ជញ្ជឹងគិតមកវិញ អំពីពិធីរំលឹកថ្ងៃទី ៤ មិថុនា
June 4 2010, the days after
ការរំលឹកថ្ងៃទី៤ មិថុនា ដែលជាថ្ងៃប្រធានាធិបតីបារាំង Vincent Auriol ចុះហត្ថលេខាផ្ទេរអំណាចគ្រប់គ្រងកម្ពុជាក្រោម ឲ្យអធិរាជយួន Bao Dai កាលពីឆ្នាំ១៩៤៩ បានកន្លងផុតទៅម្តងទៀតហើយ។ ពិធី រំលឹកខួបឆ្នាំទី៦១នេះ មានភាពអធឹកអធ័មជាទីគាប់ចិត្ត ដោយមានការ ចូលរួមយ៉ាងគគ្រឹកគគ្រេង ពីបណ្តាញសារព័ត៌មាន ព្រមទាំងកុលបុត-កុលធិតាខ្មែរ នៅក្នុងមាតុភូមិផង នៅកាណាដា អាមេរិក បារាំង អិតាលី អូស្ត្រាលី និងនូស្សេឡិនផង។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
បើនិយាយតាមភាសារគណិតសាស្ត្រឃើញថា ការរួមគ្នារំលឹកថ្ងែ ទី៤ មិថុនា ជាភាគបែង ( denominator) នៃសង្គមខ្មែរក្រោម ពោលគឺ ខ្មែរក្រោមយើង ទោះបីជាមានទស្សនៈ ឬនិន្នាការខុសគ្នា ប៉ុន្តែយើង មានមូលដ្ឋានដូចគ្នា (common ground) កាលណាយើងនិយាយអំពី សេចក្តីស្រណោះសោកស្តាយ កេរដំណែលមរតកដូនតា។ ខ្មែរអ្នកជាតិ និយម គប្បីយកមូលដ្ឋានដូចគ្នានេះមកធ្វើលេខគុណ (multiplication) ហើយយកទស្សនៈ ឬនិន្នាការ ដែលនាំមកនូវការ បែកបាក់គ្នា មកធ្វើ លេខដក(subtraction)។ ខាងក្រោមនេះ ជារូបមន្ត (formula) មួយ ចំនួន ដើម្បីដោះស្រាយចំណោទ ដ៏ងាយស្រួលេះនេះ។
• រូបមន្តទី១
ស្នេហាជាតិ = ប្រឆាំងនឹងអាណានិគមយួន + កសាង
សង្គមខ្មែរ
សតិអារម្មណ៍ខ្មែរយើងធ្លាប់តែសន្មត់ថា អ្នកស្រឡាញ់ជាតិត្រូវតែ ហ៊ានស្លាប់ប្រឆាំងយួន ដូច្នេះអ្នកខ្លះគ្រាន់តែប្រកាសថា ស្អប់យួន ប៉ុណ្ណឹង ដោយមិនទាន់បាន ”ធ្វើ” អ្វីឲ្យយួនរស៊ើបផង ក៏គេចាត់ទុកជា អ្នកស្នេហាជាតិ។ អកុសលអីមូលហេតុនៃការមិនចុះសម្រុងគ្នាសព្វថ្ងៃ ពីព្រោះតែ “អ្នកស្នេហាជាតិ” មានយុទ្ធសាស្រ្តប្រឆាំងយួនខុសគ្នា។ ដូច្នេះទន្ទឹមនឹងការព្យាយាម កំចាត់ឫសគល់នោះចេញ យើងគួរបណ្តុះ ពូជថ្មីឲ្យចាក់ឬសក្នុងសតិអារម្មណ៍ដោយ ៖
(ក) បុគ្គលណាឬក្រុមណា ដែលបានយកយុទ្ធសាស្រ្ត និងយុទ្ធវិធី របស់ខ្លួន ទៅប្រតិបត្តិជាច្រើនឆ្នាំហើយ មិនបានអំណោយផលទេ បុគ្គលនោះឬក្រុមនោះត្រូវចេះងៀកទៅរកម៌ាគា ដែលប្រសើរជាង ឬ នៅស្ងៀមតែម្តង។
(ខ) ប្តូរសតិអារម្មណ៍អំពីនិយមន័យ នៃពាក្យ ស្នេហាជាតិ ។ ទន្ទឹមនឹងសកម្មភាព វាយកំទេច របបអាណានិគម អ្នកស្នេហាជាតិ ខ្មែរក្រោម មានភារកិច្ចមួយទៀតដ៏ឧត្តុងឧត្តមដែរគឺ កសាង សង្គម ដែលរាប់ទាំងសង្គមគ្រួសារ និងសង្គមជាតិផង ឲ្យជឿនលឿនទាន់ សម័យ ហើយរក្សានូវលក្ខណៈវប្បធម៌ខ្មែរ។ ដូច្នេះអ្នកណាបានទំនុក បំរុង វង្សត្រកូលថ្លៃថ្នូរ លើកដំកើងកិត្តិយសខ្មែរក្រោម អ្នកនោះចាត់ ទុកជាអ្នកស្នេហាជាតិដែរ។
• រូបមន្តទី២
អញ < យើង + គេ “អញ” ឬ “ខ្ញុំ” ក្នុងន័យនេះសំដៅទៅបុគ្គល “យើង” សំដៅទៅ ក្រុមមនុស្សដែលមានគំនិតដូចគ្នាហើយ “គេ” សំដៅទៅក្រុមមនុស្ស ដែលមានទស្សនៈខុសពី ”អញ”។ បើម្នាក់ៗ ចេះឯងក្រែងចេះគេប្រា កដជាងាយស្រួលក្នុងការប្រមូលកម្លាំងតស៊ូ។ ១/ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ => ពង្រឹង មិត្តភាព និងសាមគ្គីភាព ។
ក្នុងសង្គមខ្មែរក្រោម៧០% នៃការបាក់បែករវាងគ្នា គឺបណ្តាល មកពីសំដីប៉ះទង្គិច មានត្រឹមតែ២៥%ទេ ដែលបណ្តាលមកពីទំនាស់ គំនិតនិង៥% មកពីទង្វើមិនគប្បីដាក់គ្នា។ អ៊ីចឹងហើយមុននឹងនិយាយ ឬសរសេរត្រូវគិត” យើងនឹងជៀសវាងការបែកបាក់ដោយមិនដឹងខ្លួន។ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់” ។
សរុបសេចក្តីក្រោយពីបានប្រារព្ធទិវាខួបឆ្នាំទី៦១ នាថ្ងៃបាត់បង់ កម្ពុជាក្រោមឆ្នាំនេះ សមាជិក-កាគ្រប់ជាន់ថ្នាក់ នៃ សហព័ន្ធខ្មែរកម្ពុ ជាក្រោម ត្រូវធ្វើជាគំរូរួបរួមជាតិ ដោយអនុវត្តនូវរូបមន្ត កែទម្រង់កាយ វាចា ចិត្ត ដូចបានរាយរាបដោយសង្ខេបខាងលើ។
ប្រទេសកាណាដា, ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១០
អំពីខ្ញុំព្រះករុណាខ្ញុំបាទ
តោ គិម ថុង
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម.