អស់លោកអ្នកនាង និងប្រិយមិត្ត ជាទីមេត្រី វិទ្យុសំឡេងកម្ពុជាក្រោម និងសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងស្តុកតុន ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ាបាន ទទួលដំណឹងទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដោយលោក ម៉ី ង៉ាន ជាសកម្មជនគាំទ្រសហព័ន្ធ ខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងស្តុកតុន បានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ ទី ២១ សីហា វេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រ ដោយរោគាពាធ នៅមន្ទីរពេទ្យ Damron ទីក្រុងស្តុកតុន ក្នុងជន្មាយុ ៧៧ឆ្នាំ។ លោក ម៉ី ង៉ាម ជាសកម្មជនគាំទ្រសហព័ន្ធខ្មែរកម្ពុជា ក្រោម នៅទីក្រុងស្តុកតុន ដែលមានកូនក្នុងបន្ទុកគ្រួសារចំនួន ៦នាក់ គឺប្រុស ២នាក់ និងប្រុស៤នាក់។ កម្មវិធីបុណ្យបូជាសព ដែលនឹងប្រព្រឹត្តនៅថ្ងៃសុក្រទី ២៧ ខែសីហា នៅវត្ត ធម្មវរារាម ទីក្រុងស្តុកតុន នៅវេលាម៉ោង ៥ល្ងាច ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធសព និងពិធីប្រពៃណីសាសនា រួមទាំងនិមន្តព្រះសង្ឃចំរើន ព្រះបរិត្ត រួចឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធសព លោក ម៉ី ង៉ាម។ លុះដល់ថ្ងៃសៅរ៍ ទី ២៨ សីហា វេលាម៉ោង១ថ្ងៃត្រង់ ប្រារព្ធពិធីបុណ្យបូជាសពតាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធ សាសានា នៅឈាបដ្ឋាន FrenchCamp ទីក្រុងស្តុកតុន នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេ រិក។ ដំណឹងនេះចាត់ទុកជា សេចក្តីគោរព អញ្ជើញលោក លោកអ្នកស្រី និងញាតិមិត្តជិតឆ្ងាយ មេត្តាចូលរួមពិធីបុណ្យសព ឱ្យបានច្រើនកុះករ។ ការបាត់បង់ជីវិតលោក ម៉ី ង៉ាម ជាសកម្មជនគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក មានសេចក្តីសោកស្តាយ អាលោះអាល័យ ឥតឧបមា និងសូមចូលរួមរំលែកទុក្ខជាមួយ នឹងក្រុមគ្រួសារលោក ម៉ី ង៉ាម ដោយសេចក្តីទុក្ខក្រៀមក្រំបំផុត។ ពត៌មានបន្ថែម សូមទំនាក់ទំនងលោក លូ លីន ថាយ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ កាលីហ្វ័រញ៉ា ភាគខាងជើង តាមទូរស័ព្ទលេខ ៤០៨ ៣៩៦ ៣៤០៤, លោក ចៅ សី ទូរស័ព្ទលេខ ២០៩ ៩៨១ ៧៦៨៧ និងលោក ស៊ីម ហួត ទូរស័ព្ទលេខ ២០៩ ៣៣៧ ៨៦៦០ សូមអរគុណ និងអរព្រះគុណ។