព្រះអង្គវិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញ និងគំរាមកំហែងបង្ខំឲ្យព្រះអង្គធ្វើលិខិតសុំរស់នៅជាជនជាតិយួន សុំដីធ្លី និងរៀបការប្រពន្ធយួនទៀត ។
ក្នុងជំនួបអស់រយៈពេលមួយរសៀលនោះ មន្រ្តីស្ថានទូតអាមេ
រិកបានប្រាប់គណៈប្រតិភូតំណាងបងប្អូនខ្មែរក្រោមថា កិច្ចការទាំងអស់នេះ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញមិនអាចជួយដោយផ្ទាល់បាន
ទេ ។ ប៉ុន្តែអាចយកព័ត៌មានទាំងអស់នេះរាយការណ៍ ទៅរដ្ឋាភិបាល
អាមេរិក ប្រចាំនៅអង្គការសិទ្ធិមនុស្សអាស៊ាន និងប៉ាស៊ីហ្វិក ។ មន្រ្តីសហរដ្ឋអាមេរិកបានប្រាប់គណៈប្រតិភូខ្មែរក្រោមទៀតថា ហេតុការណ៍ទាំងអស់នោះបានកើតឡើងនៅក្នុងប្រទេសយួន តែបើព្រឹត្តិការណ៍ណាកើតឡើងនៅក្នុងប្រទេសកម្ពុជា ស្ថានទូតនឹងជួយធ្វើអន្តរាគមន៍ ។ តែទោះជាយ៉ាងណា ស្ថានទូតអាមេរិកនៅតែសង្ឃឹមខិតខំជំរុញឲ្យរដ្ឋាភិ-
បាលកុម្មុយនិស្តក្រុងហាណូយ គោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។ ម្យ៉ាងទៀត មន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសន្យាថា នាពេលខាងមុខឆាប់ ៗ នេះ ស្ថានទូតអាមេរិកនឹងអនុញ្ញាតឲ្យគណៈប្រតិភូខ្មែរកម្ពុជាក្រោមជួបនឹងមន្រ្តីស្ថានទូតផ្ទាល់ ដើម្បីពិភាក្សាគ្នាពីរឿងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ៕.