ដោយ៖ ចៅ មុនីខេមរា
ក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលត្រូវបានក្រុមតម្រួតថៃចាប់បញ្ជូនទៅកាន់ប្រទេសកម្ពុជា បានឲ្យដឹងនៅ រសៀលថ្ងៃអង្គារ៍នេះថា ពួកគេកំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពខណៈពេលពួកគេគ្មានកន្លែងស្នាក់អាស្រ័យ និងគ្មាន ការទទួលស្គាល់ពីអាជ្ញាធរកម្ពុជា ។
លោក ចៅ សុខា តំណាងជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងសា្នក់នៅបណ្តោះអាសន្នក្នុងផ្ទះជួលមួយ នាទីក្រុងភ្នំពេញ បាននិយាយថាពួកគេនឹងមិនព្រមវិលត្រឡប់ទៅប្រទេសវៀតណាមវិញឡើយ ព្រោះខ្លាចរដ្ឋាភិបាលកុម្មុយនិស្តយួនធ្វើទុក្ខបុកម្នេញ ដោយសារតែពួកគេបានប្រឆាំងនឹងរដ្ឋអំណាចរឿងរឹបអូសយកដីធ្លីស្រែចំការ និងការរឹតបន្តឹងផ្នែកសេរីបញ្ចេញមតិ ។ លោក ចៅ សុខា មានប្រសាសន៍ឲ្យដឹងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនពួកគេទៅវៀតណាម នោះគឺជារឿងមួយគួរឲ្យព្រួយបារម្ភព្រោះមុននេះអាជ្ញាធរយួនបានចាប់ខ្លួនសកម្មជនតវ៉ាដីស្រែដាក់គុក ហើយរហូតមដល់ថ្ងៃនេះនៅមិនទាន់ឃើញដោះលែងឲ្យមានសេរីភាពនៅឡើយ ។
លោក ចៅ សុខា បន្តថាពួកគេកំពុងតែធ្វើលិខិត ស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យក្រសួងដែលពាក់ព័ន្ធចេញនៅ ឯកសារដូចជាអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ដើម្បីជួយសំរួលដល់ពួកគេដូចជាប្រជាពលរដ្ឋខ្មែរធម្មតា
៖ “ពួកខ្ញុំមានគំរោងដាក់ពាក្យចូលរដ្ឋាភិបាលម្តាងទៀត ។ ដាក់ពាក្យចូលរដ្ឋាភិបាលហ្នឹង ឲ្យរដ្ឋាភិបាលចេញអត្តសញ្ញា ប័ណ្ណ ហើយនឹងប័ណ្ណគ្រួសារ និងការស្នាក់នៅរបស់ពួកខ្ញុំ ។ ឥឡូវក្នុងរយៈពេលពីរខែបន្តហ្នឹង ពួកខ្ញុំមិនដឹងទៅ ស្នាក់នៅកន្លែងណាទេបាទ”។
ការស្នើសុំរបស់ក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនេះ ត្រូវបានលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ កាសែតក្នុងស្រុកថា ពួកគេមានសិទ្ធិគ្រប់គ្រាន់រស់នៅលើទឹកដីកម្ពុជា ហើយរដ្ឋាភិបាលក៏គ្មានដីសំរាប់ប្រគល់ចែកជូន ពួកគេផងដែរ ។ ទាក់ទិននឹងការលើកឡើងនេះ លោក ចៅ សុខា តំណាងជនភៀសខ្លួនខ្មែរក្រោមទាំង ២៤នាក់បានឲ្យមានប្រសាសន៍ថា ការនិយាយនេះចេះតែបានហើយ ប៉ុន្តែពួកគេមានគ្រោះថ្នាក់ ។ លោក ចៅ សុខា មានប្រសាសន៍ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅល្ងាចថ្ងៃអង្គារ៍នេះដូច្នេះ៖ “អារឿងហ្នឹង គាត់(ខៀវ សុភ័គ) គ្រាន់តែនិយាយ ប៉ុន្តែចំពោះពួកខ្ញុំវិញ វាគ្រោះថ្នាក់ធ្ងន់ណាស់សំរាប់ពួកខ្ញុំ ។ ទីមួយ គាត់គួរតែយល់ដែរ គាត់ថាស្នាក់នៅកន្លែងណាក៏បានដែរ គាត់មិនចេញ លិខិតអ្វីមួយឲ្យយើងខ្ញុំ ។ ហើយធ្វើម៉េចយើងខ្ញុំទៅរៀនសូត្រ ហើយពួកខ្ញុំបានទៅធ្វើការអី សូម្បីតែជួលផ្ទះគេនៅ ក៏គេសួររកអត្តសញ្ញាណប័ណ្ណដែរ”។
ទាក់ទិននឹងបញ្ហាខ្មែរកម្ពុជាក្រោមនេះដែរ នៅព្រឹកថ្ងៃអង្គារ៍នេះមានពលរដ្ឋខ្មែរ កំណើតខ្មែរកម្ពុជាក្រោមប្រមាណ ១០០គ្រួសារ ដែលកំពុងរស់នៅក្នុងសង្កាត់ប្រមាណ ៤ នៃក្រុងកំពង់ឆ្នាំ ទឹកដីកម្ពុជាបានត្អូញត្អែរប្រាប់ វិទ្យុសំឡេង កម្ពុជាក្រោមថា ពួកគេមានការព្រួយបារម្ភខ្លាំងអំពីការរើសអើងទៅលើពួកគេ ដោយថាអាជ្ញាធរមូលដ្ឋាននៅមិនទាន់ ធ្វើអត្រានុកូលដ្ឋានជូនពួកគេឲ្យបានគ្រប់គ្នានៅឡើយ ៕
កសិករខេត្តត្រាវិញទទួលបានផលចំណេញច្រើន លើវិស័យចិញ្ចឹមបង្កង
តាមការឲ្យដឹងពីប្រជាកសិករខ្មែរ កំណើតខ្មែរកម្ពុជាក្រោមរស់នៅក្នុងខេត្តត្រាវិញ អតីតខេត្តព្រះត្រពាំង ដែនដីកម្ពុជា ក្រោមបានបង្ហើបឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងកាលពីព្រឹកថ្ងៃអង្គារ៍នេះថា ប៉ុន្មានថ្ងៃដំបូងនៃដើម្បីឆ្នាំ២០១០ នេះ គេសង្កេតឃើញកសិករខេត្តខាងលើ ដែលបានចិញ្ចឹមបង្កងសំដែងការសប្បាយចិត្ត ដោយសារទទួលបានទន្និផលខ្ពស់ រីឯតំលៃក៏បានកើនឡើងគួរសម ។
កសិករខ្មែរក្រោមឈ្មោះ ថាច់ ធីយុង ភេទស្រី អាយុ ៣៥ឆ្នាំ សព្វថ្ងៃរស់នៅក្នុងស្រុកកំពង់ធំ ឬយួនហៅចូវថាញ់ បានបង្ហើបឲ្យដឹងថា រដូវបង្កងបំណាច់ឆ្នាំ២០០៩ នេះ ប្រជាកសិករខ្មែរជាច្រើនគ្រួសារដែលកំពុងស់នៅក្នុងស្រុកថ្កូវ ស្រុកកញ្ចោង ស្រុកកន្លង់ និងទីរួមស្រុកត្រាវិញ កំពុងតែសប្បាយចិត្តដោយសារទទួលបានទន្និផលខ្ពស់ពីការចិញ្ចឹម បង្កង ។ ថាច់ ធីយុង បានបង្ហើបឲ្យដឹងទៀតថា មកដល់ថ្ងៃទី ៥ មករា នេះ តំលៃបង្កងបានកើនលំដាប់ ដែលប្រការនេះ ធ្វើឲ្យអ្នកភូមិសប្បាយ និងមានទឹកចិត្តចញ្ចឹមបន្តទៀត ។ បើតាមការឲ្យដឹងពីអ្នកស្រី ថាច់ ធីយុង រស់នៅក្នុងស្រុកខាង លើ បានឲ្យដឹងថាការប្រមូលផលបង្កងបំណាច់ឆ្នាំ២០០៩ ទន្និផលទទួលបានពី ៦៥០-១ ១០០គីឡូក្រាមលើហិកតាក្នុង មួយរដូវ ពោលគឺកើនឡើង១០០-១២០គីឡូក្រាមលើមួយហិកតា នេះបើប្រៀបធៀបនឹងឆ្នាំ២០០៨ កន្លងទៅនេះ ។ កសិករនៅស្រុកកំពង់ធំ បានអះអាងទៀតថា តំលៃបង្កងប្រភេទលេខ ០១ គឺប្រមាណពី១៥០-១៦០ពាន់ដុងលើមួយ គីឡូក្រាម ។ បង្កងប្រភេទលេខ ០២ មានតំលៃ១១០-១២៥ពាន់ក្នុងមួយគីឡូក្រាម រីឯបង្កងប្រភេទអន់ក៏មាន តំលៃទាបបំផុតពី ៥០-៦០ពាន់ដុងក្នុងមួយគីឡូក្រាមផងដែរ ។
