ជនភៀសខ្លួនខ្មែរក្រោមមួយគ្រួសារធ្វើមាតុភូមិនិវត្ត ត្រូវបានវៀតណាម ធ្វើទុក្ខ បុកម្នេញ

ជនភៀខ្លួនខ្មែរក្រោម នៅប្រទេសថៃមួយគ្រួសារ ដែល បានធ្វើមាតុភូមិនិវត្តដោយខ្លួនឯង ទៅស្រុកស្វាយទង (Tri Ton)ខេត្តមាត់ជ្រូក (An Giang)ដែនដីកម្ពុជា ក្រោម ត្រូវបាន រដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាម កោះហៅទៅសួរចម្លើយនៅថ្ងៃនេះ ក្រោយពីត្រូវ បាន UNHCR ប្រចាំទីក្រុងបឹងកក់ ធ្វើការបដិសេធឋានៈ ជាជនភៀសខ្លួនផ្នែកនយោបាយ ក្នុងពេលកន្លងមក។ បើយោងតាមប្រភពព័ត៌មានពីកម្ពុជាក្រោម ដែលបាន បង្ហើបដោយក្រុមសាច់ញាតិរបស់ ជនរងគ្រោះខាងលើ ប្រាប់ សារព័ត៌មាន ព្រៃនគរ ថា នៅថ្ងៃទី ១៧ ខែធ្នូនេះ លោក ចៅ ហេន (Chau Hen) កើតឆ្នាំ ១៩៥៤ និងប្រពន្ធឈ្មោះ នាង ផួន កើតឆ្នាំ ១៩៥៤ ត្រូវបាន កងនគរបាលវៀតណាម កោះហៅទៅសួរចម្លើយ នៅ សាលាស្រុកស្វាយ ទង (Tri Ton) ក្រោយពីលោក បានធ្វើដំណើរពីប្រទេសថៃ ទៅដល់គេហដ្ឋានរបស់ខ្លួន ឋិតនៅក្នុងភូមិអាងឡើយ (An Loi) ឃុំចូវឡាំង (Chau Lang)ស្រុកស្វាយទង (Tri Ton) ខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោមភ្លាម ។
សូមបញ្ជាក់ថា លោក ចៅ ហេន និងសមាជិកគ្រួសារបានភៀសខ្លួនទៅប្រទេសថៃ និង បានចុះឈ្មោះជាជន ភៀសខ្លួន នៅក្នុងឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR)កាលពីថ្ងៃទី ១៨ខែមីនា ឆ្នាំ ២០០៩ក្រោយពីលោកត្រូវបាន រដ្ឋាភិបាលវៀតណាមគំរាមកំហែងផ្នែកសិទ្ធិមនុស្ស និងចេញ ដីកាចាប់ខ្លួនដោយលោក គ្រាន់តែធ្វើការទាមទារឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម​ សងដីកេរដូនតា របស់ខ្លួន មកវិញប៉ុណ្ណោះ ៕ ប្រភព៖ សារព័ត៌មានព្រៃនគរ

.