I- ជាតិបរិច្ឆេទ
លោកតាឧបាសកនាមគឹមឃីម កើតថ្ងៃពុធ ៥ កើត ខែអស្សុជ ឆ្នាំមមីសំរិទ្ធិស័ក ព.ស.២៤៦១ គ.ស.១៩១៨ ត្រូវជាបុត្រទី៧របស់លោកតា គឹមយ៉ង និង លោកយាយ ថាច់សម នៅភូមិដូងជ្រុំ ឃុំតឹបស៊ើង ស្រុកថ្កូវ ខេត្តត្រាវិញ ។
លោកតាគឹមឃីម មានបងប្អូនរួមឧទរទាំងអស់៨នាក់គឺ ៖
ទី១ លោកតា គឹមកង
ទី២ លោកយាយ គឹមបា (បិញ)
ទី៣ លោកតាគឹម អ៊ុយ
ទី៤ លោកយាយ គឹមវិញ
ទី៥ លោកតា គឹមស៊ីម
ទី៦ លោកតា គឹមស៊ើន
ទី៧ លោកតា គឹមឃីម
ទី៨ លោកតា គឹមទេព ។
II- បឋមបរិច្ឆេទ
១/ កុមារវ័យ
កុមារគីមឃីមស្រស់ស្រាយប៉ប្រិយ ល្វតល្វៃរាបសាចរិតស្លូតត្រង់
ចរិយាទន់ភ្លន់ចេះវន្ទាផ្គង គោរពរៀមច្បងមាតាបិតា ។
ចេះស្ដាប់បង្គាប់ឱវាទទូន្មាន ជាដំបូន្មានមានន័យថ្លៃថ្លា
ចរចូលដល់វ័យល្មមអាចសិក្សា មេបាទ្វេហាជូនចូលវត្តវា ។
ឬមួយសាលាឲ្យរៀនអក្ខរា ភាសាវិទ្យានៃជាតិខេមរា
កុមារព្យាយាមអស់ពីអាត្មា ចេះចាំណាស់សាចំរើនវិជ្ជា ។
២/ បព្វជាឧបសម្បទា
បុណ្យសំណាង កាលអតីត ជាបច្ច័យ ផ្ដល់និស្ស័យ ឲ្យបានបួស សាងបព្វជា
ក្នុងសាសនា ព្រះសម្ពុទ្ធ ជិតមារ បតិបត្តិមជ្ឈិមាមាគ៌ាសាសនា ។
កាលបានអាយុ២១ លោកមេបាទាំងពីរបានបញ្ជូនយុវជន គឹម ឃីម ចូលកាន់វត្តពោធិចូឡាមណីព្រះចេតិយ៍ នាឆ្នាំខាលសំរិទ្ធិស័ក ព.ស.២៤៨១ គ.ស.១៩៣៨ បានបព្វជាឧបសម្បទា ក្រោមព្រះអធិបតីរបស់ព្រះឧបជ្ឈាយ៍ គីម កែវ ហើយបាននិមន្ដព្រះតេជគុណ ថាច់ អ៊ូក ជាគ្រូសូត្រស្ដាំ (ឬកម្មវាចាចារ្យ) និងព្រះតេជគុណថាច់សុខ ជាគ្រូសូត្រឆ្វេង (ឬអនុស្សាវនាចារ្យ) សម្រេចញត្តិចតុត្ថកម្មវចាជាភិក្ខុភាវៈដោយបរិបូណ៌ហើយព្រះឧបជ្ឈាយ៍ បានប្រសិទិ្ធនាមថា ចន្ទត្ថេរ ដល់ភិក្ខុថ្មី គឹម ឃីម ។
ភិក្ខុចន្ទត្ថេរ គឹមឃីម តែងព្យាយាមសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរនិងបាវចនៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រមទាំងបានសិក្សាកម្មដ្ឋានក្រោមការណែនាំរបស់ព្រះវិបស្សនាចារ្យព្រះឧបជ្ឈាយ៍ គឹម កែវ ទៀតផង ។ បន្ទាប់ពីបួសបានពីរឆ្នាំ នៅថ្ងៃ៨កើត ខែពិសាខឆ្នាំរោងទោស័ក ព.ស.២៤៨៣ គ.ស. ១៩៤០ ទើបភិក្ខុចន្ទត្ថេរ គឹម ឃីម បាននិមន្ដទៅសិក្សាថ្នាក់ធម្មវិន័យនៅវត្តស្វាយសៀមថ្មីអស់រយៈកាលពីរឆ្នាំ ក៏បានប្រឡងជាប់ថ្នាក់ធម្មវិន័យនាកាលសម័យនោះ ។
ពេលបានប្រឡងបញ្ចប់ថ្នាក់នាឆ្នាំម្សាញ់ត្រីស័ក ព.ស.២៤៨៤ គ.ស.១៩៤១ ភិក្ខុចន្ទត្ថេរ គឹម ឃីម ក៏ធ្វើដំណើរនិមន្ដវិលត្រឡប់មកវត្តកំណើតខ្លួនវិញ បានត្រឹមតែបួនខែប៉ុណ្ណោះភិក្ខុចន្ទត្ថេរ គឹម ឃីម ក៏បានលាចាកសិក្ខាបទវិលមកជាគ្រហស្ថវិញនាឆ្នាំមមីចត្វាស័ក ព.ស.២៤៨៥ គ.ស.១៩៤២ ។
៣/ ាាជីវិតអាពាហ៍ពិពាហ៍
អំបោះខ្មែរខ្សែទំនៀម ជានិស្ស័យនៃបុរសស្ដ្រីខ្មែរ កាលដែលវ័យកម្លោះក្រមុំពេញបរិបូរហើយឪពុកម្ដាយតែងតែគិតគូរស្វែងរកគូស្រករឲ្យបុត្រនៃខ្លួនយ៉ាងណា យុវន ឃីម ក៏ដូច្នោះដែរ ឪពុកម្ដាយ ក៏បានចូលភ្ជាប់ពាក្យដណ្ដឹង ស្រីក្រមុំ ថាច់ ធី ហយ ដែលជាធីតាទី៤ របស់លោកតា ថាច់ អាំ លោកយាយ ថាច់ វិញ នៅភូមិជ្រៃភេរ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
ខែផល្គុនឆ្នាំមមែបញ្ចស័ក ជោគជ័យអនគ្ឃថ្ងៃបាច់ផ្កាស្លា
នៃកម្លោះក្រមុំពីរកាយា មេបាទ្វេហាបាច់ផ្កាជូនពរ ។
ញាតិមិត្រភូមិផងសាទរត្រេកអរ ជូនពាក្យបវរសុទ្ធចិត្តស្មោះស
ដល់កម្លោះក្រមុំគូស្រករ ក្នុងថ្ងៃបវរមង្គលសួស្ដី ។
(ឆ្នាំមមែបញ្ចស័កព.ស.២៤៨៦ គ.ស.១៩៤៣ យុវជនគឹមឃីម នឹងកញ្ញាថាច់ ហយ បានរៀបមង្គលអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ) ។
III- មជ្ឈិមបរិច្ឆេទ
ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយគូស្វាមីភរិយាថ្មីនេះតែងខ្នះខ្នែងប្រឹងប្រែងធ្វើការចិញ្ចឹមជិវិតលើដីស្រែចម្ការដែលឪពុកម្ដាយទាំងសង្ខាងចែកឲ្យនោះ ។ ជំនួបគ្នានៃគូស្វាមីភរិយានេះបានបុត្រមួយរូបគឺ៖ លោកគឹមគែង ។
បន្ទាប់ពីរស់នៅជាប្ដីប្រពន្ធបាន២០ឆ្នាំហើយនោះដល់ឆ្នាំថោះបញ្ចស័ក ព.ស.២៥០៦ គ.ស.១៩៦៣ លោកតាគឹមឃីមក៍បានលើខណ្ឌស្លានឹងនាង ថាច់ ធី ឌាង ជាគូស្វាមីភរិយាទៀត ហើយជំនួបនៃស្វាមីភរិយានេះបានកូនទាំងអស់ពីរនាក់គឺ៖
ទី១ ស្រីច្បង គឹមធីសាម៉ាយ
ទី២ ស្រីពៅ គឹមធីចៀ ។
ឆ្នាំវកសំរិទ្ធិស័ក ព.ស.២៥១១ គ.ស.១៩៦៨ ដោយការភ័យខ្លាចពីសង្គ្រាមដ៏ឃោរឃៅនោះ លោកតាឃីម ក៏បានចេញទៅបួស នាវត្តសុវណ្ណនិគ្រោធជ្រៃភេរ្ដិ៍ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ព្រះចៅអធិការ ព្រះវិបស្សនាចារ្យ ថាច់ ហាយ និងព្រះចៅអធិការ ព្រះឧបជ្ឈាយ៍ សុវណ្ណជោតិ គឹម ឆឿក ការបួសលើកនេះលោកតាថែមទាំងបានសិក្សានូវកម្មដ្ឋាន បានពីរលើកអំពីព្រះគ្រូវិបស្សនាចារ្យ ថាច់ ហាយ និងបួសលើកនេះបានបួនឆ្នាំតាំងពីឆ្នាំវកដល់ឆ្នាំកុរត្រីស័កព.ស.២៥១៤គ.ស.១៩៧១ ទើបលាចាកសិក្ខាបទវិលជាគ្រហស្ថវិញ ។
