តួលេខ​អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ ​នៅ​ស្ពាន​កោះ​ពេជ្រ​ជា​ផ្លូវការ​មាន ៤៥៦​នាក់ ទីន ហ្សាការីយ៉ា

ថ្ងៃពុធ ២៤ ខែវិច្ឆិកា ២០១០ ដោយលោក ទីន ហ្សាការីយ៉ា វិទ្យុអាស៊ីសេរី ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​អនុប្រធាន​គណៈ កម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​ លើ​ឧបទ្ទវ ហេតុ​ នៅ​ស្ពាន​កោះ​ពេជ្រ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មាន​ចំនួន ៤៥៦​នាក់ និង​របួស​ចំនួន ៣៩៥​នាក់​ហើយ។ តួលេខ​នេះ​មាន​ការ​ខុស​គ្នា​ជាមួយ​តួលេខ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ។

លោក ផៃ ស៊ីផាន បាន​ពន្យល់​ចំពោះ​តួលេខ​ជា​បឋម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដែល​ថា មាន​មនុស្ស​ស្លាប់ ៣៧៩​នាក់ និង​របួស ៧៥៥​នាក់​នោះ​ថា គឺ​ជា​តួលេខ​ក្រៅ​ផ្លូវការ ដែល​គេ​បូក​សរុប​ពី​ខាង​មន្ទីរពេទ្យ​រដ្ឋ និង​តួលេខ​អ្នក​រង​គ្រោះ​បាន​ទៅ​ព្យាបាល​នៅ​តាម​ខែត្រ​រៀង​ខ្លួន។

សាស្ត្រាចារ្យ​មួយ​រួប​ឈ្មោះ មុំ ជុត ទទួល​បន្ទុក​ផ្នែក​រៀបចំ​សាកសព​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា បាន​ស្លាប់​ម្នាក់​ទៀត ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​ផ្ទះ​ភ្លាមៗ។

មន្ទីរពេទ្យ​រដ្ឋ​ដែល​ជួយ​សង្រ្គោះ​អ្នក​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​ កោះ​ពេជ្រ មាន​មន្ទីរពេទ្យ​ចំនួន​៨ ប៉ុន្តែ​មន្ទីរពេទ្យ​ដែល​មាន​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ថ្ងៃ​ ទី​២៤ ខែ​វិច្ឆិកា មាន​មន្ទីរពេទ្យ​ចំនួន​៤ ដូចជា​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ព្រះកេតុមាលា។

ចំនួន​សាកសព​ដែល​ស្លាប់​នៅ​ពេទ្យ​កាល់ម៉ែត មាន​ចំនួន ១៤៣​នាក់ ក្នុង​នោះ​មាន​មួយ​ចំនួន​ស្លាប់​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រី​ឯ​អ្នក​របួស​មាន ១៥៥​នាក់ ក្នុង​នោះ​ស្រី ៧៥​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត។

របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ហៅ​ថា ពេទ្យ​រុស្ស៊ី បាន​បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​មាន ១៤០​នាក់ ក្នុង​នោះ​ស្រី ៧៣​នាក់ ប្រុស ៦៧​នាក់ ប៉ុន្តែ​អ្នក​ស្លាប់​ទាំង​នេះ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​មុន​បញ្ជូន​ ដល់​មន្ទីរពេទ្យ រី​ឯ​អ្នក​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នេះ​មាន​តែ​ម្នាក់​ទេ។

វេជ្ជបណ្ឌិត តិច វេង នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ផ្នែក​សង្គ្រោះ​បន្ទាន់ បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​របស់​លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះ មក​ពី​ការ​ប្រជ្រៀត​គ្នា​រយៈ​ពេល​យូរ ហើយ​ថប់​ដង្ហើម។

ទាក់ទង​ទៅ​នឹង​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​កើត​មាន​កាល​ពី​យប់ ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ប្ដេជ្ញា​រក​មូលហេតុ​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នេះ។

ប៉ុន្តែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ផ្លូវការ​ណា​មួយ​អះអាង​អំពី​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​ឆ្លង​ទៅ​កោះ​ពេជ្រ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់​នោះ​នៅ​ឡើយ​ទេ។

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ការ​សន្និដ្ឋាន​ជា​បឋម​ថា ការ​ស្លាប់​នោះ​មក​ពី​ការ​រត់​ជាន់​គ្នា បើ​ទោះ​បី​ជា​ប្រភព​អ្នក​រង​គ្រោះ​មួយ​ចំនួន​បាន​អះអាង​ថា មាន​ការ​ឆក់​ខ្សែ​ភ្លើង មាន​ការ​ច្រាន​គ្នា​បណ្ដាល​ឲ្យ​ដួល​គរ​លើ​គ្នា ដោយសារ​មាន​ការ​ស្រែក​បំភ័យ​ថា ស្ពាន​បាក់​ជា​ដើម៕

.