ជនភៀសខ្លួនខែ្មរក្រោម ២៤នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់នោះ បានមកដល់ប្រទេសកម្ពុជាហើយ ប៉ុន្តែពួកគាត់ព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរកម្ពុជាចាប់បញ្ជូន ទៅកាន់ប្រទេសវៀតណាមវិញ។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួន២៤នាក់ដែលអាជ្ញាធរថៃបានចាប់ បញ្ជូនមកប្រទេសកម្ពុជានោះ បានសម្ដែងការភ័យព្រួយយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយបានទទូចសុំឲ្យអាជ្ញាធរកម្ពុជាកុំចាប់បញ្ជូនពួកគាត់ទៅកាន់ ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមវិញ បើមិនដូច្នោះទេពួកគាត់នឹងរងការចាប់ខ្លួននិងការធ្វើទារុណកម្ម ជាមិនខាន។
ខែ្មរកម្ពុជាក្រោមឈ្មោះ ចៅ ហេន ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសថៃ កាលពីឆ្នាំ២០០៨កន្លងទៅ ដើម្បីសុំសិទ្ធិជ្រកកោនទៅប្រទេសទី៣ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងច័ន្ទនេះថា លោកមិនចង់វិលត្រទ្បប់ទៅកាន់ប្រទេសវៀតណាមវិញទេ ដោយសារតែមានការតាមចាប់ខ្លួន។
លោក ចៅ ហេន បានឲ្យដឹងថា ៖ «ខ្ញុំមកនេះក៏សូមអំពាវនាវឲ្យ អាជ្ញាធរក្នុងប្រទេសកម្ពុជាយើងដើម្បីជួយអន្តរាគមន៍ ហើយសូមឲ្យសិទ្ធិជ្រកកោនអ្វីមួយដែលស្របច្បាប់ទៅលើពលរដ្ឋរបស់ ខ្មែរ ហើយឲ្យមានការរស់នៅពឹងពាក់អាស្រ័យប្រចាំថ្ងៃ ដូចជាដីកសិកម្មដាំដុះក្ដី ឬមួយទីលំនៅឋានអ្វីមួយ ហើយលិខិតស្នាមស្របច្បាប់។ បើសិនជាបញ្ជូនទៅវៀតណាមវិញ យើងនឹងត្រូវចាប់ខ្លួនដោយស្វ័យប្រវត្តិ»។
ខែ្មរកម្ពុជាក្រោមម្នាក់ទៀតឈ្មោះ ចៅ អុក បានថែ្លងថា ការវិលត្រទ្បប់ទៅកាន់ប្រទេសវៀតណាមវិញនោះ ប្រៀបបានទៅរកសេចក្តីស្លាប់ឬជាប់គុក។
លោក ចៅ អុក បានបញ្ជាក់ថា ៖ «ភ័យខ្លាចគេចាប់បញ្ជូនខ្ញុំទៅ វៀតណាមវិញ។ សូមអំពាវនាវអង្គការសហប្រជាជាតិ និងអន្តរជាតិ និងជាតិ សុំជួយអន្តរាគមន៍ពួកបងប្អូនខ្មែរក្រោមជនរងគ្រោះ។ ឥឡូវខ្ញុំកំពុងនៅកន្លែងអង្គការ អាយឌៀ គាត់បានឲ្យខ្ញុំស្នាក់អាស្រ័យបានពីរបីថ្ងៃ»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ថា អាជ្ញាធរនឹងពិនិត្យមើលនៅពេលដែលបានទទួលព័ត៌មានជាផ្លូវការ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា ៖ «មិនអាច Comment (អត្ថាធិប្បាយ) បាន ព្រោះមិនទាន់មានលិខិតផ្លូវការនៅឡើយទេ។ យើងនឹងរៀបចំមើលឯកសារឲ្យបានត្រឹមត្រូវតាមនីតិវិធី យ៉ាងម៉េចៗយើងពិនិត្យសិន។ រហូតមកទល់នឹងពេលនេះ ក្រសួងមិនទាន់បានទទួលព័ត៌មានផ្លូវការពីក្រសួងការបរទេសនៅឡើយ»។
លោក ថាច់ ឈួនយ៉ាត ជាប្រធានអង្គភាពស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស ខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា ដែលបានតាមដានករណីនេះ បានមានប្រសាសន៍ថា ៖ «អាជ្ញាធរមិនទាន់ធ្វើដឹងធ្វើឮទេ ប៉ុន្តែដល់ពេលគេធ្វើដឹងធ្វើឮហ្នឹង មិនដឹងថា គេមកជួយយើង ឬក៏គេធ្វើយ៉ាងម៉េច យើងមិនទាន់ដឹង!»។
ខែ្មរកម្ពុជាក្រោមចំនួន២៤នាក់នោះត្រូវបានអាជ្ញាធរថៃចាប់ បញ្ជូនមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថៃ្ងសៅរ៍ចុងសប្តាហ៍នេះ។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់នោះបានរត់គេចខ្លួនពីស្រុកស្វាយទង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក ទឹកដីខែ្មរកម្ពុជាក្រោមនោះ ទៅកាន់ប្រទេសថៃ កាលពីឆ្នាំ២០០៨កន្លងទៅ នៅគ្រាដែលក្រុមអាជ្ញាធរនគរបាលវៀតណាមបានតាមប្រមាញ់ចាប់ខ្លួន ក្រោយពីពួកគាត់បានងើបតវ៉ាទាមទារដីធ្លីពីដូនតា កាលពីឆ្នាំ២០០៧កន្លងទៅ ដែលបានរងការរឹបអូសយកនោះ។
ពួកគាត់មួយចំនួនបានទទួលស្គាល់ដោយឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នៅក្នុងប្រទេសថៃនោះហើយ ហើយមួយចំនួនទៀតរង់ចាំការសម្ភាស ប៉ុន្តែត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួនមកប្រទេសកម្ពុជា ដែលនឹងប្រឈមមុខនឹងការចាប់បញ្ជូនទៅកាន់ខេត្តអានយ៉ាង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមនោះ៕
ប្រភពពីវិទ្យុអាស៊ីសេរី.