-សូមនមស្កាចំពោះព្រះរតនត្រ័យដោយសេចក្តីគោរព
-សូមថ្វាយបង្គំ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ
-សូមសួរនូវសេចក្តីសុខទុក្ខ ដល់ពុទ្ធបរិស័ទទាំងអស់
ជីវប្រវត្តិសង្ខេបនៃព្រះតេជព្រះគុណ សុចិត្តធម្មត្ថេរ គឹម សុភី។
ព្រះតេជព្រះគុណ សុចិត្តធម្មត្ថេរ គឹម សុភី ហៅ ចេក សុភី កើតថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំមមែ ឯកស័ក ព.ស.២៥២២ត្រូវនឹងថ្ងៃទី៣ ខែឧសភា គ.ស.១៩៧៩ សញ្ជាតិខ្មែរ។ នៅភូមិស្លែងចាស់ ឃុំចុងព្រៃ (ភឿកហ៊ឹង) ស្រុកថ្កូវ (ត្រាគូ) ខេត្តព្រះត្រពាំង (ត្រាវិញ) កម្ពុជាក្រោម។
ព្រះតេជព្រះគុណជាកូនរបស់ឧបាសក គឹម ចេក និងឧបាសិកា ញីប ថាយ ព្រះអង្គមានបងប្អូនរួមផ្ទៃ ទាំងអស់ ១០នាក់គឺ៖
១-គឹម ឌឿន (ស្រី)
២-គឹម សឿន (ប្រុស)
៣-គឹម សឿ (ស្រី)
៤-គឹម វឿន (ប្រុស)
៥-គឹម យឿ (ស្រី)
៦-គឹម ស្លូត (ប្រុស)
៧-គឹម យៀង (ស្រី)
៨-គឹម ភឿន (ប្រុស)
៩-គឹម លៀង (ស្រី)
១០-ព្រះអង្គ គឹម សុភី ឬហៅ ចេក សុភី នេះឯង។
កាលនៅវ័យកុមារ ព្រះអង្គលក្ខណៈសម្បត្តិល្អ ដែលផុសចេញពីធម្មជាតិ គួបស្សំនឹងការអប់រំ ពីឪពុកម្តាយ ចាស់ទុំ បងប្អូនសាច់ញាតិ បានក្លាយជាកុមារ មានសណ្តាប់ធ្នាប់ល្អ នៅក្នុងសង្គម។
អាយុបាន១៥ឆ្នាំ លោកឪពុក និងអ្នកម្តាយ បានឲ្យទៅសិក្សា នៅវត្តស្លែងមានជ័យ (ស្លែងចាស់) ថ្នាក់អនុវិទ្យាល័យទី១ ក្នុងសម្នាក់ព្រះតេជព្រះគុណ ភុក តឿង និងឆ្នាំបន្តបន្ទាប់ បានទៅសិក្សា នៅវត្តនានា រហូតដល់ចប់ អនុវិទ្យាល័យ និងវិទ្យាល័យ ផ្នែកពុទ្ធចក្រ។
ឆ្នាំ២០០០ បានបំពេញឧបសម្បទា នៅវត្តស្លែងមានជ័យ ស្លែងចាស់ មានព្រះឧបជ្ឈាយ៍ ព្រះកេសរប្បញ្ញោ គឹម ណើយ។ បន្ទាប់ពីបានឧបសម្បទា រួចហើយ ព្រះអង្គបានជួយបំពេញ កិច្ចការងារ វត្តនិងបង្ហាត់បង្រៀន អស់រយៈពេល២ឆ្នាំ។
លុះឆ្នាំ២០០៣ ព្រះអង្គបាននិមន្ត មកប្រទេសកម្ពុជា ហើយគង់នៅ សិក្សារៀនសូធ្យ វត្តបន្ទាយ ស្រី ឃុំដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប បានមួយវស្សា។
ឆ្នាំ ២០០៣ បានសិក្សា នៅវត្តរាជបូព៌ ទីរួមខេត្ត សៀមរាប អស់២វស្សា។
ឆ្នាំ២០០៥ បានទៅគង់នៅ សិក្សា ខេត្តបន្ទាយមានជ័យ។
ឆ្មាំ២០០៦ និមន្តទៅគង់ចាំវស្សា នៅវត្តបទុមវតី កុដិ១៧។
ឆ្នាំ២០០៧ បាននិមន្តមក គង់នៅ វត្តមហាមន្ត្រី ជាអចិន្ត្រៃយ៍ បាន ៤ ព្រះវស្សា ហើយបានសិក្សា ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត ( ឯកទេស នីតិសាធារណៈ ) នៃសកលវិទ្យាល័យ ចម្រើនពហុបច្ចេកវិទ្យា បញ្ចប់ឆ្នាំទី៤ នៅខែធ្នូ ឆ្នាំ ២០១១ និងនៅក្នុងឆ្នាំ ២០០៩-២០១១ ព្រះអង្គបានបញ្ចប់ បរិញ្ញាបត្ររងផ្នែក អក្សរសាស្រ្តអង់គ្លេស នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។
ឆ្នាំ២០០៩បានជួយ បម្រើការសម្ព័ន្ធសមណ និស្សិត-និស្សិខ្មែរ កម្ពុជាក្រោម មានតួនាទីជា សហការី ផ្ទាល់នៃការិយាវប្បធម៌ បានខិតខំយកចិត្តទុកដាក់ជួយ ស្រាវជ្រាវចងក្រងប្រភព ឯកសារ ផ្សេងៗដែលទាក់ទង ទៅនឹងប្រវត្តិសាស្រ្ត អក្សរសាស្រ្ត អរិយធម៌ វប្បធម៌ សង្គមមធ៌ ផ្សព្វផ្សាយ តាមរយៈព្រឹត្តិបត្រ សម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម រហូតដល់ឆ្នាំ២០១១។
គូឲ្យតក់ស្លុត រន្ធត់ យ៉ាងក្រៃលែង និងសោកស្តាយ យ៉ាងប៉ុនពេក ស្រាបតែនៅវេលាម៉ោង ០៩ យប់ ថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំថោះ ត្រីស័ក ព.ស.២៥៥៥ ត្រូវនឹងថ្ងៃទី ០៧ ខែមករា គ.ស. ២០១២ ក្នុងព្រះជន្មាយុ៣៣ឆ្នាំ បានទទួលនិច្ចធម្ម ដោយរោគាពាធ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ ។
ព្រះអង្គបានលាចាក លោកនេះ ទៅកាន់លោកខាងមុខ លាអស់ សហធម្មិកៈ គ្រប់ជាន់ថ្នាក់ ភិក្ខុសង្ឃ អង្គសាមណេរ លាអស់ញាតិញោម សន្តាន ព្រៀងលៀន លាអស់ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយ លាហើយ លាអ្វីៗទាំងអស់ ក្នុងលោកនេះ លាទៅដោយឆ្ងាយ ដ៏សែនឆ្ងាយ ពុំមានថ្ងៃណា នឹងវិលត្រឡប់ មកវិញឡើយ។ ប្រភពព័ត៌មាន៖ UKKBS