ខ្ញុំសូមអនុញាតបង្ហាញជូន ខ្លួនខ្ញុំឈ្មោះ ថាច់វៀង អធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម។ សហការី របស់ខ្ញុំ មានលោកតូម៉ា ឃួន ជាប្រធានយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមទ្វីបអឺរ៉ូប។ នៅក្បែរនោះ គឺអ្នកនាង អាណា បួតុង ជាសហការី និងជាអនុប្រធានគម្រោង មកពីអង្កការ UNPO។ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដែលបានអនុញាតឲ្យខ្ញុំមានឳកាសលាតត្រដាងជូន នូវបញ្ហាដ៏សំខាន់ ដែលជនរួមជាតិខ្មែរក្រោម របស់ខ្ញុំ រងទុក្ខលំបាកនៅទឹកដីកម្ពុជាក្រោម ដោយសារអំពើរំលោភបំពាន លើសិទ្ធិសេរីភាព ពីសំណាក់ រដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀតណាម។
កម្ពុជាក្រោមជាអតីតឥណ្ឌូចិនបារាំង នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន។ ទឹកដី នោះបានត្រូវនៅក្រោមអាណានិគមប្រទេសបារាំង ពីឆ្នាំ១៨៦២ ដល់ឆ្នាំ១៩៤៩ ហើយបានត្រូវប្រគល់ទៅឲ្យ ប្រទេសវៀតណាមនៅឆ្នាំ១៩៤៩ រហូតមកដល់សព្វថ្ងៃនេះ។ មុននឹងធ្លាក់ទៅក្រោមអាណានិគមបារាំង កម្ពុជាក្រោមជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ពាក្យថា ក្រោម គឺមានន័យថា ទំនាប ជាភាសាខ្មែរ។ ទឹកដីនេះមានទំហ៊ំ ៦៧.០០០គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋខ្មែរក្រោមប្រហែលជា៨លាននាក់រស់ នៅ។ ខ្មែរក្រោមជាកសិករមានកំណើតដើមនៅទីនោះ ដែល៩០%ជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ។ ខ្មែរក្រោមបានក្លាយទៅជាជនដ៏ក្រីក្របំផុត នៅលើដែនដីសន្តរនៃទន្លេមេគង្គ ដោយសារនយោបាយ វៀតណាមូបនីយកម្មដ៏គំហុករបស់ លោកប្រធានាធិបតី ង៉ូ ឌិន យីម និងប្រធានាធិបតី ង្វៀង វ៉ាន់ធីវ រហូតមកដល់របបកុម្មុយនីស្តបច្ចុប្បន្ន។
នៅក្នុងជំនួបនេះ ខ្ញុំសូមដាក់ជូនលោក នូវឯកសារសំណើ ដែលមានដូចតទៅនេះ :
១- របាយការណ៍របស់លោកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមាន:
ក)-សិទ្ធិនៃកិច្ចប្រតិបត្តិដោយសេរី នូវព្រះពុទ្ធសាសនាថេរវាទ;
ខ)- សិទ្ធិក្នុងការសិក្សា;
គ)- បញ្ហាបរិស្ថាន និង
ឃ)- ការអង្វរករបស់យើង សូមឲ្យលោកជួយ។
ក្នុងបរិបទនៃសិទ្ធិចំពោះការសិក្សា ខ្ញុំបានឮថា សហភាពអឺរ៉ូបបានអនុវត្តគម្រោងមួយ ឈ្មោះថាអេរ៉ាស្ម៊ូស ម៉ុនឌូស ដែលមានគោលដៅធ្វើឲ្យរីកចំរើន នូវគុណភាពផ្នែកឧត្តមសិក្សានៃសហគមន៍អឺរ៉ូប និងឲ្យ បង្កើនកំរិតនៃការយល់ដឹងចំពោះអន្តរវប្បធម៌ ដែលនឹងផ្តល់អាហារូបករណ៍ចំពោះបណ្តាសិស្សក្នុងប្រទេស នានានៃអាស៊ីអគ្នេយ៍ ក្រោយបានបញ្ចប់ការសិក្សា។ ក្នុងក្របខណ្ឌនេះ ខ្ញុំសូមឲ្យលោកស្នើទៅរដ្ឋាភិបាល វៀតណាម ឲ្យទទួលយកជនជាតិដើមភាគតិចខ្មែរកម្ពុជាក្រោម ក្រោយបានបញ្ចប់ការសិក្សា ដើម្បីឲ្យពួកគេ មានភព្វសំណាង បានទទួលការសិក្សានេះផង។
២. សំណូមពររបស់យើងខ្ញុំ សូមលោកមេត្តាជួយចំពោះលោក ចៅ ហេន ដែលមានជម្ងឺជាទម្ងន់ ក្រោយដែលបានទទួលទារុណកម្ម ពេលជាប់នៅក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសវៀតណាមនោះ ឲ្យបាន ទទួលជំនួយជាការព្យាបាល និងជំនួយផ្សេងទៀត សម្រាប់រូបគាត់ផ្ទាល់ និងក្រុមគ្រួសារផង។
