បទបាសាក់
ទំនុកច្រៀង សឺង សម្រេច
ច្រៀងដោយ កៀង ចំរើន
១ នឹកស្រុកម៉្លេះទេ អឺយ ខ្ញុំឃ្លាតឆ្ងាយហើយ អឺយ…
រសាត់គ្មានត្រើយ ចោលរដ្ឋភារា (ៗ)
ខ្ញុំចេញស្វះស្វែង ប្រឹងជួយការពារ
ស្ទួយពុទ្ធសាសនា ជាតិឲ្យគង់វង្ស។
២ ម៉ែអឺយ អឺយម៉ែ កូននឹកម៉ែណាស់ អឺយ…
ជាតិនេះកម្មក្រាស់ ជាប់ក្នុងចំណង (ៗ)
កើតជាខ្មែរក្រោម រងគ្រោះកន្លង
ត្រូវយើងខំឆ្លង សមុទ្រទឹកភ្នែក។
៣ ឱ ញាតិសន្តាន អឺយ បងប្អូនមីងមា អឺយ…
ពិតមែនខ្ញុំលា ចិត្តមិនដែលបែក (ៗ)
ខំប្រឹងធ្វើការ រួមចំណែក
ជួយប្តឹង ជួយស្រែក ប្រាប់សាកល។
៤ ឱមហាអាសូរី អឺយ ចិត្តប្ញស្យា អឺយ…
សូមឯងឈប់ផ្តន្ទា ធ្វើទុក្ខ អំពល់ (ៗ)
ឈប់ធ្វើបាបខ្មែរ ប្រើកិច្ចកល
ឲ្យខ្មែរឈប់ខ្វល់ មានសេរីភាព៕
អត្ថាធិប្បាយបទ នឹកស្រុក
ទោះជាទីក្រុងធំៗ មានអាគារខ្ពស់ៗ មានភ្លើងភ្លឺចិញ្ចាចចិញ្ចែង មានភាពហ៊ឺហាយ៉ាងណា ក៏ដោយ ក៏មិនអាច ធ្វើ់ឲ្យខ្ញុំភ្លេចស្រុកកំណើតបានដែរ។ ស្រុកកំណើតខ្ញុំ ជាស្រុកស្រែ ដែលលំអ ដោយដើមចេក ដើមដូង ដើមស្លា ផ្ទះដំបូលស្បូវ និងវាលស្រែ ប៉ុន្តែជារមណីយដ្ឋានដ៏ស្រស់ត្រកាល សម្រាប់ខ្ញុំ ព្រោះវាជាជម្រកនៃក្រុមគ្រួសារ ញាតិសន្តានបងប្អូនមីងមា ជាពិសេស លោកឪពុកនិង អ្នកម្តាយជាទីគោរពស្នេហារបស់ខ្ញុំ។ ប៉ុន្តែគួរឲ្យស្តាយ ណាស់ ខ្ញុំជាខ្មែរក្រោម ដែលមិនអាចទទួលភាពសុខដុមលើទឹកដីកំណើតនោះបានឡើយ ដោយសាររដ្ឋអំ ណាច ដែលបានត្រួតត្រា តែងរក ល្បិចកិច្ចកល ដើម្បីរុកគួនរំខានសេចក្តីសុខសន្តិភាព ជាពិសេស ធ្វើឲ្យពួកខ្ញុំក្លាយខ្លួនជាកង្កែប ដែលរស់ក្នុងអណ្តូងដ៏ជ្រៅ សូម្បីតែភាសានិងអក្សរសាស្ត្រជាតិខ្លួនឯង ក៏មិនបាន រៀនសូត្រផង។ ខ្ញុំត្រូវតែបន្សាត់ខ្លួនចេញចោលស្រុកកំណើត ទាំងអាឡោះអាល័យជាទីបំផុត ដើម្បីស្វែងរកវិជ្ជា រួចវិលទៅវិញ ក្លាយខ្លួនជាប្រទីបជួយអុជបំភ្លឺភពផែនក៏ខ្មៅងងិត នៃទឹកដីកម្ពុជាក្រោមជាទីស្នេហា។
សូមជូនបទ នឹកស្រុក តាមលំនាំបទចម្រៀងបាសាក់
ទំនុកច្រៀងដោយ លោក សឺង សម្រេច
ច្រៀងដោយ លោក កៀង ចំរើន