តុលាការកំពូល នៅម៉ោងជាង ១២ ថ្ងៃត្រង់នេះ ប្រកាសសម្រេចដោះលែងសកម្មកជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា តែបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យសើរើឡើងវិញ ។

ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានបើកសវនាការរយៈពេលជិត ៤ ម៉ោង ដោយស្តាប់ការលើកឡើងដាក់បន្ទុក និងដោះបន្ទុករបស់ភាគីពាក់ព័ន្ធ។
ចៅក្រមប្រកាសថា តុលាការកំពូល សម្រេចឲ្យអ្នកស្រីយ៉ោម បុប្ផានៅក្រៅឃុំ ហើយបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍វិញ ដោយសារសាលាដីការបស់សាលាឧទ្ធរណ៍កាលពីកន្លងទៅ មិនមានសំអាងគ្រប់គ្រាន់ក្នុងការកាត់ក្តី។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសវិញ ក្រោយពីបញ្ចប់សវនាការ ដោយរង់ចាំការដោះលែងនៅថ្ងៃបន្ទាប់។
នៅខាងក្រៅតុលាការកំពូល ពលរដ្ឋប្រមាណជា ៣០០ នាក់ រួមមានសហគមន៍ដីធ្លី និងព្រះសង្ឃផងបាន បានប្រមូលផ្តុំគ្នា ដើម្បីជំរុញឲ្យតុលាការកាត់ក្តីដោយយុត្តិធម៌ ដោះលែងអ្នកស្រីយ៉ោម បុប្ផា។
អ្នកស្រី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទា ទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ និងពិន័យជាប្រាក់សរុប ៦០ លានរៀល ចោទពីបទប្រើហិង្សាដោយចេតនា វាយអ្នក រត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស ។ ក្រោយមកសាលាឧទ្ទណ៍ប្តូរបទចោទអ្នកស្រីទៅជាបទផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរ កមិន ឃើញកំហុស និងសម្រេចឲ្យទទួលទោស ២ ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ ២០ លានរៀល ។
អ្នកស្រី យ៉ោម បុប្ផា មិនសុខចិត្ត នឹងសាលដីការបស់សាលាឧទ្ធរណ៍ ហើយបានដាក់បណ្តឹងសារទុក្ខ ទៅតុលាការ កំពូល បន្ត ។ លទ្ធផលនៃការសម្រេចរបស់តុលាការកំពូល ស្ថិតនៅក្នុងការសង្ស័យរបស់ក្រុមគ្រួសារ អ្នកស្រីយ៉ោម បុប្ផា និងអង្គការ សិទ្ធិមនុស្សនៅឡើយ ។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ឃុំ តែសកម្មភាពតវ៉ាដែលអ្នកស្រីធ្លាប់ដឹកនាំនោះ មិនបញ្ចប់ទេ គឺប្រជាសហគមន៍នៅតែ បន្ត តវ៉ា ដែលដឹកនាំដោយអ្នកស្រី ទេព វន្នី ។
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ប្រជាហគមន៍បឹងកក់ប្រមាណ ២០០ នាក់ បានដើរហែក្បួនជុំវិញ តុលាការកំពូលបីជុំ ក្នុង សំលៀក បំពាក់ស ដើរដោយជើងទទេ សូត្រធម៌ និងទូងស្គរផង ដើម្បីបន្ទន់ចិត្តឲ្យចៅក្រម ឲ្យសម្រេចក្តីដោយមិន ស្ថិតក្រោម សម្ពាធនយោបាយហើយ ផ្តល់យុត្តិធម៌ ពិតប្រាកដដល់អ្នក ស្រី យ៉ោម បុប្ផា ក្រុមគ្រួសារ ក៏ដូចជាប្រ ជា សហគមន៍បឹងកក់ ។
ករណីជម្លោះដីធ្លីនៅបឹងកក់ ក៏ដូចជាករណីចាប់អ្នកស្រី យ៉ោម បុប្ផា ឃុំ គឺអង្គការការពារសិទ្ធិមនុស្សទាំងជាតិ និង អន្តរជាតិ កំពុងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយ ឲ្យបានឆាប់ ដើម្បីបញ្ចប់ការឈឺចាប់របស់ប្រជាពល រដ្ឋដែលរង គ្រោះ ។
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទាមទារឲ្យតុលាការកំពូល កម្ពុជាដោះលែង អ្នកស្រី យ៉ោម បុប្ផា ដោយសំអាងថា អ្នកស្រីមិនមាន កំហុសទេ ។
អនុប្រធានអង្គការលើកលែងទោសអន្តរជាតិ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក លោកស្រី Isabelle Arradon ចាត់ទុកអ្នក ស្រី យ៉ោម បុប្ផា ជាអ្នកទោសមនសិការ រងការមួលបង្កាច់ពីបទល្មើសព្រហ្មទណ្ឌ ដែលតុលាការគប្បីដោះ លែងជា បន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ៕
រូបថត ពលរដ្ឋ និង ព្រះសង្ឃខ្មែរ ជាច្រើនរយអង្គ/រូប ធ្វើការតវ៉ាខាងមុខតុលាការកំពូលដើម្បីទាមទារ
ឱ្យមាន ការដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ដោយឥតលក្ខខណ្ឌ
នៅព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ។ រូបថត៖ VOA