ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ១៨នាក់ ដែលបានត្រូវអាជ្ញាធរប្រទេសថៃចាប់ដាក់គុកកាលពីថ្ងៃសៅរ៍នោះ បានត្រូវដោះលែងពីទីឃុំឃាំងនៅទីក្រុងបាងកកហើយ កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ ក្រោមកិច្ចអន្តរាគមន៍របស់អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
លោក សឺន សាវ៉ាង អ្នកកាន់ប័ណ្ណផ្លូវការជាជនភៀសខ្លួនរបស់ UNHCR និងអ្នកជាប់គុក ១៧នាក់ទៀត ដែលបានទទួលប័ណ្ណពីអង្គការ UNHCR រួចហើយថានឹងទទួលពិនិត្យល័ក្ខខ័ណ្ឌស្របច្បាប់ជាជនភៀសខ្លួន ពេលក្រោយនោះ បានត្រូវដោះលែងនៅព្រឹកថ្ងៃទី១៦ មីនា ក្រោមការឃ្លាំមើលរបស់មេធាវីនៃអង្គការ UNHCR អ្នកសារព័ត៌មាននិងតំណាងអង្គការសង្គមស៊ីវិលក្នុងស្រុកផង។
លោក សឺន សាវ៉ាង មានប្រសាសន៍តាមទូរស័ព្ទពីបាងកកមកថា អាជ្ញាធរថៃមានឥរិយាបថល្អប្រសើរ នៅពេលដោះលែង ៖ «សម្គាល់ឃើញថា ប៉ូលិសមានឥរិយាបថទន់ភ្លន់ ហើយគោរពមកយើង វាយកទឹកសុទ្ធយកចូលទាំងយួរឲ្យផឹក។ ពេលដែលខ្ញុំចេញមកផុតវេលាម៉ោង ២ហ្នឹង គឺមិនឲ្យចេញទាំងអស់ទេ វាខ្លាចសារព័ត៌មាននៅពីមុខហ្នឹងថតបាន ឲ្យចេញម្ដងតែ ៦នាក់ បានហើយចេញ៦ហ្នឹងផុតឡើងជិះតាក់ស៊ី យកទៅ ៦នាក់ទៀត។ វាឆ្ងល់ថា នរណាបានផ្ដល់ព័ត៌មានហ្នឹងចេញទៅ? បានលេខប៉ូលិសនរណាឲ្យ បានមកសម្ភាសអ្នកឯងក្នុងគុកក្នុងអីអ៊ីចឹង? ថាទេ អាហ្នឹងខ្ញុំអត់ដឹង ទៅសួរគេខាងវិទ្យុអាស៊ីសេរីទៅ ពីព័ត៌មានអីខ្ញុំអត់ដឹងទេ មនុស្សខ្ញុំនៅក្នុងគុកអ្នកទោស»។
សូមរំឭកថា កាលពីថ្ងៃអាទិត្យកន្លងទៅ វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងការិយាល័យតម្រួតប្រទេសថៃដែលទទួលខុសត្រូវក្នុងការចាប់ខ្លួនខ្មែរក្រោម ទាំង២៦នាក់នោះ ប៉ុន្តែពុំមានអ្នកឆ្លើយទូរស័ព្ទវិញទេ។
ទោះបីយ៉ាងណាក្តី ការិយាល័យអគ្គស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានផ្តល់ពាក្យសន្យាចំពោះវិទ្យុអាស៊ីសេរីថា នឹងធ្វើអន្តរាគមន៍តាមបណ្តាញរបស់ខ្លួនដើម្បីដោះស្រាយឲ្យមានការដោះលែងអ្នកជាប់ឃុំឃាំងទាំងនោះយ៉ាងឆាប់ដែលអាចធ្វើទៅបាន។
លោក សឺន សាវ៉ាង ឲ្យដឹងថា ខ្មែរក្រោម៨នាក់ទៀត ពុំទាន់ត្រូវអាជ្ញាធរថៃដោះលែងនៅឡើយទេ ដោយហេតុថា អ្នកទាំងនោះទើបមកដល់ថ្មី ហើយពុំមានឯកសារផ្លូវការអ្វីពី UNHCR សោះ។
អ្នកដែលត្រូវគេបន្តក្នុងទីឃុំឃាំងទាំងប្រាំបីនាក់នោះ មានបុរស៥នាក់និងស្រ្តី៣នាក់ ដែលក្នុងនោះ មានកុមារីអាយុបួនឆ្នាំម្នាក់និងម្តាយនាងផង។
លោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានអំពាវនាវសុំអន្តរាគមន៍អង្គការ UNHCR បន្ថែមទៀតដើម្បីពន្លឿនការដោះស្រាយបញ្ហាដោះលែងខ្មែរកម្ពុជាក្រោម ដែលត្រូវបន្តឃុំឃាំងដោយអាជ្ញាធរថៃទាំងប្រាំបីនាក់នោះ ៖ «ចំពោះការចាប់ខ្លួនថ្មីៗជនភៀសខ្លួនខ្មែរក្រោមនៅទីក្រុងបាងកក ដែលយើងខ្ញុំសហព័ន្ធមានការព្រួយបារម្ភ ហើយនិងធ្វើសេចក្ដីអំពាវនាវដល់អង្គការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ សូមមេត្តាយកចិត្តទុកដាក់ជាបន្ទាន់និងដោះលែងជនភៀសខ្លួន ៨នាក់ដែលរង់ចាំទទួលការសម្ភាសនោះ។ យើងខ្ញុំសង្ឃឹមថា ទំនាក់ទំនងនៅគ្រប់អង្គការទាំងអស់ហ្នឹងដោះស្រាយជួយដល់បងប្អូនខ្មែរក្រោមដែលភៀសខ្លួននៅប្រទេសថៃ»។
លោកឲ្យដឹងថា សហព័ន្ធរបស់លោកបានចេញលិខិតសុំអន្តរាគមន៍អំពីអង្គការជាប់ពាក់ព័ន្ធទាំងអស់ដើម្បីការដោះស្រាយបញ្ហានេះឲ្យបានលឿនដែលអាចធ្វើទៅបាន៕
អត្ថបទៈ វិទ្យុអាស៊ីសេរី.