ទាក់ទិននឹងការអះអាងខាងលើនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ក៏បានលើកឡើងស្រដៀងគ្នានេះ ដែរ ដោយក្រសួងមួយនេះបញ្ជាក់ថា ក្រុមកសិករនៅក្នុងស្រុកកំពង់ធំ ស្រុកថ្កូវ ស្រុកកញ្ចោង ស្រុកកន្លង់ និងទីរួម ខេត្តត្រាវិញកំពុងតែត្រូវប៉ាន់នឹងការប្រមូលផលបង្កងបំណាច់ឆ្នាំ ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ បានអះអាងទៀតថា បង្កងទាំងនេះក្រៅពីការលក់ដូរនៅលើទីផ្សារក្នុងស្រុក ក៏មានការដឹកជញ្ជូនទៅប្រទេសកម្ពុជា និង ចិនផងដែរ ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបន្ថែមថា ទូទាត់ដើមទុនរួចរាល់ ប្រជាកសិករអាចទទួលបាន ផលចំណេញពីការចិញ្ចឹមបង្កងនេះពី ១៥-២០លានដុងលើមួយហិកតាក្នុងមួយរដូវ ។
គួររំលឹកថា ខុសពីខេត្តព្រះត្រពាំង នៅឯខេត្តព្រែកឫស្សី និងខេត្តឃ្លាំង មុននេះមួយខែមានសេចក្តីរាយការណ៍ថា មានផ្ទៃដីចិញ្ចឹមបង្កងរាប់ពាន់ហិកតារបស់ប្រជាកសិកក្នុងស្រុកអណ្តូងទឹក ស្រុកជ្រោញរខេត្តឃ្លាំង និងស្រុកមួយ ចំនួនទៀតក្នុងខេត្តព្រែកឫស្សី ត្រូវបានទទួលការខាតបង់យ៉ាងដំណំ ។ សេចក្តីរាយការណ៍លំអិតពីស្រុកចំនួនពីរ នៃ ខេត្តឃ្លាំងត្រូវបានគេឲ្យដឹងថា យ៉ាងហោចណាស់មានផ្ទៃទីជាង ៤៥០០ហិកតា បានដាក់ចិញ្ចឹមបង្កងក្នុងដំណាក់កាល ទីពីរ ប៉ុន្តែផ្ទៃដីចំនួន ២ ៧០០ហិកតាត្រូវទទួលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង កំរិតជាតិប្រៃទាប ពូជបង្កងខ្វះ គុណភាព ។ ចំពោះហេតុការណ៍នេះ ត្រូវបានឈ្មោះហឿ ស៊ីហ៊ុង ប្រធានបន្ទប់កសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ជ្រោយញររិះគន់ថា មកពីកសិករចិញ្ចឹមបង្កងក្នុងដំណាក់កាលទីពរ ហើយមិនស្តាប់ការណែនាំរបស់បន្ទប់កសិកម្ម និង អភិវឌ្ឍន៍ជនបទ ។
សូមជំរាបជូនថា ឆ្នាំ២០០៩កន្លងមកនេះ នៅក្នុងខេត្តព្រះត្រពាំង ឬត្រាវិញ មានប្រជាកសិករប្រមាណជាង ២ ៦០៨ គ្រួសារបានដាក់ចិញ្ចឹមបង្កងនៅលើផ្ទៃដីជាង ១ ៦៨០ ហិកតា ហើយពួកគេសុទ្ធសឹងតែទទួលបានផលចំណេញ នេះបើ ធៀបនឹងឆ្នាំទៅមិញ ៕.