ស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បើកកិច្ចប្រជុំប្រចាំឆ្នាំ ២០០៩ នៅថ្ងៃទី ១២-១៣ ខែធ្នូ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនេះ អធិបតីសហព័ន្ធខ្មែរកម្ពុជា ក្រោម លោក តោ គឹម ថុង បានផ្តល់បទសម្ភាសន៍អោយសារព័ត៌មាន ព្រៃនគរ ជុំវិញទិសដៅ នៃ ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ខ្មែរក្រោម ពីអាណានិគមយួន ដែលមាន សំណួរនិងចម្លើយដូចខាងក្រោម៖
សឺង សុជាតិ៖ តើកិច្ចប្រជុំប្រចាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជារៀងរាល់ឆ្នាំ ដើម្បីប្រយោជន៍អ្វី?
តោ គឹម ថុង៖ សហព័ន្ធខ្មែរកម្ពុជាក្រោម មានសមាជិកទូទាំងពិភពលោក ដែលចាំបាច់ត្រូវមាន ឱកាសពិគ្រោះគ្នាអំពីសកម្មភាពគ្រប់បែបយ៉ាង។ កិច្ចប្រជុំប្រចាំឆ្នាំគឺ ផ្តល់នូវផលប្រយោជន៍ឲ្យមេ ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលនៅជុំវិញពិភពលោក បានចូលរួមផ្សំប្រគុំយោបល់ កែទម្រង់ទិសដៅឲ្យ ស្របតាមស្ថានភាព និងធ្វើយ៉ាងណា ឲ្យសហព័ន្ធបានជឿនលឿនទៅមុខជាលំដាប់។
សឺង សុជាតិ៖ តើផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីអាណានិគមយួន មានសង្ឃឹម ដែរឬទេ? មានហេតុផលអ្វីជាគោលអាង?
តោ គឹម ថុង៖ នេះជាសំណួរមួយយ៉ាងពិសេស ហើយខ្ញុំជឿថាមានមនុស្សម្នាច្រើនទៀត ឆ្ងល់ដូច លោកដែរ។ សំណួរថាតើតំណើរដែលយើងកំពុងធ្វើនេះមានសង្ឃឹមទេ? ចម្លើយ អាចឆ្លើយបាន យ៉ាងខ្លីគឺ៖ មាន។
ចំពោះសំណួរថា តើមានហេតុផលអ្វីជាគោលអាង ចម្លើយឲ្យមានឡូហ្សីកនោះ ត្រូវតែវែក ញែកឲ្យវែងបន្តិច។
ជាដំបូងយើងត្រូវយល់ថា សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មានន័យ យ៉ាងណាសិន។ ពាក្យមួយឃ្លានេះ បានក្លាយទៅជាប្រធានបទមួយ ដែលបំផុសអារម្មណ៍អ្នកកវី តែងជាកំណាព្យ និងជម្រុញស្មារតីអ្នកជាតិនិយម ហ៊ានស៊ូស្លាប់ ដើម្បីទាមទារ។ ពីដើមឡើយ ពាក្យថា សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង បានលោកប្រធានាធិបតីអាមេរិកាំង Woodrow Wilson និងមេដឹកនាំ សូវៀត Vladimir Ilyich Lenin ព្រមទាំងមនុស្សមួយចំនួនទៀត សម្តែងនៅ Versailles ក្រោយ សង្រ្គាមលោកទី១។ លោក Ho Chi Minh ក៏បានយកទ្រឹស្តីនេះ ជាមូលដ្ឋាន ដើម្បីទាមទារឯករាជ្យ របស់យៀកណាម ពីអាណានិគមបារាំង។ ប្រទេសទីម័រខាងកើត និងប្រទេសកូសូវ៉ូ ដែលទើបតែ បានឯករាជ្យ ក៏សំអាង ទៅលើគោលជំហរស្វ័យសំរេច (self-determination) នេះដែរ។
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ សមាជិក នៃអង្គការសហប្រជាជាតិ ចំនួន១៤៣ប្រទេស ដែលមានយៀកណាមផង បានអនុម័ត សេចក្តីប្រកាសពីសិទ្ធិជនជាតិដើម។ នៅត្រង់មាត្រទី៣ នៃសន្ធិសញ្ញានេះ បានចែងច្បាស់ថា “ជនជាតិដើម មានសិទ្ធិជ្រើសរើសស្ថានភាព នយោបាយ និង របៀបកសាង សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ដោយសេរី”។
ឥឡូវនេះ សិទ្ធិស្វ័យសម្រេច (self-determination) ត្រូវបានគេទទួលស្គាល់ ជាអនុសញ្ញា ឬប្រពៃណីនិយមអន្តរជាតិ ។
លទ្ធផលនៃការតស៊ូទាមទារសិទ្ធិនេះ នឹងអាចសម្រេចទៅជាបីបែប ៖
-១/ ជនជាតិដើម រួមរស់ ក្នុងរដ្ឋអំណាចអាណានិគម ប៉ុន្តែរដ្ឋអំណាចនោះ ត្រូវគោរពសិទ្ធិ សេរីភាពពេញលេញ គោរពយុត្តិធម៌ និងកិត្តិយសពូជសាសន៍នៃជនជាតិដើម។ តួយ៉ាង ដូចស្ថានភាព នៃជនជាតិ អ៊ីនឌាន នៅសហរដ្ឋអាមេរិក។
-២/ ជនជាតិដើម មានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង ជាស្វ័យភាព ប៉ុន្តែឋិតនៅក្រោម លក្ខ័ន្ធ របស់រដ្ឋអំណាចសហភាព (Federation or Union)។ តួយ៉ាងដូចស្ថានភាពនៃតំ បន់ នូណាវុត (Nunavut) នៅប្រទេសកាណាដា។
៣/ ជនជាតិដើម មានឯករាជ្យ ដាច់ដោយខ្លួនឯង ហើយធ្វើម្ចាស់ការពេញទី លើដែនដី របស់ខ្លួន។ តួយ៉ាងដូចស្ថានភាពនៃ កូសូវ៉ូ នៅប្រទេសយូហ្គូស្លាវី និង ទីម័រខាងកើត នៅប្រ ទេសឥណ្ឌូនាស៊ី។
ទស្សនៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង ដែលយើង សំដៅទៅយកនោះគឺអធិបតេយ្យភាព (Sovereignty)។ និយាយដោយសាមញ្ញគឺ ខ្មែរក្រោមត្រូវ មានសេរីភាព នឹងគ្រប់គ្រងវិស័យកសាងសង្គមជាតិខ្មែរក្រោមផ្ទាល់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ បង្គាបបង្គាប់ ឬសង្កត់ សង្កិន ពីយៀកណាម។ តាមប្រវត្តិសាស្រ្ត ដែនដីសណ្តទន្លេមេគង្គ មានពូជ ខ្មែរក្រោមជាម្ចាស់រាប់ពាន់ឆ្នាំមក មិនមែនដីទំនេរ ចាំដល់សតវត្សរ៍១៧ ឲ្យសាសន៍យួន ចូលមក ឆ្ការយកបន្តិចម្តងៗ ដូចយួនថានោះទេ។ ជាម្ចាស់ផ្ទះ យើងត្រូវតែមានសិទ្ធិរៀបចំផ្ទះសម្បែងរបស់ ខ្លួនដោយខ្លួនឯង។ រីឯការរៀបចំជារបៀបណានោះ ជារឿងមួយ ដែលត្រូវផ្តោតទៅលើលក្ខណៈ សម្បត្តិផ្សេងៗទៀត។
សហព័ន្ធខ្មែរកម្ពុជាក្រោម មានសង្ឃឹមថា យើងនឹងបានជោគជ័យ ដោយសំអាងលើសច្ចៈ ធម៍៣យ៉ាងគឺ មត៌កតស៊ូដ៏ម៉ឹងម៉ត់របស់ខ្មែរយើង ភាពជាម្ចាស់ដើមនៃដែនដីកម្ពុជាក្រោម និងច្បាប់ អន្តរជាតិ ស្តីអំពីសិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើម។
នៅពេលក្រោយ ខ្ញុំនឹងធ្វើការសន្និដ្ឋាន ជាពិស្តារថែមទៀតអំពីចំណោទ តើខ្មែរក្រោមអាច សង្ឃឹមថា វាសនារបស់យើងនឹងទៅជាយ៉ាងណា ក្នុង៥ឆ្នាំ ១០ឆ្នាំ ឬ១០០ឆ្នាំខាងមុខ។
សឺង សុជាតិ៖ តើចលនាតស៊ូ អហឹង្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃ បានផ្តល់ផលប្រ យោជន៍អ្វីខ្លះ ដល់ពលរដ្ឋខ្មែរក្រោម នៅក្នុងនិងក្រៅស្រុក?