យើងចាំបានថាថ្ងៃ៣០មេសាឆ្នាំ១៩៧៥ប្រទេសជាតិទាំងមូលបានរំដោះឯកភាពទឹកដីផុតទុក្ខផុតភ័យអស់ព្រាត់ប្រាស់និរាសញាតិសន្ដាននិងសម្បូណ៌សប្បាយ តែចំពោះជីវិតលោកតាវិញតែងជួបប្រទះនូវ សេចក្ដីទុក្ខសោកឃ្លាតចាកចេញចោលប្រពន្ធកូនជាទីសំណព្វចិត្តទាំងទឹកភ្នែកក្រៀមក្រោះ ដោយត្រូវពួកទមិឡកំណាចកាចឫស្យាចាប់ចងខ្នោះច្រវាក់យកទៅដាក់គុកនៅកាឡូក ( Ca Loc ) អស់១៤ខែ លើកក្រោយទៀតជាប់គុកនៅបេនយ៉ា ( Ben Gia ) អស់៤ឆ្នាំដោយមិនមានទោសសោះនោះ តើនេះយុត្តិធម៌នៅត្រង់ណាសម្រាប់ខ្ញុំ ? (បើនិយាយពីការជាប់គុករបស់លោកតាមានច្រើនលើកណាស់ខ្ញុំមិនបានរៀបរាប់ឲ្យជើងនោះទេសុំអធ្យាស្រ័យអនុគ្រោះដល់ខ្ញុំជាអ្នកស្រាវជ្រាវរៀបរៀងផង) ។ ក្រោយពីបានចេញពីគុកលោកតាក៏វិលមកជួបជុំប្រពន្ធកូនវិញ ។
បន្ទាប់ពីលោកតា ឃីម បានជំនួបនឹងភរិយាទាំងពីរខាងលើហើយនោះ លោកតាថែមទាំងបានជំនួបជាមួយយាយ ថាច់ ធី សៀង ជាភរិយាទីបីទៀតផង ។ ការជួបនឹងប្រពន្ធទីបីនេះបានបុត្តប្រុសមួយរូបនោះ គឺ៖ លោក គីម ឃឿន ។
ចំពោះការងារសង្គមលោកតាបានបំពេញជាច្រើនដូចជា៖
ធ្វើជានាយវេន អាចារ្យក្រុម នៅភូមិជ្រៃភេរិ៍្ដនិងទីកន្លែងផ្សេងៗទៀតផង
ធ្វើជាគ្រូពេទ្យសង្គ្រោះព្យាបាលអ្នកជម្ងឺ
ធ្វើជាមេបា ពេលា មហា ក្នុងពិធីមង្គលការ
ធ្វើជាយោគី និងជាប្រមុខនៃពិធីកម្មផ្សេងៗទៀតជាច្រើន ។
ការងារទាំងនេះលោកតាបានផ្ដើមបំពេញធ្វើតាំងពីកាលអាយុ៣០ឆ្នាំមកម្ល៉េះ។
ចំពោះបុណ្យកុសលលោកតាក៏បានបំពេញជាច្រើនដូចជានៅក្នុងឆ្នាំមមី ទោស័ក ព.ស២៥៣៤ គ.ស.១៩៩០លោកតាបានប្រារព្ធធ្វើបុណ្យកឋិនទានដង្ហែរចូលវត្តសុវណ្ណនិគ្រោធជ្រៃភេរ ។
ជីវិតកើតមកបានដោយក្រ ខំជីកឫសជ័រនៃមាយា
លះកាត់ក្ដីល្ងង់លង់អវិជ្ជា កពូនព្រះធម៌ប្រាជ្ញាត្រចះ ។
បើជាសប្បុរសគួរគិតសាង ស្អិតស្អាងបំពេញកិច្ចធុរៈ
ប្រព្រឹត្តសុក្រឹត្យពិតជាក់ច្បាស់ ជូនជាតិជូនសាសន៍ល្អល្អះថ្លា ។
រស់ដោយទៀងត្រង់តម្រង់ចិត្ត ស្មារតីមោះមុតសាងអាត្មា
មិនធ្វេសប្រហែសក្នុងចិន្ដា ទើបលោកពោលថារស់មិនស្លាប់ ។
ទោះជាជីវិតទ្រុឌទ្រោមទៅ កេរិ៍្ដឈ្មោះស្ថិតនៅជាលំដាប់
អ្នកផងគេយកជាតម្រាប់ ទុកដូចជាច្បាប់សាងប្រយោជន៍ ។
IV- បច្ឆិមបរិច្ឆេទ
ជីវិតប្រៀបបាននឹងខ្សែទឹកជ្រោះដែលហូរត្របាញ់ទៅមុខមិនដាច់ ហើយពាំនាំយកនូវវត្ថុដែលរាំងអំពីមុខទៅ យ៉ាងណាមិញជីវិតមនុស្សតែងពាំនាំយកនូវបញ្ហារឿងរ៉ាវមិនចេះចប់ដែរ ។ បើដូច្នេះគួរធ្វើយ៉ាងណា មើលចុះៗ យប់ថ្ងៃខែឆ្នាំកន្លងទៅ វ័យក្មេងឆ្ពោះទៅចាស់ជរា បើវេលាក៏យាត្រាទៅមុខមិនឈប់សោះនោះអ្នកណាមួយហ៊ានថាមិនចាស់មិនស្លាប់ យ៉ាងណាមិញជីវិតលោកតា ឃីម ក៏ដូច្នោះដែរ តែងប្រទះនូវរឿងរ៉ាវបញ្ហាឧបសគ្គលំបាកលំបិនក្នុងដំណើររស់នៅជាច្រើនរាប់មិនអស់មិនហើយៗ អាយុជីវិតរបស់លោកតាក៏ចេះតែកើនឡើងៗខិតចូលដល់ៗការចាស់ជរាដែរ ។
ពេលនេះវេលានេះស្ដេចមច្ចុបានចរចូលវាយបំបាក់កាច់ផ្តាច់ផ្ដិលជីវិតិន្ទ្រិយ៍របស់លោកតា ឃីម ឲ្យដល់នៅភាពបែកធ្លាយឃ្លាតចាកពីគ្នាសោយនូវទុក្ខវេទនារហូតចូលកាន់មរណភាព នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំរោងចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ២០ មីនា ២០១៣ ។ កាលកិរិយាទៅរបស់លោកតាបានបន្សល់ទុកនៅភាពទុក្ខក្រៀមក្រោះនិងសោកស្ដាយអាឡោះអាល័យយ៉ាងមហិមា ចំពោះកូនចៅផៅសន្ដានញាតិព្រៀងលាន ដោយអ្នកមានគុណបានចូលកាន់ទីមច្ចុស្ថាន និងមិនមានថ្ងៃដែលអាចបានជួបនោះទេ ពេលនេះគឺលោកតាឃីមលាចាកលោកនេះ លារហូតលាដោមិនវិលមកទៀតទេ ។
អនិច្ចា ៗ សង្ខារសត្វ តែងជួបវិបតិ្តវិបល្លាស
មិនទៀងប្រែប្រួលយ៉ាងជាក់ច្បាស់ ជរាគ្រាំគ្រាឈឺស្លាប់បង់ ។
ទុក្ខសោកវិយោគឃ្លាតព្រាត់ប្រាស ឃ្លាតញាតិចោលផ្ទះចោលផៅពង្ស
ខ្សឹកខ្សួលយំយែកស្រែករហង់ នៅពេលឃ្លាតបង់ញាតិស្នេហា ។
អនត្តាប្រាប់ថាមិនមែនខ្លួន កើតទុក្ខផ្ទួនៗណែនចិន្ដា
ដូច្នេះគួរគិតខំពិចារណ៍ នាំកើតបញ្ញាផ្ដាច់ជាតិភព ៕
សោកកថា
ខ្ញុំសូមបន្ទន់កាយវាចាចិត្ត លំអោនលំអិតអភិវន្ទថ្វាយ
ឆ្ពោះព្រះតេជគុណព្រះសង្ឃថ្លៃ ទាំងញាតិនិកាយគ្រប់មជ្ឈដ្ឋាន ។
បើខ្ញុំមានខុសថ្លោះធ្លោយត្រង់ណា មិនគាប់ចិន្ដាអស់មិត្រសន្ដាន
សុំជួយអភ័យទោសកុំប្រកាន់ ជាព្រះធម៌ក្សាន្ដសុខក្សេមពេកក្រៃ ។
ពេលនេះរូបខ្ញុំសុំបង្គំលា លាឆ្លងលោកាដំណើរផ្លូវឆ្ងាយ
លើកនេះខ្ញុំលាទាំងក្តីអាល័យ ពិតជាគ្មានថ្ងៃវិលជួបញាតិទេ ។
ខ្ញុំសូមជូនពរញាតិផៅទាំងឡាយ រស់នៅសប្បាយសាមគ្គីជាតិខ្មែរ
ព្រមព្រៀងព្រួតដៃថ្លៃណាស់មាសមេ ធម៌ពីបុព្វេគួរខំរក្សា ។
ឱឱ! ពេលនេះពិតច្បាស់លាហើយ លាញាតិត្រាណត្រើយលាឆ្លងលោកា
កើតចាស់ឈឺស្លាប់ជារឿងធម្មតា មិនមាននរណាគេចកែបានឡើយ ៕
ចប់