ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​៦១​នាក់​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ខ្លួន

ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​៦០​នាក់​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ​ផង​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ។

សកម្មជន​មួយ​រូប​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​ថៃ​សុំ​ មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ទាំង​នោះ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​និង​ឃុំ ​នៅ​ឯ​មន្ទីរ​ឃុំឃាំង​ខេត្ត​នន់ថាក់បូរី។

សកម្មជន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ក្រុម​ប៉ូលិស​ថៃ​នៅ​ទីក្រុង​បាងកក​ ចុះ​មក​ចាប់។ ទើប​តែ​ចាប់​ពី​ព្រឹក​មិញ​ប្រហែល​ម៉ោង​៥​កន្លះ​អី​ហ្នឹង គេ​ដើរ​ចាប់​តាម​ផ្ទះ គេ​គោះ​ទ្វារ​ចាប់។ នៅ​ជាប់​ពន្ធនាគារ​ខេត្ត​នន់ថាក់បូរី»។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ​គឹ​មាន​៥​នាក់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ ជា​ផ្លូវការ​ពី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ ខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ​នោះ​ហើយ។

អ្នក​ទាំង​៥​អាច​នឹង​មិន​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​កម្ពុជា​វិញ​ទេ ប៉ុន្តែ ៥៥​នាក់​ទៀត​និង​ព្រះសង្ឃ​មួយ​អង្គ​ផង​នោះ​នឹង​ត្រូវ​អាជ្ញា​ថៃ​បញ្ជូន​ទៅ​ កម្ពុជា​វិញ​នៅ​វេលា​យប់​ថ្ងៃ​សុក្រ​នេះ​ម៉ោង​នៅ​ប្រទេស​ថៃ។

សកម្មជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដដែល​មាន​ប្រសាសន៍​ថា លោក​បារម្ភ​ខ្លាំង​នូវ​សុវត្ថិភាព​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ទាំង​៥៦​ រូប​នោះ ៖ «ឥឡូវ​ហ្នឹង​មេធាវី​អន្តរជាតិ​ហើយ​ខាង​មួយ​ក្រុម​ខ្ញុំ​ហ្នឹង ​កំពុង​ទំនាក់​ទំនង​ជាមួយ​អង្គការ​ផ្សេងៗ​ដែល​រង់ចាំ​លទ្ធផល​ពី​ប៉ូលិស​ដែរ ពីព្រោះ​ប៉ូលិស​ថៃ​គេ​ថា គេ​នឹង​អនុវត្ត​តាម​ច្បាប់​ប្រទេស​គេ។ ខ្ញុំ​ថា អ្នក​ទាំងអស់​ហ្នឹង​បើ​ចាប់​ទៅ​ប្រទេស​ខ្មែរ​វិញ អា​ហ្នឹង​វា​អត់​មាន​សុវត្ថិភាព​ទេ នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ធំ។ ស្រុក​ខ្មែរ​គឺ​នឹង​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ ហើយ​តែ​ចាប់​ទៅ​វៀតណាម​វិញ​ហ្នឹង គឺ​ទី​១​មាន​តែ​ចូល​គុក ទី​២​គឺ​អត់​មាន​សេរីភាព​ទេ»។

ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេសេ​ថៃ​ដើម្បី​សុំ​ សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀស​ខ្លួន​នយោបាយ​ដែល​អ្នក​ខ្លះ​បាន​ទៅ​តាំង​ពី​ឆ្នាំ ​២០០៦​មក៕
អត្ថបទវិទ្យុអាស៊ីសេរី.