តើខ្មែរគួរដើរពីទីងងិត ទៅរកពន្លឺ? ឬពីពន្លឺ ទៅរកទីងងិត?

ម្សិលមិញនេះ ទង់ជាតិនៃសាធារណរដ្ឋ ស៊ូដង់ខាងត្បូង បានត្រូវបង្ហូតឡើងជាលើក ទីមួយ នៅក្នុងទីស្នាក់ការធំនៃអង្គការសហ ប្រជាជាតិ ទីក្រុងញ៉ីវយ៉ក ហើយសាធារណរដ្ឋ ស៊ូដង់ ដែលបានប្រកាសឯករាជ្យថ្មីៗ ក៏ត្រូវ បានប្រកាសជាផ្លូវការ ជាសមាជិកទី ១៩៣ នៃ អង្គការសហប្រជាជាតិ។
វិលត្រឡប់មកទឹកដីកម្ពុជាក្រោម ដ៏កំសត់ របស់ប្រជាពលរដ្ឋខ្មែរ ជាងប្រាំបីលាននាក់ ដែលមាន ឈ្មោះថា ‹‹ខ្មែរក្រោម››ត្រូវបាន បារាំងកាត់ផ្តាច់ ដោយអយុត្តិធម៌បំផុត ទៅឱ្យ រស់នៅក្រោមនឹមដែករបស់ ប្រទេសយួន ដែលជាអ្នកចិញ្ចឹមចិត្តតំណត្រកូល ប្រុងរំលាយពូជសាសន៍ខ្មែរ គឺខ្មែរមានសភាពដូចកុក ដែលត្រូវដើរគេចចុះ ឡើងតាមប្រឡោះជង់ ដែលយួនដាក់កុកណាភ្លេចខ្លួនភ្លាមគឺត្រូវជាប់ជង់ ព្រោះជង់ មិនដែលភ្លេចកុកសោះឡើយ មានតែកុកទេ ដែលភ្លេចជង់។
ដោយជនជាតិខ្មែរមានគំនិតជាអ្នកសន្តិភាពនិយម រាប់រយឆ្នាំមកហើយ ខ្មែរក្រោមគិតតែនាំគ្នា ធ្វើស្រែចំការ បង្កើតភោគផលស្រូវសម្រាប់ចិញ្ចឹមគ្រួសារ  និងចិញ្ចឹមប្រជារាស្ត្រយួនស្ទើរតែទាំងអស់។ ពួកយួនដែលធ្វើដំណើរ គេចពីចិនមកពីទិសខាងជើង ក្រោយពីទន្រា្ទនយកប្រទេសចាមបានហើយ ក៏ជម្រុលមកលុកលុយឈ្លានពាន យកដីខ្មែរនៅជ្រោយសុវណ្ណភូមិ។ អ្នកឈ្លានពានទាំងនេះ មិនបាន ស្ពាយយកស្រែចំការមកជាមួយទេ គឺពួកគេមកផ្តុំគ្នារស់ម្តុំត្រង់នេះ ម្តុំត្រង់នោះ  ដល់ពេលដាំបាយ ក៏ កាន់ប្រាក់ទៅទិញអង្ករពីខ្មែរ ដែលវាល់លក់ ដោយរង្វាស់ជាលីត្រធ្វើពីដែករាងមូលដូចកំប៉ុង។ នៅខេត្ត ព្រះត្រពាំងក៏ដូចនៅទីដ៏ទៃ សូម្បីតែស្រែមួយអំពក ក៏យួនគ្មាន ហើយមិនដឹងជាគេធ្វើស្រែយ៉ាងដូចម្ត៉េច ផងទេ។ យួនចេះតែដាំបន្លែបន្តិចបន្តួចនៅកៀនផ្ទះ ហើយពេលត្រូវការអាចម៍គោធ្វើជី ក៏នាំគ្នាទៅរើស អាចម៍គោដែលគោខ្មែរជុះចោលតាមវាលស្រែនារដូវប្រាំង ព្រោះពួកនេះក៏មិនដែលមានគោក្របីដែរ។ ទុកជាយួនរស់ជារបៀបឆក់កណ្តៀតរហេមរហាមយ៉ាងនេះក្តី ក៏ជន ជាតិខ្មែរតែងសំដែងការរាក់ទាក់ ស្រឡាញ់រាប់អានចំពោះអ្នកចំណូលថ្មី  ដោយមិនបានដឹងថា នោះគឺល្បិច ពួកមាន់ព្រៃ ចូលមកកំចាយមាន់ស្រុកឡើយ។ គឺទាល់តែ ដល់បារំាងលើកទាំងដីប្រគល់ទាំងមនុស្ស ទៅឱ្យយួន ជិះជាន់តាមចិត្តយួន