៣. សំណូមពររបស់យើងខ្ញុំ ចំពោះប្រទេសនានានៃសហគមន៍អឺរ៉ូប ក្នុងការបន្តកិច្ចគាំទ្រ ចំពោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបេក្ខភាពចូលជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច នៃអង្គការសហ- ប្រជាជាតិ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីយើងខ្ញុំអាចមានលទ្ធភាពការពារបានកាន់តែល្អ ចំពោះ ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ដោយហេតុថា នៅខែកក្កដាកន្លងទៅនេះ សហព័ន្ធខ្មែរ កម្ពុជាក្រោមមិនបានទទួលលទ្ធផលល្អទេ ដោយសារអន្តរាគមន៍ឃារឃាំងពីប្រទេសវៀតណាម។
ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១២ មានអភូតហតុកើតមានចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយគណ-កម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច មានចន្លោះប្រហោងដោយសារការគាបសង្កត់របស់វៀតណាម មិទទួលយក សមាជិកភាពនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ។
ការបោះឆ្នោតនៅថ្ងៃ២៣ខែកក្កដាមានលក្ខណ:នយោបាយយ៉ាងខ្លាំង ហើយមាននិន្នាការផ្អៀងទៅរក ប្រទេសវៀតណាម នៅពេលដែលប្រធានបទគ្រាន់តែជាបញ្ហាសិទ្ធិមនុស្សតែប៉ុណ្ណោះ ដូចមានបកស្រាយ ក្នុងសារព័ត៌មាននានាស្រាប់។ ការរំលោភសិទ្ធិមនុស្ស បានត្រូវដឹងឮជាទួទៅជារៀងរាល់ថ្ងៃ តាមគ្រប់វិស័យ ហើយសេចក្តីសម្រេចម្តងៗរបស់អង្គការUPR តែងមានកំណត់ត្រាយ៉ាងវែង នូវបញ្ជីរការផ្តល់អនុសាសន៍ ជារៀងរាល់លើក។ ទោះជាយ៉ាងនេះក្តី វៀតណាមបានចោទប្រកាន់ដោយគ្មានការខ្មាសអៀន ថាសហព័ន្ធ ខ្មែរកម្ពុជាក្រោម ជាអ្នកបង្ករភាពអស្រូវ មានបំណងធ្វើការបំបែកដែនដីទៅវិញ។ ដោយប្រទេសនេះមានការ ភ័យខ្លាច អំពីទង្វើភូតកុហក និងសកម្មភាពភាពព្រៃផ្សៃរបស់ខ្លួន ដែលត្រូវបានបកស្រាយបង្ហាញការពិត ពីសំណាក់សហព័ន្ធខ្មែរកម្ពុជាក្រោម។
ដោយភព្វសំណាង ទោះជាសហព័ន្ធខ្មែរកម្ពុជាក្រោមបានចាញ់ឆ្នោត យើងក៏សប្បាយរីករាយ ដោយ ទទួលបានការគាំទ្រពីប្រទេសមហាអំណាចប្រកបដោយលិទ្ធិប្រជាធិបតេយ្យ ដូចជាប្រទេសក្នុងសហគមន៍ អឺរ៉ូប និងអាមេរិកភាគខាងជើង។ ហើយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិចំនួន១៤ ក៏បានគាំទ្រសហព័ន្ធខ្មែរ កម្ពុជាក្រោមដែរ។
ដោយបុព្វហេតុនេះ ក្នុងករណីដែលសហព័ន្ធខ្មែរកម្ពុជាក្រោមដាក់ពាក្យសុំ ដើម្បីបានជាសមាជិក ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ យើងខ្ញុំសូមអង្វរក សូមលោកមេត្តាគាំទ្រ មិនមែន ចំពោះតែការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែក្នុងការជួយឃោសនាពន្យល់ដល់ប្រទេសទាំងឡាយ ដែលជា សមាជិកនៃអង្គការសហបប្រជាជាតិ ហើយដែលពុំទាន់បានជ្រួតជ្រាប អំពីស្ថានភាពនៃការរំលោភសិទ្ធិ មនុស្ស នៅក្នុងប្រទេសវៀតណាម។
ដោយសេចក្តីអំណរគុណជាអនេកប្បការ ចំពោះការយកចិត្តទុកដាក់ និងការដឹងគុណូបការ: ចំពោះ សហប្រតិបត្តិការរបស់លោក។
ព្រុចសែល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២
ថាច់ វៀង
អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម