តុលាការប្រជាជនវៀតណាមខេត្តមាត់ជ្រូក (An Giang) បានប្រកាសសាលក្រមឲ្យលោក ចៅ ហេន អាយុ ៥៧ឆ្នាំ ជាប់គុក ២ឆ្នាំ នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែមីនានេះ បន្ទាប់ពី លោក ចៅ ហេន ត្រូវបាន នគរបាលវៀតណាម ចាប់ដាក់គុកអស់រយៈពេលជាង ៣ ខែមក។ ការចាប់ខ្លួនលោក ចៅ ហេន ដាក់គុកនេះ បន្ទាប់ពីរូបលោក និងប្រពន្ធឈ្មោះ នាង ផួន (Neang Phuon) បានធ្វើគេហនិវត្តពីទីក្រុងបឹងកក់ ប្រទេសថៃ ទៅកាន់ផ្ទះរបស់ខ្លួន នៅក្នុងឃុំចៅឡាំង (Chua Lang) ស្រុកស្វាយទង (Tri Ton) ខេត្តមាត់ជ្រូក (An Giang) ដែនដីកម្ពុជាក្រោម កាលពីថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ បន្ទាប់ពី UNHCR ប្រចាំប្រទេសថៃ បដិសេធឋានៈជាជនភៀសខ្លួនរបស់ គ្រួសារលោក។ អ្នកស្រីនាងផួន ត្រួវជាប្រពន្ធរបស់ លោក ចៅ ហេន បានប្រាប់ សារព័ត៌មាន ព្រៃនគរ ប្តីរបស់គាត់ត្រូវបានតុលាការប្រជាជននៃបក្សកុម្មុយនិស្តវៀតណាម កាត់ទោសឲ្យជាប់គុក ២ឆ្នាំ ពីបទធ្វើអ្វីមួយ ដែលអាជ្ញាធរវៀតណាមចាត់ទុកថា «ធ្វើឲ្យខូចខាតសណ្តាប់ ធ្នាប់សាធារណៈ»។ អ្នកស្រីនាងផួន បានបន្តទៀតថា ក្នុងនៅក្នុងមន្ទីកាត់ទោសនោះ ប្តីរបស់ខ្លួន [លោក ចៅ ហេន] សន្លប់បាត់ស្មារតីជាច្រើនលើក និងសុខភាពរបស់លោក ចៅ ហេន មាន សភាពទ្រុឌទ្រោមយ៉ាងខ្លាំង សូម្បីប្រពន្ធ និងសាច់ញាតិរបស់ខ្លួន គាត់ចំណាំមិន បានផង ។ លោក ចៅ ហេន ជាអ្នកធ្លាប់បាន ដឹកនាំពលរដ្ឋខ្មែរក្រោមជាច្រើនគ្រួសារធ្វើបាតុកម្ម នៅខេត្តមាត់ជ្រូក ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាម សងដីកេរដូនតារបស់ខ្លួនមកវិញ តែត្រូវបានអាជ្ញាធរវៀតណាមចេញដីកាចាប់ខ្លួន ហើយបណ្តាលឲ្ យលោក និងគ្រួសារ បានភៀសខ្លួនទៅប្រទេសកម្ពុជា និង ប្រទេសថៃអស់មួយរយៈហើយបានសុំសិទ្ធិជ្រក កោននៅក្នុងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស ខ្លួន (UNHCR) តែត្រូវបានបដិសេធ៕