បិទសាលាលែងឱ្យរៀនភាសាខ្មែរជាតិខ្លួនឯង ឈរគោរពទង់ជាតិយួន ច្រៀងបទគោរពទង់ ជាតិយួន ទើបខ្មែរភ្ញាក់ខ្លួន តែវាយឺតពេលណាស់ទៅហើយ។ ជីវិតខ្មែរក្រោមត្រូវបានយួនឃុំគ្រងឱ្យរស់ក្នុងគុក ងងិតស្ល៊ុបគ្មានពន្លឺរស្មី ឱ្យធ្វើតែស្រែចំការសុំតែសុខ ដូចកង្កែបរស់ក្នុងអណ្តូង ឬដូចត្រីដែលគេប្រស់ទុក សម្រាប់ចាប់យកមកបរិភោគថ្ងៃណាក៏បាន ឬដូចរុក្ខជាតិផ្តាច់ផ្តឹលក្តិចត្រួយរំលើងប្ញស ហើយសម្លាប់  ដោយស្រោច ទឹកក្តៅ។ ពេលនេះ មកដល់ កុំថាឡើយ ដល់បានឃើញស្រមោលទង់ជាតិរបស់ខ្មែរក្រោម បានបង់ នៅអង្គការសហប្រជាជាតិដូចប្រទេស៊ូដង់ខាងត្បូង តែសូម្បីពិភពលោកទាំងមូល ក៏មិនបានដឹង អ្វីសោះ ថានៅក្នុងប្រទេវៀតណាម មានជនជាតិខ្មែរជាប់ជង់លង់អន្ទាក់រហូតជាងប្របីលាននាក់! ប៉ុន្តែខ្មែរក្រោម ក៏ជា ពូជមនុស្ស មានអារ្យធ៌ខ្ពស់ស្ទើរតែកំពូលគេក្នុងពិភពលោកនេះ ជាកូនចៅនៃ ស្ថាបនាករប្រាសាទសិលា ដ៏ល្បីល្បាញ មានសាកលវិទ្យាល័យតាំងតែពីសតវត្សរ៍ទី ១១ មិនចេះតែទ្រាំ ឱ្យពួកឈ្លានពានជិះជាន់ខ្លួន ជានិច្ចនោះទេ។ ឆ្លើយតប នឹងរបបជិះជាន់បំបិទសិទ្ធិសេរីភាពរបស់រដ្ឋបាលយួនពេលនេះ ដែលមនុស្សជាតិ ស្អប់ខ្ពើមសង្គ្រាមបង្ហូរឈាម ខ្មែរក្រោមក៏បានរកមធ្យោបាយអហឹង្សា បានជោគជ័យក្នុងការបញ្ចេញនូវទុក្ខកង្វល់ របស់ខ្លួន ឱ្យពិភពលោកទាំងមូលបានដឹងឮ  ដោយបាន ចូល ជាសមាជិកពេញសិទ្ធរបស់អង្គការ UNPO (The Unrepresented Nations and Peoples Organization) ឬអង្គការប្រជាជាតិ ដែលគ្មានតំណាង ហៅកាត់ថា អិនប៉ូ តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០១ មកទល់ពេលនេះ បាន ១០ឆ្នាំហើយ ហើយបានទាំង ចូលក្នុងគណអធិបតីទៀតផង។
ដោយក្នុងលោកនេះ មិនមែនមានតែ ១៩៣ប្រទេស ដូចអង្គការសហប្រជាជាតិបានទទួលស្គាល់ នោះទេ គឺមានប្រទេសតូចតាចច្រើនទៀត ដែលត្រូវប្រទេសធំៗក្តោបក្តាប់ជិះជាន់សង្កត់សង្កិន ដូចតួយ៉ាងទឹកដីកម្ពុជា ក្រោម ការសង្កត់សង្កិនរបស់រដ្ឋាភិបាលយួនដូច្នោះដែរ គឺហោចណាស់ ក៏មានចំនួន ជាងហាសិបទៀតដែរ។ ទឹកដីខ្មែរក្រោមដែលមានទំហ៊ំ ៨៩,០០០គីឡូម៉ែត្រក្រឡា  និងមានប្រជា ពលរដ្ឋចំនួន ៨,២៤០,០០០នាក់ បានត្រូវចុះក្នុងបញ្ជី UNPO រួចហើយ។
ភារកិច្ចរបស់អង្គការ UNPO នេះ គឺបំពេញចន្លោះរវាងប្រទេស ដែលមានរដ្ឋាភិបាល  និងប្រជាពលរដ្ឋ ដែលគ្មាន អ្នកតំណាង (ពោលឱ្យស្រួលស្តាប់គឺសំបុកឥតមេបា ដូចខ្មែរក្រោមជាដើម) គឺជាច្រកមួយ សម្រាប់ បើកទ្វារឱ្យសម្លេងបានឮឡើងក្នុងពិភពលោក ធ្វើឱ្យមនុស្សជាតិបានដឹងអំពីសិទ្ធិរបស់ខ្លួន ហើយអាចតវ៉ា ទាមទារសិទ្ធិនោះ  ដោយមធ្យោបាយអហឹង្សា ការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ស្វ័យសម្រេច ឬឯករាជ្យ គឺជាការដើរបណ្តោយខ្សែស្របជាមួយ នឹងអង្គការសហប្រជាជាតិ  និងអង្គការអន្តរជាតិនានា ហើយផ្សព្វផ្សាយព័ត៌មាននោះ ឱ្យបានឮ ដល់ពិភពលោកទាំងមូល។ នៅពេលនេះ រដ្ឋាភិបាលយួន កំពុងតែ អនុវត្តផែនការបំបិទភ្នែកត្រចៀកខ្មែរក្រោម  ដោយដើរដកទម្លាក់ថាសផ្កាយរណប មិនឱ្យខ្មែរក្រោម បានទទួល ព័ត៌មាន ឬចំហាយសិល្បៈវប្បធម៌អក្សរសាស្ត្រ ពីប្រទេសកម្ពុជា។  ដោយទង្វើនេះជាការផ្ទុយទាំងស្រុង នឹងសិទ្ធិ នៃការទទួលព័ត៌មាន ខ្មែរក្រោមទាំងអស់គ្នាត្រូវតែក្រោកឡើង ព្រមៗគ្នា បញ្ចេញមតិមិនយល់ស្រប ឱ្យពិភព លោកទាំងមូល បានដឹកឮ។ ថ្មីៗនេះ ក្នុងបេសកកម្ម ស៊ើបអង្កេតអំពីស្ថាភាពសិទ្ធិមនុស្ស នៅប្រទេសវៀតណាម អស់ថេរវេលាដប់ថ្ងៃ លោក ហ្គេយ ម៉ាក់ ឌូហ្គាល Gay MacDougall ដែលជាអ្នកជំនាញការ ផ្នែកជនជាតិភាគតិច បានរកឃើញ និងធ្វើរបាយការណ៏ អំពីស្ថានភាពខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ក៏ដូច ពួកម៉ុងតាញ៉ា គឺជាជនជាតិដែលក្រីក្របំផុត នៅក្នុងទឹកដីដែលយួនកំពុងកាន់កាប់ ហើយ និងមានគំនាប សង្កត់លើការថែររក្សា និងលើកដំកើង អក្សរសាស្ត្ររបស់ជនជាតិភាគតិចទាំងនោះផង។
ជាសារុបសេចក្តី មកទល់ពេលនេះ ទោះជាកម្ពុជាក្រោមមិនទាន់បានដោតទង់របស់ខ្លួន នៅលើលំហវេហា នៃអង្គការសហប្រជាជាតិ ក៏យើងជាខ្មែរក្រោមដែលបានស្គាល់រួចហើយ នូវរសជាតិជីវិត ប្រហែល នឹងទាសករ របស់ពួកឈ្លានពាន កំពុងតែធ្វើដំណើរពីទីងងិតទៅរកពន្លឺរស្មី ផ្ទុយពីប្រទេស និងរដ្ឋាភិបាលខ្លះ ហាក់ដូចជា កំពុងដឹកដៃប្រជាពលរដ្ឋរបស់ខ្លួន ពីទីកន្លែងភ្លឺទៅរករណ្តៅងងិត ឬជ្រោះ មរណៈ ដែលជាការគួរឱ្យស្តាយ និងតក់ស្លុតពន់ប្រមាណ គឺមិនបានគេចខ្លួនចេញពីជង់ ហើយបែរជា នាំគ្នាយក-ក ល អន្ទាក់ទៅវិញ។
ជយោ ខ្មែរក្រោមភ្ញាក់រព្ញក !

ដោយ៖ សឺង សម្រេច/VOKK

.