ជនជាតិដើមខ្មែរក្រោមអស់ពីចិត្តដើម្បីរក្សាវប្បធម៌ក្នុងរបបយួនកុម្មុយនីស្ត

ដោយៈ ចៅ មុនីខេមរា
ពេលអស់លោកធ្វើដំណើរ ពីទីរូមខេត្តឃ្លាំង តាមផ្លូវខេត្តលេខ ១៨ ឆ្ពោះទៅដល់ចំណុចស្ពានតាយយ៉ាំង ស្រុកបាយឆាវ បត់ធ្វេង ឆ្លងស្ពានបេតុង រួចចូលតាមផ្លូវមួយទៅកាន់ភូមិបឹងចុងនោះ នឹងដល់គេហដ្ឋានរបស់សប្បករជនជាតិដើមខ្មែរកម្ពុជាក្រោម ឈ្មោះ ស៊ើង កិញ ។ ផ្ទះរបស់លោក ជាផ្ទះសសរថ្កល់យ៉ាងសាមញ្ញ ដំបូលប្រក់ស័ង្កសី ។ ពេលចូលទៅដល់យើងខ្ញុំឃើញសប្បករ ស៊ើន កិញ កំពុងខិតខិតឆ្លាក់ភ្នែកទូក-ង ។ ក្នុងបន្ទប់តូចមួយក្បែរនោះ ត្រូវបានសិប្បករដាក់តាំងវណ្ណកម្ម ដែលបានច្នៃហើយស្រេច ដូចជា រូបមនុស្ស នាគ ឌីណូស័រ ស្វា ប្រើស សេះ ខ្លា ដំរី អណ្តើក ឥន្រ្តី ព្រមទាំងមានឧបករណ៍ភ្លេងដូចជាទ្រខ្សែពីរ ឃឹម ស្គរឆៃយ៉ាំ ពុំនោះសោតថែមទាំងមានរូបក្តារ និងកូនអុក មកុដសម្រាប់សិល្បករ-ការិនី ស្អាងដើម្បីសម្តែងសិល្បៈទៀតផង ។ ចំពោះរូបលោក ស៊ើន កិញ វណ្ណកម្មទាំងនេះ មិនត្រឹងតែដើម្បីបំពេញចំណូលចិត្តអស់លោកប៉ុណ្ណោះទេ វាថែមទាំងដើម្បីហាត់ពត់មុខរបរចម្ចាក់របស់សិប្បករជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលជាវប្បធមិដ៏ផូរផង់រក្សានៅតំលៃ
វប្បធមិប្រពៃណីជាតិខ្មែរ ពេលពេញទៅដោយអត្តសញ្ញាណវប្បធមិជាតិ ដែលកំពុងឋិតក្រោមការត្រួតត្រាររបស់រដ្ឋាភិបាលយួន ។
 ប្រភពព័ត៌មានរបស់បុគ្គលិកការងារយើងខ្ញុំ ដែលបានចុះទៅដល់ផ្ទះលោក ស៊ើង កិញ បច្ចុប្បន្នសិប្បកររូបនេះមានអាយុជា ៧០ ឆ្នាំហើយ ។ បុត្រាបុត្រីរបស់លោកទាំង ៦ នាក់ សុទ្ធតែបានរៀបអាពារហ៍ពិពារហ៍ រួមមានកន្លែងកន្លុករស់នៅរៀង ៗ ខ្លួនទៅហើយ ។ ម្ល៉ោះហើយ ជារៀងរាល់ថ្ងៃ លោកចំណាយពេលស្ទើរតែទាំងអស់ ដើម្បីធ្វើនូវរបស់អ្វីដែលជាអត្តសញ្ញានជាតិ វប្បធមិជាតិ និងលោកបានចូលចិត្តតាំងពីយុវវ័យមក ។
 លោក ស៊ើង កិញ បានរៀបរាប់ឲ្យដឹងថា ខណៈពេលទៅស្រែធ្វើការនឿយហត់ លុះដល់ពេលឈប់សម្រាកម្តង ៗ លោកតែងយកមែកឈើគូររូបភាពផ្សេង ៗ លើដី ។ ពុំនោះសោត នៅទាំងយកដីឥដ្ឋគូរពាសពេញលើខ្លួនទៅផង ។ ដោយការចាប់ចិត្តលើវិស័យនេះពេក ពេលដេកលក់តែងស្រមៃឃើញគ្រប់រូបភាព ដែលបានគួរវាសកកាលពីពេលថ្ងៃ ហើយរូបភាពទាំងអស់នោះបានដិតជាប់ក្នុងអារម្មណ៍របស់លោកជានិច្ច ។ លោក ស៊ើង កិញ បានបន្តឲ្យដឹងទៀតថា លោកគិតថា ដល់ពេលលោកធំដឹងក្តី កិច្ចការអស់ទាំងនេះខ្លួនលោកមិនអាចនឹងធ្វើបានទ ពីព្រោះរៀនគូរវាជាពិបាកណាស់ទៅហើយ ទម្រាំដល់រៀនឆ្លាក់វិញ គឺរឹតតែពិបាកជាងទៀត ។ ប៉ុន្តែគំនិតស្រឡាញ់វប្បធមិជាតិ និងរក្សានៅអត្តសញ្ញជាតិខ្លួន គឺលោក ស៊ើង កិញ អាចធ្វើបានទាំងស្រុង ។
