ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅពេលថ្មីនេះ គេឃើញរូបថតព្រះសង្ឃមួយចំនួនបាននាំគ្នាឈរថតរូបនៅក្រោមគល់ទង់ជាតិ ប្រទេស សាធារណរដ្ឋឆាត (Republic of Chad) នៅបណ្ដោយមាត់ទន្លេ មុខព្រះបរមរាជវាំង នាទីក្រុងភ្នំពេញ ហើយថា នេះជាទង់ជាតិខ្មែរក្រោម ។
ការយល់ច្រឡំនេះ បន្ទាប់ពីទំព័រ Facebook ឈ្មោះ បេះដូងកូនខ្មែរ បាន Post រូបព្រះសង្ឃឈរនៅក្បែរ គល់ទង់ជាតិសាធា រណរដ្ឋឆាតដែលគេបានបង្ហូតឡើងនៅបណ្ដោយមាត់ទន្លេជាមួយទង់ជាតិ ប្រទេសនា នា ក្នុងពិភពលោក ។

ទំព័រ Facebook បេះដូងកូនខ្មែរ បានបង្ហោះរូបថតនេះ ភ្ជាប់ជាមួយពាក្យសរសេរថា៖
“ ព្រឹកថ្ងៃទី ១១ [ខែ ធ្នូ] ទៅតុលាការ អំពីរឿង ដីធ្លី វត្តសាមគ្គីរង្សី ពេលទំនេរក៏ហួសមកមាត់ទន្លេលេង ស្រាប់ តែឃើញ ព្រះសង្ឃនាំគ្នាំឱបបង្គោល ទង់ហើយ ស្រែក ថា នេះជាទង់ជាតិខ្មែរក្រោម ខ្ញុំក៏សុំថតទុក ហើយ បង្ហោះឡើង ហ្វេសប៊ុកចែកបងប្អូនមើលថា ខ្មែរក្រោមស្រឡាញ់ទឹកដី និងប្រជាជនខ្លាំងណាស់” ។
យោងតាមសៀវភៅមគ្គុទ្ទេស “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានបោះពុម្ពផ្សាយ ដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម កាលពី ឆ្នាំ ២០០៩ បានបញ្ជាក់ថា “ទង់ជាតិខ្មែរក្រោម មានបីឆ្នូត ដែល មានទំហំស្មើគ្នា និងមានពណ៌ ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី ។ ឆ្នូតពណ៌ខៀវ នៅខាងលើ ជានិមិត្តរូបនៃសិទ្ធិ សេរីភាពនិង ប្រជាធិបតេយ្យ ដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត ។ ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរ ក្រោម ដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌ ។ ពណ៌ក្រហមនៅខាងក្រោម ជានិមិត្តរូប នៃវីរភាព អង់អាចក្លាហាន របស់ វីរជន ខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់ ។
ចំណែកទង់ជាតិដែលព្រះសង្ឃថតនៅមាត់ទន្លេនោះ ជាទង់ជាតិរបស់សាធារណរដ្ឋឆាត ដែលមានឆ្នូត ៣ ពណ៌ ខៀវ លឿង ក្រហម ដូចទង់ជាតិខ្មែរក្រោមដែរ តែឆ្នូតទទឹង ។
ទង់ជាតិខ្មែរក្រោម នេះ នៅកម្ពុជាក្រោម រដ្ឋាភិបាលវៀតណាមមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមលើកនៅ ទីសាធារណៈទេ ឬ នៅតាមផ្ទះទេ ។
ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី ៥ នៅប្រទេសកម្ពុជា កាលពីខែកក្កដា មកដល់ ពេលនេះ គេសង្កេត ឃើញមានក្រុមយុវជន និងព្រះសង្ឃខ្មែរក្រោម បាននាំគ្នាលើកទង់ជាតិខ្មែរក្រោម ដង្ហែជាមួយនឹងគណបក្សសង្គ្រោះជាតិ និង សង្គមស៊ីវិល នៅទីសាធារណៈ ជាបន្តបន្ទាប់ ។
នៅពេលថ្មីនេះ ក្រុមយុវជនខ្មែរនៅប្រទេសកម្ពុជាមួយក្រុមដែលមានឈ្មោះថា យុវជនខ្មែរមហានគរ បានជួយផ្សព្វ ផ្សាយ ទង់ជាតិ ក្រោម ឲ្យពលរដ្ឋខ្មែរឲ្យបានជ្រាបផងដែរ ដោយពួកគេ បានលើកទង់ជាតិខ្មែរ ក្រោមនៅគ្រប់សកម្មភាព សង្គម របស់ខ្លួននៅទីក្រុងភ្នំពេញ និងខេត្តនានា ។

ខ្មែរក្រោម ជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម បច្ចុប្បន្ន កំពុងតែឋិតនៅក្រោមការគ្រប់គ្រងបែបអាណា និគមពី រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ក្រោយពីបារាំងបានប្រកាសកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ផ្ទេរដែនដី កម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន ឲ្យឋិតនៅក្រោមរដ្ឋចំណុះវៀតណាម ។ រដ្ឋាភិបាលបក្សកុម្មុយ និស្តវៀតណាម បានចាត់ ទុកខ្មែរក្រោមថា ជាជនជាតិភាគតិចនៅក្នុងចំណោមជនជាតិភាគតិច ទាំង ៥៣ នៅក្នុងប្រទេសវៀតណាម តែសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានបដិសេធនូវចំណាត់ការរបស់វៀត ណាម ហើយបានទាមទារឲ្យវៀតណាមហៅ ពលរដ្ឋ ខ្មែរក្រោមថា ជនជាតិដើម ។
នៅ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនៃអង្គការប្រជាជាតិ គ្មានតំណាង ហៅកាត់ ថា UNPO និងក្រោយមកនៅឆ្នាំ ២០០៤ បានចូលជាសមាជិកនៃវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិ ដើមរបស់ អង្គការ សហប្រជាជាតិ (UNPFII) ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូល ថ្លែងការណ៍នៅអង្គការសហប្រជាជាតិ នៅទីក្រុង New York សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ៕