តើអ្នកណាជាម្ចាស់?

ដោយ៖ ថាច់ សាវ៉ាន់/VOKK
ពិភពលោកសព្វថ្ងៃនេះ ហាក់ដូចជារួញតូចទៅៗ ជារៀងរាល់ថ្ងៃ។ រឿងកម្មសិទ្ធិដីធ្លីក៏កំពុងតែ ត្រូវបានគេលើកមកនិយាយជាញឹកញាប់ដែរ ។ នៅក្នុងបណ្តាប្រទេសដែលកំពុងអភិវឌ្ឍ រឿងកម្មសិទ្ធិ ដីធ្លីត្រូវបានគេមើលឃើញថាជារឿងមួយដ៏ក្ដៅគគុក ជាប្រធានបទមួយត្រូវបានគេយកមកពិភាក្សា វែកញែករកហេតុផល ហើយត្រូវមជ្ឈដ្ឋានពត៌មាននានាយកមកផ្សព្វផ្សាយយ៉ាងទូលំទូលាយជារៀង រាល់ថ្ងៃផងដែរ ។
ព្រះរាជាណាច័ក្រកម្ពុជាសព្វថ្ងៃនេះមានផ្ទៃដីប្រមាណជាងមួយរយប៉ែតសិបមួយពាន់គីឡូម៉ែត្រ ក្រឡា ប្រជាជនមានប្រមាណដប់បួនលាននាក់ អត្រាចំនួនមនុស្សទៅនឹងផ្ទៃដី ឃើញថាមិនទាន់ ចង្អៀតចង្អល់ណាស់ណានោះទេ បើប្រៀបទៅនឹងបណ្ដាប្រទេសជិតខាង មានប្រទេសវៀតណាម ជាដើម ព្រោះប្រទេសសារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃនេះគឺឆ្នាំ២០១១ដែលមានផ្ទៃដី ប្រមាណ៣រយ៣០ពាន់គីឡូម៉ែត្រក្រឡា ប្រជាជនមានប្រមាណ៩០លាននាក់នោះ ។ថ្វីដ្បិតតែប្រទេស កម្ពុជាមិនទាន់ចង្អៀតចង្អល់ក៏ដោយ ក៏មិនខ្វះទេរឿងដែលដណ្ដើមគ្នាកាន់ក្ដាប់ធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លី នេះ ដែលជាហេតុបណ្ដាលឱ្យមានការប៉ះទង្គិចគ្នារវាងភាគីនានា នាំឱ្យទុក្ខសោកជាច្រើនកើតមាន ដល់ប្រជាជាតិខ្មែរ ជារៀងរាល់ថ្ងៃ។ កុំថាឡើយតែសហគមន៍ជាតិនៅក្នុងស្រុក សូម្បីតែអង្គការក្រៅរដ្ឋា ភិបាល នៅក្រៅប្រទេសមួយចំនួនក៏មានការព្រួយបារម្ភផងដែរ។
នៅក្នុងរឿងដីធ្លីនេះដដែល បើយើងក្រឡេកមើលឱ្យឆ្ងាយជាងនេះបន្តិចទៀត គឺមានការ ប្រជែងប្រណាំងខ្នាតអន្តរជាតិមួយ ដើម្បីដណ្ដើមគ្នាកាន់កាប់គ្រប់គ្រងតំបន់ប្រជុំកោះសប្រែតលី (spratlys)ដែលយួនហៅថា ទ្រឿងសា(Truong Sa) រវាងបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់វិវាទ ដែលមានព្រំដែនទឹកជាប់នឹងប្រជុំកោះទាំងនេះ។ការប្រជែងដណ្តើមគ្នានោះ ជាព្រឹត្តិការណ៍មួយ ធ្វើឱ្យពិភពលោក មានការព្រួយបារម្ភ ខ្លាចក្រែងមានអំពើហិង្សាយោធាមួយ អាចកើតមានឡើង បង្កអសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកនេះ។ក្នុងចំណោមអ្នកប្រជែងទាំងនោះ គេឃើញគូប្រជែង ដែលបានប្រើសម្ដីធ្ងន់ៗដាក់គ្នាជាងគេនោះ គឺវៀតណាមនិងចិន។ ប្រជាជននៃប្រទេសទាំងពីរ ជួលកាលបានបញ្ចេញកាយវិការខ្លាំងៗ ជាពិសេសប្រជាជនវៀតណាម ទាំងអ្នកនៅក្នុងស្រុក ទាំងអ្នកនៅក្រៅប្រទេស បានខំទាញយកហេតុផលផ្សេង មានភ័ស្ដុតាងប្រវត្តិសាស្ត្រជាដើម មកបញ្ជាក់ថា ប្រជុំកោះសប្រែតលីមានកោះមួយចំនួនជាទឹកដីរបស់ខ្លួន។ អ្នកប្រាជ្ញបញ្ញវ័ន្ត សិស្ស និស្សិត ព្រមទាំងប្រជាជនវៀតណាមមួយចំនួន បានធ្វើការជួបជុំគ្នានៅទីសាធារណៈ លើកទង់ សរសេរបដា ហែក្បួន បញ្ចេញមតិ ដើម្បីឱ្យរដ្ឋាភិបាលរបស់គេធ្វើអន្តរាគមន៍ដោះស្រាយបំភ្លឺ អំពីបូរណភាពដែនដីរបស់ពួកគេ។ ពួកគេបានចោទប្រកាន់ថា ពួកចិនបានបំពានលើអធិបតិយ្យ និងបូរណភាពទឹកដីរបស់វៀតណាម។ នៅឯប្រទេសចិន ក៏គេបានឃើញជនជាតិចិនមួយចំនួន បានបង្ហោះគំនិតរបស់ខ្លួនតាមគេហទំព័រនានា ដែលមានន័យដៀមដាមពីរឿងកម្មសិទ្ធិដីធ្លីនេះដែរ។
ចំណែករដ្ឋាភិបាលចិន សព្វថ្ងៃនេះ ក៏កំពុងតែខំសម្ដែងមហិទ្ធិឬទ្ធិខ្លាំងក្លាណាស់ដែរ ចាប់តាំង ពីពេលដែលលោក តាំង ជីវ ពិញ បានកែប្រែរបបនយោបាយប្រទេសចិន ហើយបានដឹកនាំសេដ្ឋកិច្ច ប្រទេសនេះតាមបែបផ្សារសេរី ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងជាលំដាប់។ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនត្រូវបានអ្នកសេដ្ឋកិច្ចមួយចំនួនផ្ដល់ឋានៈ ថាជាមហាអំណាច សេដ្ឋកិច្ចទីពីរនៅលើពិភពលោក ។
ដើម្បីរេរាំឱ្យសមទៅនឹងឋានៈរបស់ខ្លួន ចិនបានពង្រឹងពង្រីកខាងវិស័យយោធាគួរឱ្យកត់ សម្គាល់ផងដែរ រហូតដល់អ្នកវិភាគខ្លះ ចាត់ទុកថាជាការគំរាមកំហែងមួយនៅក្នុងតំបន់ ហើយអ្នក ដែលព្រួយបារម្ភជាងគេនោះគឺប្រទេសវៀតណាម។ ឯរដ្ឋាភិបាលវៀតណាមវិញ ពេលខ្លៈក៏បាន បញ្ចេញសកម្មភាព ជាការប្រតិកម្មស្រាលៗទៅនឹងប្រទេសធំចិននោះដែរ នៅពេលណាដែល មានការប៉ះទង្គិចគ្នា រវាងអ្នកនេសាទយួននឹងកងល្បាតសមុទ្រចិនបានកើតឡើង។ ទន្ទឹមនឹងប្រតិកម្ម ទន់ភ្លន់របស់រដ្ឋាភិបាលវៀតណាមទៅនឹងប្រទេសចិននោះ ប្រទេសនេះក៏កំពុងតែខិតខំប្រឹងប្រែង បញ្ចុះបញ្ចូលបណ្ដាប្រទេសមួយចំនួន ឱ្យគាំទ្រគោលជំហ៊ររបស់ខ្លួនក្នុងបញ្ហានេះដែរ។ ខាងវិស័យ យោធាវិញ វៀតណាមកំពុងតែស្វះស្វែងរកទិញគ្រឿងសព្វាវុធ យកមកបំពាក់ឱ្យកងទ័ពរបស់គេផង ដែរ ដើម្បីធ្វើកងទ័ពរបស់វៀតណាមឱ្យកាន់តែទំនើបឡើង ដែលគេជឿថាអាចវាយតប ទៅនឹង កងទ័ពបច្ចាមិត្រ ប្រសិនបើមានការប៉ះទង្គិចគ្នាណាមួយអាចកើតឡើងជាយថាហេតុ។
រឿងដណ្ដើមគ្នាធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីនេះ ប្រសិនបើបានក្លាយទៅជារឿងត្រីធំស៊ីត្រីតូច ត្រីតូចស៊ីត្រីល្អិតមែននោះ វាគឺជារឿងមួយអាចប៉ះពាល់យ៉ាងខ្លាំទៅលើប្រជាជាតិខ្មែរយើង ព្រោះជន រួមជាតិខ្មែរភាគច្រើន ជាអ្នកប្រកបរបរកសិកម្ម គឺជាមុខរបរ ដែលពឹងទៅលើដីស្រែដីចំការជាមូលដ្ឋាន ដែលខ្មែរយើងបានចាត់ទុកថាជាកេរមត៌កគ្រួសាររបស់គាត់។ ខ្មែរកម្ពុជាក្រោម កាលពីមុនឆ្នាំ១៩៧៥ ទោះបីបានត្រូវឆ្លងកាត់ទុក្ខលំបាកយ៉ាងច្រើន ក្នុងការការពារដីស្រែដីចំការ មិនឱ្យចោរស្រុកចោរព្រៃ ប៉្លន់យកពីខ្លួន ក៏មិនទាន់លំបាកដូចសព្វថ្ងៃនេះដែរ ព្រោះយ៉ាងហោចណាស់ គ្រួសារខ្មែរយើងអ្នកដែល ក្រីក្រ នៅតែមានដីស្រែដីចំការមួយហិកតាឬពីរហិកតាគ្រាន់ធ្វើចិញ្ចឹមគ្រួសារដែរ ចំណែកឯគ្រួសារ ដែលធូរធានោះ មិនបាច់និយាយទេ គឺប្រាកដណាស់ ពួកគាត់មានដីស្រែដីចំការរាប់សិបហិកតា ហើយមានអ្នកខ្លះទៀត មានដល់ទៅរយហិកតាឯណោះ។ ក្រោយថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ ដែលយួនគេនិយមហៅថាថ្ងៃ‹រំដោះ›នោះគឺខ្មែរក្រោមអស់ដីស្រែហើយ។ តើគេរំដោះអ្វី? រំដោះពីអ្នកណា? បើសព្វថ្ងៃនេះ ខ្មែរបានក្លាយជាកម្មករ ឯយួនបានក្លាយជាម្ចាស់ដីស្រែទៅវិញ តាមការពិតទៅ ពួកយួនដែលមកដល់ដែនដីសណ្ដរនៃដងទន្លេមេគង្គនេះ ពួកគេមិនបានយក មកតាមជាមួយ នូវដីធ្លីស្រែចំការ សូម្បីតែមួយដុំក៏ឥតអង្គឺមានឡើយ។
នៅក្នុងរឿងម្ចាស់កម្មសិទ្ធិដីធ្លីដដែលនេះ ដូចបាននិយាយខាងលើខ្លះរួចមកហើយ បើប្រជាជនយួន គេអាចយកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខ្លះៗមកបញ្ជាក់ អំពីភាពស្របច្បាប់ ថាគេពិតជាម្ចាស់នៃដែនដីទាំងនេះបានមែននោះ តើខ្មែរយើងអាចមានលទ្ធភាពនេះដែរឬទេ? តាមពិតទៅដីទឹកនៅដដែល គឺវាមិនបាត់ទៅណាទេ អ្វីដែលបាត់នោះគឺសិទ្ធិសេរីភាពឯណោះវិញទេ ខ្មែរក្រោមយើងជាច្រើនកំពុងតែរស់នៅលើទឹកដីរបស់ខ្លួន តែខ្មែរយើងបានបាត់បង់សិទ្ធិសេរីភាព ជាច្រើន សូម្បីតែសិទ្ធិនិយាយថាខ្លួននេះជាខ្មែរក្រោមនោះ ក៏ត្រូវបានគេហាមឃាត់ដែរ ដោយយួនគេ ឱ្យហៅយើងថា ខ្មែរណាមបូទៅវិញ។
ថ្មីៗនេះ នៅលើពិភពលោក គេបានមើលឃើញថា នៅមានមនុស្សជាច្រើននៅលើសំបកផែនដី កំពុងតែរងទុក្ខ ព្រោះបាត់បង់សិទ្ធិសេរីភាពនេះឯង។ ហេតុនោះបានជាកាលពីថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០០៧ អង្គការសហប្រជាជាតិបានចេញសេចក្ដីប្រកាសមួយ និយាយអំពីសិទ្ធិជនជិតិដើម មានទាំងអស់៤៦មាត្រា ដែលជាភ្លើងពណ៌បៃតងមួយ ជាដំបូន្មានមួយ ដល់បណ្ដាជនខ្មែរក្រោមដ៏អភ័ព្វ ប្រមាណជាងប្រាំបីលាននាក់ឱ្យបានដឹងថា ជនទាំងអស់ដែលជាជនជាតិដើមនោះ មានសិទ្ធិសេរីភាព មានលទ្ធភាព អាចរស់នៅប្រកបទៅដោយសុភមង្គល ដូចជាមនុស្សជាតិនានា នៅជំវិញពិភពលោក នេះដែរ។ តាមប្រវត្តិសាស្ត្រ ខ្មែរក្រោមបានរស់រានមានជីវិត នៅលើទឹកដីដែលគេតែងហៅថា ជាដែនដីសណ្ដរនៃវាលរាបដងទន្លេមេគង្គខាងក្រោម ដែលខ្មែរយើងហៅថាដែនដីកម្ពុជាក្រោមនោះ ប្រាកដណាស់ មានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ជាក់អំពីសិទ្ធិសេរីភាពរបស់ខ្លួននេះ៕
ថ្ងៃទី៨ខែមិនា២០១២
ដោយ ថាច់ សាវ៉ាន់