តោ គឹម ថុង៖ ចលនាតស៊ូអហឹង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គិតទល់សព្វថ្ងៃ បានផ្តល់ផល ប្រយោជន៍ធំណាស់ ដល់ពលរដ្ឋខ្មែរក្រោម នៅក្នុងនិងក្រៅស្រុក ៖
១/យើងបានបង្ហាញមេរៀនមួយឲ្យអ្នកកាន់អំណាចយួនថា ទោះជាគាត់ប្រើពីធី បោកប្រាស់ ព្រៃ ផ្សៃ ឬសាហាវឃោរឃៅយ៉ាងណាក៏ដោយ កម្លាំងតស៊ូរបស់ខ្មែរជាពូជអ្នកកសាងអង្គរ នៅតែមាន បន្តយ៉ាងមុះមុតជានិច្ចកាល។ អាស្រ័យហេតុនេះយួនត្រូវផ្លាស់ប្តូរនយោបាយចំពោះខ្មែរ។
២/ យើងបានធ្វើឲ្យអន្តជាតិ គេស្គាល់ខ្មែរក្រោមជានរណា ហើយថែមទាំង បានបំផុសឲ្យបរទស
មកជួយយើង កាន់តែច្រើនឡើងៗ។ សម័យកាលដែលយួនចាប់ខ្មែរដាក់គុក ឬកាប់សម្លាប់តាមអំ ពើចិត្ត មិនអាចប្រព្រឹត្តបានទៀតឡើយ ពីព្រោះយើងមានសហគមអន្តជាតិ ជួយការពារ។
៣/ យើងបានធ្វើឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួន ត្រូវបង្ខំចិត្តបែរមកលួងលោមជនរួមជាតិយើង ដែលរស់នៅលើមាតុភូមិ ដោយមានការយកចិត្តទុកដាក់ បន្តិចបន្តួច ក្នុងជីវភាពប្រចាំថ្ងៃ។
បើយើងងាកមើលទៅក្រោយបន្តិច យើងនឹងឃើញច្បាស់ នូវផលប្រយោជន៍ ដែលយើង បានធ្វើ។ យួនគេបានសង្ឃឹមថា ផែនការរំលាយពូជសាសន៍ខ្មែរទាំងមូល របស់គេ ត្រូវសម្រេច សព្វគ្រប់ តាំងពីឆ្នាំ ១៩៧៥ម្ល៉េះ គឺជនជាតិខ្មែរក្រោម ត្រូវប្រែក្រឡាយ ទៅជា ដុង-បាវ-យ៉ឹន-តុក (Đồng bào dân tộc) និងប្រាសាទអង្គរវត្ត ទៅជា ដេ-ធាន-ដេ-ធិច (Đế Thiên Đế Thích)។ អ្វីដែលយួនមិនស្មានដល់គឺ ការរលំរលាយរបបលិទ្ធិកុម្មុយនីស្តអន្តរជាតិ និងការតស៊ូ ដ៏ខ្លាំងក្លា របស់ប្រជាជាតិខ្មែរ ដែលធ្វើឲ្យរដ្ឋាភិបាលហាណូយបរាជ័យ។
សឺង សុជាតិ៖ តើសហព័ន្ធខ្មែរកម្ពុជាក្រោម បច្ចុប្បន្ន មានរដ្ឋាភិបាល, ប្រទេស ឬអង្គការអន្តរជាតិ ណាមួយគាំទ្រដែរទេ?
តោ គឹម ថុង៖ ច្បាប់សិទ្ធិជនជាតិដើម ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០០៧ រួមនិងសេចក្តីប្រកាសជា សកល នៃច្បាប់សិទ្ធិមនុស្សនោះ បានបញ្ជាក់ថា ការទាមទារកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន ឯង របស់ខ្មែរក្រោម មានច្បាប់គាំទ្រគ្រប់គ្រាន់ ពីបណ្តាប្រទេសហត្ថាលេខី។ ដោយឡែកពីឆ្នាំទៅ ករណីចម្បងៗគួរកត់សម្គាល់ គឺសេចក្តីថ្លែងការណ៍របស់សភាអឺរ៉ុប និងរបាយការណ៍របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សថ្កោលទោស ចំពោះការរំលោភសិទ្ធិរបស់យួន មកលើខ្មែរក្រោម។ សហព័ន្ធក៏ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេស ដែលផ្តល់ជំនួយឲ្យ ឬ ធ្វើវិនិយោគនៅប្រ ទេសយៀកណាម។ ក្រៅពីនោះ មានអ្នកជំនាញការផ្នែកច្បាប់អន្តរជាតិ និងអ្នកស្រាវជ្រាវប្រវត្តិ សាស្រ្តជាច្រើន បានស្ម័គ្រចិត្តមកជួយប្រឹក្សា ថ្នាក់ដឹកនាំរបស់សហព័ន្ធ។ មានបណ្ឌិតជនជាតិ អ៊ីតាលី អង់គ្លេស Singapore និងអាមេរិក បានសហការ ជាមួយយើង រៀបរៀងបោះពុម្ភសៀវភៅ មួយក្បាល ជិត៣០០ទំព័រ បញ្ជាក់អំពី អធិបតេយ្យភាព របស់ខ្មែរក្រោមលើដែនដីកម្ពុជាក្រោម។
សឺង សុជាតិ៖ តើផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់ឆ្នាំ២០១០ មានទិសដៅអ្វីខ្លះ?
តោ គឹម ថុង៖ ផែនការសម្រាប់ឆ្នាំ២០១០ ផ្តោតលើចក្ខុវិស័យសហព័ន្ធគឺ ផែនការដំ ណើរឆ្ពោះទៅកាន់មាតុភូមិ ដែលមាន ៖
១- កិច្ចការអន្តរជាតិ
២- កិច្ចការនៅកម្ពុជា
៣- កិច្ចការនៅកម្ពុជាក្រោម។
អត្ថបទសារពត៌មាន ព្រៃនគរ.