ឈានចូលពុទ្ធសករាជ ២៥៥៦ វត្ត នៅខេត្តព្រះត្រពាំងបើកបវេសនកាល ឆ្នាំសិក្សាថ្មី

ដោយ សឺង មាលា l សារព័ត៌មាន ព្រៃនគរ

​សមណសិស្សខ្មែរក្រោម នៃសាលាពុទ្ធិកៈមធ្យមសិក្សា កម្រិតបឋមភូមិ និង ទុតិយភូមិ នៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង បានចាប់ផ្ដើមបើកបវេសនកាល ឆ្នាំសិក្សា ព. ស. ២៥៥៦ នៅថ្ងៃនេះ ក្រោមការចាត់ តាំងរបស់សមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុក និង ខេត្ត នៃខេត្ត ព្រះត្រពាំង ។

ព្រឹកថ្ងៃអាទិត្យ ០១ ខែវិសាខ ឆ្នាំ រោង ចត្វាស័ក ព្រះពុទ្ធសករាជបានឈានចូល ២៥៥៦ ត្រូវ នឹងថ្ងៃទី ០៦ ខែឧសភា នេះ គណៈកម្មការវត្តនានា នៅក្នុង ខេត្តព្រះត្រពាំង បានបើកកម្មវិធីជួប ជុំរវាងសមណសិស្ស និងគ្រូបង្រៀន ដើម្បីចាប់ផ្ដើមបើកវគ្គសិក្សាថ្មី ប្រចាំ ព. ស. ២៥៥៦ ដូច រៀងរាល់ឆ្នាំដែរ ។

រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ ១៤ កើត ខែវិសាខ សមណសិស្សដែលបានចុះឈ្មោះនៅក្នុងសមាគមសង្ឃ ដើម្បី បន្តការសិក្សាភាសាបាលីនោះ តែងតែត្រូវបាននិមន្តចេញពីវត្តមួយទៅវត្តមួយ ដើម្បី បានចូលសាលារៀននៅថ្ងៃ ១ រោច ខែវិសាខ តាមការបញ្ជូនរបស់សមាគមសង្ឃ ។

កម្មវិធីសិក្សានេះ ថ្នាក់ពុទ្ធិកអនុវិទ្យាល័យ សមណសិស្សត្រូវរៀនរយៈពេល ៤ ឆ្នាំ និងថ្នាក់ពុទ្ធក វិទ្យាល័យ សមណសិស្សត្រូវរៀនរយៈពេល ៣ ឆ្នាំ ថែមទៀត ដែលទាំងសរុបទាំងអស់រយៈពេល ៧ ឆ្នាំទើបចប់កម្មវិធីសិក្សា ភាសាបាលី នៅក្នុងខេត្តមួយនេះ ។  វិញ្ញាសាដែលត្រូវលើកយកមក សិក្សាក្នុងថ្នាក់ទាំង ២ កម្រិតនេះ មានដូចជា វិញ្ញាសា ពុទ្ធប្រវត្តិ , វេយ្យាករណ៍បាលី , ប្រែបាលី លោតប្រយោគធម្មបទដ្ឋកថា, ប្រែលោតប្រយោគបាលី មង្គលត្ថទីបនី , ព្រះវិន័យ, ព្រះបាដិមោក្ខ និង គណិតវិជ្ជា ជាដើម ។

យោងតាមរបាយការណ៍របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង ថា ពីមួយឆ្នាំ ទៅមួយឆ្នាំ ចំនួនសិស្សចេះតែថយចុះៗគួរឲ្យព្រួយបារម្ភ ៕

ខាងក្រោមជារូបថតសិស្សានុសិស្ស , សមណសិស្ស , គណៈកម្មការវត្ត និងគ្រូបង្រៀននៃវត្តគង ជ័យរឹងឫទ្ធិស័ក (ផ្នោកំបុត) ឋិតនៅក្នុងស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បើកបវេសនកាល ឆ្នាំ សិក្សា ព. ស. ២៥៥៦ នៅថ្ងៃ ទី ០៦ ខែឧសភា ឆ្នាំ ២០១២ នេះ ។