 លោក ស៊ើង កិញ បានមានប្រសាសន៍ទាំងទឹកមុខញញឹម ថា ឧបករណ៍ឆ្លាក់របស់សិប្បកររួមមាន រណារ ពន្លាក និងដែកឆ្លាក់ ។ល។ រីឯវត្ថុធាតុដើមវិញ គឺគល់ឈើចម្រុះ ដែលគេតែងស្មានថានឹងបោះបង់ចោល ។ ប៉ុន្តែពេលបានមកដល់ដៃដ៏ប៉ិនប្រសប់ គួបផ្សំនឹងគំនិតច្នៃប្រឌិតដ៏សម្បូរបែបរបស់សិប្បករ គឺគេបានធ្វើឲ្យគល់ឈើនោះក្លាយទៅជាវណ្ណកម្មមួយដ៏រស់រវើកដូចជាហនុមាន នាងសេដា។ ដែលរំលេចទៅដោយក្បាច់ សមស្របនឹងលក្ខណៈពិសេសរបស់រចនាខ្មែរណាស់ ។ លោក ស៊ើង កិញ បានបន្ថែមឲ្យដឹងដែរថា វណ្ណកម្មទាំងឡាយដែលលោកបានបង្កើត បានជួយឲ្យលោករឹតតែសប្បាយចិត្ត មានការចំណាប់អារម្មណ៍ខ្លាំង ពិសេសលោកមានអារម្មណ៍ថា រួមចំណែករក្សានៅប្រពៃណីវប្បធមិខ្មែរ នៅលើទឹកដី
កម្ពុជាក្រោម ។ ហើយលោកបានអះអាងថា ប្រសិនបើនរណាមានចំណូលចិត្តខាងវិស័យវិចិត្រសិល្បៈនេះ សូមអញ្ជើញទៅកាន់គេហដ្ឋានរបស់លោក លោកនឹងជួយបង្រៀនដោយមិនគិតថ្លៃឡើយ ដោយលោកគ្រាន់តែសង្ឃឹមថា អនាគតនឹងមានអ្នកជួយបន្តវេន ដើម្បីរួមចំណែកក្នុងការជួយរក្សាអត្តសញ្ញាណវប្បធមិជាតិ ។
 បណ្តាវណ្ណកម្មដែលបានច្នៃប្រឌិតឡើង តួយ៉ាងដូចព្រះសក្យមុនីចេតិយ៍ និងរូបភាព នៃតួអង្គក្នុងរឿងល្ខោន ក៏ដូចជារបាំ ដែលក្នុងនោះមានទាំងតួអង្គព្រះរាម ដែលដកស្រង់ចេញពីរឿងរាមកេរ៍្ត រហូតទៅដល់ក្បាច់រចនាជាលក្ខណៈភ្ញីវល្លិ និងភ្ញីទេស ដែលសិប្បករឆ្លាក់រំលេចលើជញ្ជាំងក្តារទាំង ៤ ផ្ទាំងប្រគំបញ្ចូលបានជាក្តារ មឈូស ធ្វើឲ្យរឹតតែសម្បូរបែបថែមទៀត ក្នុងការស្រាវជ្រាវវណ្ណកម្ម វិចិត្រសិល្បៈជាស្នាដៃរបស់លោក ដែលឆ្លុះបញ្ចាំងអំពីផ្លូវចិត្តរហូតដល់ឆាកជីវិត នៃលោកិយ៍ និងភពឯនាយតាមរឿងនិទានក្នុងពុទ្ធសាសនា ។ ហើយវណ្ណកម្មដ៏ល្បីល្បាញរបស់លោក ស៊ើង កិញ បាននាំចេញពីភូមិទៅដាក់តម្កល់នៅសារមន្ទីរ វត្តអារាមក្នុង និងក្រៅខេត្ត ឬក៏នៅក្នុងឱកាសបុណ្យទានម្តង ៗ ។ ដូច្នេះ វណ្ណកម្មរបស់លោក គឺជារួមចំណែកយ៉ាងវិសេសវិសាល ក្នុងការផ្សព្វផ្សាយប្រពៃណីវប្បធមិខ្មែរ ដែលនឹងប្រុងសាបរលត់នៅក្នុងរបបយួនកុម្មុយនិស្ត ។
 លោក ស៊ើង កិញ បានសំដែងការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ចំពោះបំណងប្រាថ្នារបស់លោកបានក្លាយទៅជាការពិត ជាពិសេសបានរួមចំណែករក្សានៅអត្តសញ្ញណជាតិ ។ ពិសេសជាងនេះ សព្វថ្ងៃនេះ លោក ស៊ើង កិញ ក៏មាន កូនប្រុសមួយរូបឈ្មោះ ស៊ើង កន បានកំពុងសិក្សាចំណេះពីគាត់យ៉ាងយកចិត្តទុកដាក់ ។ ហើយលោក សង្ឃឹមថា ដើម្បីរក្សានៅប្រពៃណីវប្បធមិដ៏ឡស្ចារ្យ នៃវណ្ណកម្មវិចិត្រសិល្បៈទាំងនេះនឹងទទួលបានកូនចៅចូលរៀនច្រើន៕.