ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះតេជព្រះគុណ យឿង តារា បានមានថេរដីកាប្រាប់វិទ្យុសម្លេងកម្ពុជាក្រោមនៅល្ងាចថ្ងៃទី២ ខែមីនានេះ ឲ្យបានដឹងថា លោកយាយឧបាសិកា យឿង ធីសើង ដែលជាញោមស្រីបង្កើតរបស់ព្រះអង្គបានទទួលអនិច្ចកម្មហើយកាលពីវេលាម៉ោង ២៖២០ ល្ងាច ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣នេះ។ លោកយាយឧបាសិកា យឿង ធីសើង កើតឆ្នាំ១៩៤៧ នៅភូមិកោះទុង ឃុំអានថាញ់ទីពីរ (Xa An Thanh Nhi) ស្រុកអណ្ដូងទឹក (Huyek Cu Lao Dung) ខេត្តឃ្លាំង កម្ពុជាក្រោម បានមានស្វាមី និងមានបុត្រធីតាចំនួន៦នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៤នាក់ ក្នុងនោះកូនប្រុសទាំងពីរនាក់បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនា។
ព្រះតេជព្រះគុណ យឿង តារា បានមានថេរដីកាឲ្យដឹងបន្តថា នៅពេលថ្មីៗលោកយាយឧបាសិកា យឿង ធីសើង ដែលជាញោមស្រីបង្កើតរបស់ព្រះអង្គ ព្រមទាំងអ្នកមីង ប្អូនស្រីពៅ និងប្អូនស្រីជីដូនមួយរបស់ព្រះអង្គ បានធ្វើដំណើរឡើងមកជួបសួរសុខទុក្ខព្រះអង្គនៅទីក្រុងភ្នំពេញអស់ជាច្រើនថ្ងៃ។ ព្រះអង្គក៏បានជូនដំណើរពួកគាត់ទៅកម្សាននៅរម្មណីយដ្ឋានជាតិជាច្រើនមានដូចជាប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងជុំវិញទីក្រុងភ្នំពេញ។ ពួកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតនៅឯកម្ពុជាក្រោមវិញ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ កន្លងទៅនេះ។ លុះទៅដល់ស្រុកកំណើតនៅឯកម្ពុជាក្រោម ស្រាប់តែគាត់មានអាការៈរោគឡើងឈាម និងដាច់សរសៃឈាមខួរក្បាល កូនៗរបស់គាត់ក៏បានម្នីម្នាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងព្រែកឫស្សី (Can Tho) ប៉ុន្ដែគ្រូពេទ្យដែលជាជនជាតិវៀតណាមនៅទីនោះគ្មានមធ្យោបាយសង្គ្រោះអាយុជីវិតគាត់បានឡើយ ក៏ប្រគល់លោកយាយឧបាសិកាឲ្យទៅកូនៗរបស់ដើម្បីបញ្ជូនត្រឡប់យកមកគេហដ្ឋានវិញ។ កូនៗរបស់គាត់ ក៏បានយល់ព្រមទទួលយកលោកយាយឧបាសិកាដែលកំពុងតែផ្ទុកទៅដោយជម្ងឺយ៉ាងធ្ងន់ធ្ងរប្រកបដោយក្ដីអស់សង្ឃឹមនោះត្រឡប់មកគេហដ្ឋានវិញទាំងក្រៀមក្រំ និងទុក្ខសោកដ៏ក្រៃលែង។ លុះការនាំខ្លួនរបស់លោកយាយមកដល់គេហដ្ឋានបានតែប៉ុន្មាននាទីប៉ុណ្ណោះ លោកយាយក៏បានលាចាកស្វាមី លាចាកកូន និងចៅៗ ព្រមទាំងលាចាកលោកនេះក្នុងជន្មាយុ៦៦ឆ្នាំ។
ព្រះតេជព្រះគុណ យឿង តារា ក៏បានមានថេរដីកាឲ្យដឹងផងដែរថា ពីអតីតកាលបើទោះបីជារូបញោមស្រីរបស់ព្រះអង្គមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រជូរចត់រវាងខ្មែរនិងយួនឬក៏ទេនោះ ព្រះអង្គក៏មិនបានដឹងច្បាស់ដែរ។ ក៏ប៉ុន្ដែគាត់បានចូលរួមការឈឺឆ្អាលជាមួយព្រះអង្គកាលពីពេលដែលព្រះអង្គកំពុងគង់នៅសិក្សានៅសាលាបាលីជាន់ខ្ពស់នាទីរួមខេត្តឃ្លាំង ហើយព្រះអង្គបានចូលរួមធ្វើបាតុកម្មជាមួយព្រះសង្ឃដែលជាសមណនិស្សិតជាច្រើនរយអង្គផ្សេងទៀតទាមទារសិទ្ធិសេរីភាពក្នុងការគោរព ប្រតិបត្តិព្រះពុទ្ធសាសនាពីអាជ្ញាធរវៀតណាម ខេត្តឃ្លាំង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧។ បន្ទាប់ពីព្រឹត្តិការណ៍ ៨ កុមុ្ភៈនោះមក ព្រះអង្គត្រូវបានគេបញ្ឈប់ការសិក្សា គម្រាបចាប់ផ្សឹកដើម្បីផ្តន្ទាទោស ព្រះអង្គក៏បានភៀសខ្លួនមកកម្ពុជារហូតដល់សព្វថ្ងៃនេះ។ ព្រះអង្គបានមានថេរដីកាបន្តថា លោកយាយឧបាសិកា យឿង ធីសើង ដែលជាញោមស្រីរបស់ព្រះអង្គបានបាក់ស្បាត ព្រួយបារម្ភ ខ្វល់ខ្វាយ និងកើតក្ដីទុក្ខព្រួយតាំងពីពេលនោះមក តែទោះយ៉ាងណា គាត់នៅតែគាំទ្រជានិច្ចចំពោះទង្វើរបស់កូនប្រុសរបស់គាត់អង្គនេះដែលបានធ្វើដើម្បីផលប្រយោជន៍សង្គម និងផលប្រយោជន៍ជាតិ។ បន្ទាប់ពីព្រះតេជព្រះគុណ យឿង តារា បានជាប់ឆ្នោតធ្វើជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជានោះមក គាត់នៅតែមានសេចក្ដីពេញចិត្តចំពោះបេក្ខភាពកូនរបស់គាត់។
ព្រះតេជព្រះគុណ ក៏បានមានថេរដីកាបន្ថែមទៀតថា ពេលដែលគាត់ឡើងមកជួបសួរសុខទុក្ខព្រះអង្គនៅភ្នំពេញ ព្រះអង្គក៏បានជម្រាបពីការងារសង្គមខ្មែរក្រោមនៅទីនេះ គាត់ក៏នៅតែសាទរជានិច្ច ហើយគាត់ក៏បានមានប្រសាសន៍យ៉ាងខ្លីថា “មានតែយើងទេដែលធ្វើការងាររបស់យើង គ្មាននរណាគេមកឈឺឆ្អាលជួយធ្វើការងារយើងជំនួសយើងឡើយ”។
បច្ចុប្បន្នសពរបស់លោកយាយឧបាសិកា យឿង ធីសើង កំពុងត្រូវបានកូនចៅប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅឯគេហដ្ឋានលេខ១៦១ ភូមិកោះទុង ឃុំអានថាញ់ទីពីរ ស្រុកអណ្ដូងទឹក ខេត្តឃ្លាំង កម្ពុជាក្រោម។ រីឯព្រះតេជព្រះគុណ យឿង តារា ដែលកំពុងតែគង់នៅឯភ្នំពេញ ស្រមពេលដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមកំពុងប្រារព្ធពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យទ្រទ្រង់សមណនិស្សិតផងដែរនោះ ព្រះអង្គមិនអាចនិមន្តទៅចូលរួមពិធីបុណ្យសពញោមស្រីរបស់ព្រះអង្គបានឡើយ ម្យ៉ាងក៏បារម្ភពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរយួនផងដែរ ហើយព្រះអង្គក៏មិនទាន់មានគម្រោងធ្វើបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធញោមស្រីរបស់ព្រះអង្គដោយប្រយោលនៅឯភ្នំពេញនេះដែរ។ តែព្រះអង្គបានបញ្ជាក់ថា ប្រហែលជាព្រះអង្គនឹងពឹងអាស្រ័យសហការីមួយរូបដើម្បីនាំយកបច្ច័យចូលរួមក្នុងពិធីបុណ្យសពញោមស្រីរបស់ព្រះអង្គ។
វិទ្យុសម្លេងកម្ពុជាក្រោម សូមថ្វាយបង្គំប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនប្រីយមិត្តអ្នកស្ដាប់បានជ្រាបថា បើព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រីយមិត្តអ្នកស្ដាប់ មានបំណងចង់ចាប់មគ្គផលជាមួយព្រះតេជព្រះគុណ យឿង តារា ដែលជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា ក្នុងឱកាសបុណ្យឈាបនកិច្ចសពញោមស្រីរបស់ព្រះអង្គ សូមនិមន្ត និងអញ្ជើញទាក់ទងព្រះអង្គផ្ទាល់ នៅកុដិលេខ១៧ វត្តបទុមវតី សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតារយៈលេខទូរសព្ទ ០១១ ៥៦ ៨១ ២០។
គឹម បុរី VOKK