ជនជាតិដើមខែ្មរក្រោមបង្កើត Software ខែ្មរ នៅកម្ពុជាក្រោម

ដោយៈ ចៅ មុនីខេមរា
បុរសជនជាតិដើមខ្មែរកម្ពុជាក្រោមមួយរូប ត្រូវបានសារ-ព័ត៌មានក្នុងស្រុកយួន និងបណ្តាញគេហទំព័រជុំវិញពិភពលោកចុះផ្សាយថា ជាមនុស្សដ៏ឆ្នើមផ្នែកបច្ចេកវិទ្យាព័ត៌មានសរសេរខ្មែរ Software ។
បុរសជនជាតិដើមដ៏ឆ្នើមរូបនេះ ឈ្មោះ ចៅ ប៊ុនឃឿន អាយុ ៣០ ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬយួនហៅ អាងយ៉ាង អតីតទឹកដីកម្ពុជាក្រោម ដែលសព្វថ្ងៃត្រូវបានគេដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយួនកំពុងតែធ្វើអាណានិគមទាំងទទឹងទិស ។ ចៅ ប៊ុនឃឿន គឺជាកូនខ្មែរក្រោមដ៏ឆ្នើមមួយរូប ដែលត្រូវបានបណ្តាញគេហទំព័រ និងសារព័ត៌មានក្នុងស្រុកយួនចុះផ្សាយថា មានទេពកោសល្ប ឈ្លាសវៃ ដែលអាចសរសេរបានខ្មែរ Software ហើយរូបលោកត្រូវបានគេស្គាល់ថា រូបលោកជាអ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មាន និងបង្កើតស្នាដៃថ្មី ៗ ជាច្រើនដូចជាវចនានុក្រមភាសាយួន-ខ្មែរជាដើម ។
របបកុម្មុយនិស្តយួនទោះបីមានការរើសរើង និងដាក់កំហិតលើការអប់រំជនជាតិដើមខ្មែរក្រោមយ៉ាងណាក្តី តែគេតែងសង្កេតឃើញជនជាតិដើមខ្មែរក្រោមជាច្រើនរូប ដែលគេអះអាងថាប្រហាក់ប្រហែលជនជាតិយួន មានចំណេះដឹង ឈ្លាសវៃ ប្រាជ្ញ និងមានស្មារតីស្នេហាជាតិ ។ ប៉ុន្តែអ្នកប្រាជ្ញខ្មែរក្រោមតិចតួចបំផុត ដែលត្រូវបានរដ្ឋាភិបាលយួនលើកបន្ទុក ឬឲ្យសហគមន៍អន្តរជាតិដឹងថា ជនជាតិដើមខ្មែរក្រោមជាពូជអ្នកប្រាជ្ញ ។
ប្រភពច្បាស់ការពីកាសែតក្នុងស្រុកយួន និងគេហទំព័របរទេសជាច្រើនបានឲ្យដឹងថា លោក ចៅ ប៊ុនឃឿន កើតក្នុងវង្សត្រកូលក្រីក្រមួយនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ។ រូបលោកបានសិក្សាចេះចាំអក្សរខ្មែរតាមវត្តអារាមប៉ុណ្ណោះ ។ សព្វថ្ងៃនេះ លោកបង្កើតបាន Font អក្សរខ្មែរជាច្រើន ដែលត្រូវបានគេអះអាងថាកំពុងពេញនិយម និងល្បីល្បាញនៅតាមសាលារៀន វត្តអារាម និងទូទាំងប្រទេសយួន ។ ឈ្មោះ CTK គឺ Font អក្សរខ្មែរដែលពេញនិយមបំផុតនៅក្នុងប្រទេសយួន ។ Font នេះត្រូវបានគេប្រើនជាទូទៅក្នុងសារព័ត៌មានជាភាសាខ្មែរ វិទ្យុសំឡេងដែនដីសណ្តរទន្លេមេគង្គយួន និងសារព័ត៌មានខេត្តព្រែកឫស្សី ។
និសិ្សត និងគ្រូបង្រៀននៅស្រុកស្វាយទង តែងកោតសរសើរលោក ចៅ ប៊ុនឃឿន មិនដាច់ពីមាត់ ព្រោះលោកគឺជាវិស្វករមួយរូប កាលពីដប់ឆ្នាំមុន ខណៈពេលដែលកំពុងសិក្សាថ្នាក់ទី ១១ ប៉ុណ្ណោះ ហើយលោកបានបង្កើតអន្តរប្រព័ន្ធអន្តរគមនាគមន៍សំរាប់ប្រើប្រាស់ក្នុងសាលាអន្តេវាសិករបស់លោក ។
ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ លោកបានឈប់សិក្សា ហើយចូលបំរើការជាទីភ្នាក់ងារមួយនៅព្រែកឫស្សី ដែលទីកន្លែងរូបលោកមានឱកាសធ្វើការជាមួយកុំព្យូទ័រ និងការប្រើប្រាស់គ្រឿង
អគិ្គសនី ។
សព្វថ្ងៃ ក្រៅពីការបង្កើត Font អក្សរខ្មែរ លោកនៅមានបង្កើត Software បង្រៀនជាភាសាខ្មែរ និងវចនានុក្រមយួន-ខ្មែរមួយច្បាប់ ដែលសព្វថ្ងៃនេះសរសេរបានចំនួនជាង ៣ពាន់ពាក្យ ។ ហើយលោករំពឹងថា នឹងសរសេរចប់ Software នេះនៅឆ្នាំខាងមុខ។ លោកបានប្រាប់ថា នេះគឺជា Software ដែលល្អបំផុតជាភាសាយួន-ខ្មែរ ហើយនឹងត្រូវបានគេប្រើប្រាស់គាំទ្រទូទាំងប្រទេសយួន ។
ចៅ ប៊ុនឃឿន គឺជាបុរសជនជាតិដើមខ្មែរក្រោមមួយរូប ដែលចូលចិត្តផ្នែកបច្ចេកវិទ្យាព័ត៌មាន ហើយលោកបានបង្កើត Font អក្សរបានជាច្រើន ដែលត្រូវបានគេកំពុងពេញនិយមប្រើប្រាស់ ប៉ុន្តែគ្មាននរណាដឹងថា លោកបានរៀនវាដោយខ្លួនឯងនោះទេ ។ នាថ្ងៃអនាគត លោកមានបំណងបញ្ចប់ជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានពីសកលវិទ្យាល័យនិងបង្ហើយរាល់កិច្ចការដែលលោកបានគ្រោងទុក៕.