ជនភៀសខ្លួនខ្មែរក្រោម៧នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកប្រទេសកម្ពុជា

តាម​ព័ត៌មាន​ទទួល​បាន​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ចំនួន​៧​នាក់​មាន​ម្នាក់​ជា​កុមារី​អាយុ​៤​ឆ្នាំ​មួយ​រូប​ផង​ដែល​ត្រូវអាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​នៅ​ទីក្រុង​បាងកក​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ព្រឹកថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០០៩​នេះ។

លោក អាង ច័ន្ទរិទ្ធ ប្រធាន​សមាគម​ការពារ​សិទិ្ធ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដូច​គ្នា​នេះ​ដែរ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មីនា លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ទាំង​៧​នាក់​នោះនៅ​ឡើយ​ទេ។

លោក អាង ច័ន្ទរិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ខាង​បាងកក​ហ្នឹង​ថា យប់​មិញ​នេះ​ប្រហែល​ជា​ម៉ោង​៣​ជាង​គេ​បាន​បញ្ជូន​ខ្មែរកម្ពុជា​ក្រោម​៧​នាក់​ហ្នឹង​មក​ព្រំដែន​នៅ​ប៉ោយប៉ែត​ហ្នឹង​ហើយ អារញ្ញ​ហ្នឹង ហើយ​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​នឹង​ខាង​អង្គការ​មួយ​ដែរ​ដើម្បី​ឲ្យ​គេ​ជួយ​ឃ្លាំមើល​ពេល​ដែល​ពួក​គាត់​ត្រូវ​គេ​បញ្ជូន​មក​ដល់​ហ្នឹង»។
មន្រ្តី​ប៉ូលិស​កម្ពុជា​ម្នាក់​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី១៨ មីនា​នេះ កម្មករ​ចំណាក​ស្រុក​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​មក​មាន​តែ​មួយ​ជើង​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា កម្មករ​ទាំង​នោះ​មាន​ចំនួន​ជាង​១០​នាក់​ហើយ​ជា​អ្នក​រស់នៅ​ក្នុង​ស្រុក​អូរជ្រៅ ច្រក​ព្រំដែន​ប៉ោយប៉ែត​នេះ គឺ​មិន​មាន​ខ្មែរ​កម្ពុជា​ក្រោម​ទេ។

លោក ឡេនី ថាច់ សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក​បាន​ថ្លែង​ថា លោក​កំពុង​រង់ចាំ​ទទួល​ដំណឹង​ពី​ការមក​ដល់​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ទាំង​នោះ ហើយ​លោក​ក៏​មាន​ការព្រួយ​បារម្ភ​អំពី​ជោគ​វាសនា​របស់​ជន​ទាំង​នោះ​ដែរ។

លោក ឡេនី ថាច់ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​បារម្ភ​ថា បើ​គេ​មក​ដល់​ខ្មែរ យើង​បារម្ភ​ទី​១ ខ្លាច​តែ​ខ្មែរ​ហ្នឹង​បញ្ជូន​ទៅ​កម្ពុជា​ក្រោម​វិញ​ទេ ពីព្រោះ​អ្នក​ហ្នឹង​គេ​មក​ពី​ប្រទេស​វៀតណាម»។

កាលពី​ថ្ងៃ​ទី​១៨ មីនា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង លោក Guiseppe Devincengis អនុ​ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​តំបន់​សម្រាប់​ថៃ, កម្ពុជា, លាវ និង​វៀតណាម ដែល​មាន​ទីតាំង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​សុំ​ការបំភ្លឺ​អំពី​ស្ថានភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​៧​នាក់​នោះ។

ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​លើក​សំអាង​ថា ការបដិសេធ​នេះ​ជា​គោលការណ៍​នៃ​ស្ថាប័ន​របស់​លោក​ដែល​មិន​ឲ្យ​បញ្ចេញ​ករណី​របស់ជន​ភៀស​ខ្លួន​ណា​ម្នាក់។

រីឯ​លោក Toshitsuki Kawauchi មន្រ្តី​នាំ​ពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ថា លោក​មិន​ដឹង​អំពី​ការបញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ​ទេ ពីព្រោះ​ការិយាល័យ​របស់​លោក​មិន​ត្រូវ​បាន​ទាក់ទង​ឲ្យ​ទទួល​កិច្ចការ​នេះឡើយ៕

អត្ថបទពី៖វិទ្យុអាស៊ីសេរី.