ប្រភពព័ត៌មានគេហទំព័រ BBC ជាភាសាវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ថា ជនម្នាក់ដែលបានលួចខ្វេះថង់ខោលួចយកទូរសព្ទដៃរបស់ឯកអគ្គរដ្ឋទូតប្រទេស Argentina និងត្រូវបានរដ្ឋទូត ម្នាក់ផ្សេងទៀតថតរូបទាន់ក្នុងខណៈប្រារព្ធពិធីមួយ នៅទីក្រុង Hue ប្រចាំឆ្នាំ២០១២ ត្រូវបានដាក់គុករយៈពេល ២ ឆ្នាំ។
បណ្ដាញព័ត៌មានក្នុងស្រុកបានឲ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែសីហា ថា តុលាការខេត្ត Thua Thien Hue បានប្រកាសផ្តន្ទាទោសជនជាប់ចោទឈ្មោះ Nguyen Van Oc អាយុ៥៦ឆ្នាំ រស់នៅសង្កាត់ Thot Not ទីក្រុងព្រែកឫស្សី ឬទីក្រុង Can Tho ឲ្យជាប់គុក ២ ឆ្នាំពីបទ “លួចទ្រព្យសម្បត្តិ”។
កាលពីខែមេសា លោក Oc បានលបខ្វេះថង់ឯកអគ្គរដ្ឋទូត Argentina ប្រចាំប្រទេសវៀតណាម គឺលោក Alberto Jaime Kaminker ក្នុងខណៈលោកឯកអគ្គរដ្ឋទូតរូបនេះ រួមជាមួយភរិយា កំពុងតាមដានពិធីសំដែង “ផ្លូវក្រុងស្រស់” នាទីក្រុង Hue ឆ្នាំ២០១២ តាមបណ្ដោយវិថី Le Loi – Hung Vuong។
ករណីកម្រកើតមាន គឺក្នុងខណៈជននេះលបខ្វេះថង់លួចយកទូរសព្ទរបស់លោក ឯកអគ្គរដ្ឋទូត Argentina គឺឯកអគ្គរដ្ឋទូត សាធារណរដ្ឋ Venezuela ប្រចាំប្រទេសវៀតណាម គឺលោក Jorge Rondon Uzcategui ក្នុងអំឡុងពេលថតរូបពិធីក៏ថតបានសកម្មភាពនោះក្នុងពេលមួយរំពេចនោះ។
បណ្ដាញព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កងកម្លាំងនគរបាលខេត្ត Thua Thien Hue បានយោងទៅលើរូបថត ហើយក៏បានស្វែងរកឃើញជនល្មើសគឺបុរសម្នាក់អាយុ៥៦ឆ្នាំ និងជនសង្ស័យពីរនាក់ផ្សេងទៀតជាស្ដ្រីអាយុប្រហែលជា៥០ឆ្នាំ។
មិនទាន់គ្រប់រយៈពេល៤៨ម៉ោងផង ក៏មានបើកការស៊ើបអង្កេតបន្ទាន់។ ស្នងការនគរបាលខេត្តThua Thien Hue បានប្រគល់សងមកវិញនូវទ្រព្យសម្បត្តិជូនឯកអគ្គរដ្ឋទូត Argentina។
នេះមិនមែនជាលើកដំបូងដែលនគរបាលវៀតណាមត្រូវបានគេទាមទារឲ្យមានប្រតិកម្មរហ័ស ក្នុងខណៈមាន ករណីលួចប្លន់ និងបន្លំបោកប្រាស់កើតមានឡើង ចំពោះភ្ញៀវពិសេសពីបរទេស។
កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបរឡាណ Taxi ម្នាក់ ពីបទចាប់ ជម្រិតភ្ញៀវជនជាតិសឹង្ហបុរីពីរនាក់ ធ្វើដំណើរមកកាន់ទីក្រុង Ha Noi ដើម្បីចូលរួមកិច្ចប្រជុំប៉ុលីស Interpol អន្តរជាតិ។
ក្នុងដងផ្លូវប្រហែលជាង១០គីឡូមែត្រប៉ុណ្ណោះ អ្នកបើកបរបានចាប់បង្ខំឲ្យភ្ញៀវទាំងពីរនាក់នេះបង់ប្រាក់២០០ ដុល្លារសហរដ្ឋអាមេរិក និងទូរសព្ទម៉ាក iPhone4 មួយគ្រឿងក៏ត្រូវបានឆក់យក។
កាសែតក្នុងស្រុកបានឲ្យដឹងថា អ្នកបើកបរអាយុ២២ឆ្នាំ ត្រូវបានប៉ុលីសជិត១០នាក់ នៃក្រសួងនគរបាល និងនគរបាលក្រុង Ha Noi ចាប់ឃាត់ខ្លួន ពីព្រោះមន្ដ្រីរដ្ឋាភិបាលបានមើលឃើញថានេះ ជាទង្វើធ្វើ ឲ្យបាត់បង់កិត្តិយសប្រទេសជាតិ។ ប្រែសម្រួលដោយ ៖ គឹម បុរី/VOKK