ក្រុមមេធាវីតំណាង ឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បាននិយាយ នៅថ្ងៃពុធ នេះថា ចៅក្រមបានខកខាន ក្នុងការបង្ហាញតំបន់ស៊ើបអង្កេតសំខាន់មួយក្នុង ខេត្ត ពោធិ៍សាត់ ដែលនៅទីនោះពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនត្រូវបានធ្វើទុក្ខ បុកម្នេញ និងសម្លាប់ចោលក្នុង របបកម្ពុជាប្រជាធិបតេយ្យ។ កាលពីថ្ងៃច័ន្ទសហចៅ ក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក ស៊ិក ហ្វ្រិត ប៊្លុង របស់សាលាក្ដីខ្មែរក្រហមបានចេញផ្សាយជាសាធារណៈនូវព័ត៌មានស្ដីពី ការស៊ើបអង្កេតក្នុងសំណុំរឿង០០៤ដោយបង្ហាញទីតាំងស៊ើបអង្កេតក្នុង ខេត្តចំនួនប្រាំមួយដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យកំពង់ចាម តាកែវ និងខេត្តកំពង់ធំ។ មន្ទីរសន្ដិសុខ និងទីតាំងសម្លាប់មនុស្សសរុបចំនួន ៣០កន្លែង បានស្ថិតនៅក្រោមការស៊ើបអង្កេតនេះ។
ក៏ប៉ុន្ដែក្រុមមេធាវីលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពី ថ្ងៃអង្គារថា ក្រុមចៅក្រមមិនបានបង្ហាញការស៊ើបអង្កេតនៅក្នុងស្រុកបាកាននៃខេត្ត ពោធិ៍សាត់ទេ។ យោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចម្លោះពី៥០០ទៅ៧០០នាក់ត្រូវបាន សម្លាប់ដោយខ្មែរក្រហមនៅក្នុងស្រុកបាកាន ជាពិសេសក្នុងឃុំរំលេច។
លោក សំ សុខគង់ មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបដែលមានកូនក្ដីជា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណ១០០នាក់ បានថ្លែងនៅថ្ងៃនេះថា ពួកខ្មែរក្រហមបានសម្លាប់ស្ទើរតែផុតពូជនូវប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោមក្នុងស្រុកបាកាននេះ។ លោកថ្លែងដុច្នេះថា៖
«ក្នុងស្រុកបាកាននេះ ឃើញថា មានប្រជាពលរដ្ឋខ្មែរក្រោមស្លាប់ច្រើននាក់ ហើយឃើញថាអ្នកដែលរស់រានមានជីវិត គឺមានប្រហែលជា៣គ្រួសារតែប៉ុណ្ណោះ ក្រោយពីសម័យខ្មែរក្រហមបានដួលរលំ។ អញ្ចឹងហើយខាងពួកខ្ញុំសុំថា ឲ្យចៅក្រមយោគយល់ ធ្វើបំពេញបញ្ជាក់ទៅលើរឿងរបស់គាត់ហ្នឹងព្រោះអីគាត់ចង់ឡើងធ្វើ សក្ខីកម្ម ក៏ដូចជាគាត់ចង់បានយុត្តិធម៌មួយដែលខាងខ្មែរក្រហម មេដឹកនាំទាំងបួនហ្នឹងដែលបានធ្វើទៅលើខ្មែរក្រោមនៅក្នុងសម័យ ខ្មែរក្រហមហ្នឹង» ។
កាលពីខែមិថុនា សហព្រះរាជអជ្ញាអន្ដរជាតិ លោកអ៊ែនឌ្រូ ខេលី (Andrew Cayley) បានស្នើឲ្យសាលាក្ដីខ្មែរក្រហមធ្វើការស៊ើបអង្កេតបន្ថែមលើសំណុំ រឿង០០៤ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងខេត្តពោធិ៍សាត់ និងតាកែវ។ ក្រុមមេធាវីការពារដើមបណ្ដឹងរដ្ឋប្បវេណីដែលជាពលរដ្ឋខ្មែរកម្ពុជា ក្រោមបានលើកក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សហចៅក្រមស៊ើបអង្កេតមិនបាននិយាយយោងដល់លក្ខខណ្ឌនៃសំណើរបស់សហ ព្រះរាជអជ្ញាបរទេសនោះទេ។
លោក ម៉ាសដេវ ម៉ូហាន (Mahdev Mohan) មេធាវីបរទេសតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបាននិយាយនៅក្នុងសេចក្ដី ថ្លែងការណ៍នោះថា កូនក្ដីរបស់លោកប្រថុយដាក់ភស្ដុតាងនៃឧក្រិដ្ឋកម្មដែលពួកគេបាន ទទួលរង ឥឡូវនេះពួកគេរង់ចាំយ៉ាងអន្ទះសារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនសហចៅក្រមស៊ើបអង្កេតទាំង ពីររូបបានបង្ហាញពីការស៊ើបអង្កេតលើគុកលេខ៨ក្នុងឃុំស្យា ស្រុកកណ្ដៀង និងទីតាំងសម្លាប់មនុស្សក្នុងស្រុកកណ្ដៀងដដែលនេះ។ ក្រៅពីនោះមានការស៊ើបអង្កេតលើមន្ទីរសន្ដិសុខវត្តប្រធាតុ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលតំណាងឲ្យភូមិភាគនិរតីរបស់ពួកខ្មែរក្រមហមផងដែរ។
លោកមេធាវី សំ សុខគង់ មានប្រសាសន៍ថា វិសាលភាពនៃការស៊ើបអង្កេតក្នុងខេត្តតាកែវបានស៊ីគ្នាជាមួយនឹង ឧក្រិដ្ឋកម្មដែលបានកើតឡើងចំពោះពលរដ្ឋខ្មែរក្រោម។ ក៏ប៉ុន្ដែមានការខ្វះចន្លោះក្នុងការស៊ើបអង្កេតក្នុងខេត្ត ពោធិ៍សាត់។ មេធាវីដដែលបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពេលនោះ ត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីពលរដ្ឋដទៃ ហើយត្រូវសម្លាប់ចោលទាំងពូជ។ លោកថ្លែងថា៖
«ពួកគាត់ហ្នឹងត្រូវបានគេចាត់គាត់ ពួកគាត់ឲ្យរស់នៅដាច់ពីខ្មែរយើងធម្មតា។ គឺគេចោទគាត់ហ្នឹងថាជាអ្នកចូលដៃជាមួយយួន ហើយមានអ្នកខ្លះត្រូវបានគេដឹកយកទៅសម្លាប់ទាំងខ្សែៗតែម្តង។ ខ្មែរក្រហមហ្នឹងគាត់សម្លាប់ទាំងពូជៗ តែម្តង ទាំងប្រពន្ធ ទាំងកូនអត់ឲ្យសល់»។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមាន ប្រសាសន៍ថា វិសាលភាពនៃការស៊ើបអង្កេតអាស្រ័យទៅតាមសំណើររបស់សហព្រះរាជអជ្ញា ហើយដើមបណ្ដឹងរដ្ឋប្បវេណីអាចស្នើសុំឲ្យមានការស៊ើបអង្កេតដោយយោង ទៅតាមអ្វីដែលមាននៅក្នុងសំណើររបស់សហព្រះរាជអជ្ញានោះដែរ។
យោងតាមគេហទំព័ររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmer Kampuchea Krom Federation) មានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណ១៥០.០០០ នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម៕
ប្រភព៖ VOA/KHMER