ចំនួន​មនុស្ស​ស្លាប់​កើន​ដល់ ៣៤៩នាក់​គិត​ត្រឹម​ម៉ោង​ ៧​ និង​ ៣០​នាទី​ព្រឹក​

ភ្នំពេញ: សោកនាដកម្ម​នៅលើ​ស្ពាន​កោះ​ពេជ្រ​បានធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ជា​បន្តបន្ទាប់ និង​គួរឲ្យ​រន្ធត់​បំផុត​មិន​ធ្លាប់​មាន​។

តួលេខ​ដែល​ផ្តល់​ដោយ​សមត្ថកិច្ច​ នៅវេលា​ម៉ោង​៧​ និង​៣០​នាទី​បង្ហាញថា មាន​មនុស្ស​ស្លាប់​កើន​ដល់​ ៣៤៩​ នាក់ និង​អ្នករបួស​ចំនួន​ជាង​ ៥០០​នាក់​កំពុង​តែ​សម្រាក​ព្យ​បាល​ នៅ​ឯ​មន្ទីរពេទ្យ ​។ ចំនួន​អ្នក​ស្លាប់​ និង​របួស​ ចេះតែ​បន្ត​កើនឡើង​ជា​លំដាប់​។ សមត្ថកិច្ច ​នៅ​មិន​ទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ ​ដែល​នាំឲ្យ​កើត​មាន​បញ្ហា​នេះ​ នៅឡើយ​ទេ​។ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា នឹង​ស៊ើប​អង្កេត​ឲ្យបាន​ច្បាស់លាស់​ដើម្បី​រក​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​ មហា​សោកនាដកម្ម​នេះ​។

រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី​២៥​ វិច្ឆិកា​ ជា​ថ្ងៃ​កាន់ទុក្ខ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្រប់​ក្រសួង​មន្ទីរ​និង​ ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង​។ សមត្ថកិច្ច​កំពុងតែ​អំពាវនាវ ឲ្យមាន​ការចូលរួម​ដើម្បី​ស៊ើបអង្កេត​ឲ្យឃើញ​មូលហេតុ​ពិតប្រាកដ​។

សូមបញ្ជាក់​ថា ភាពចលាចល​មួយ​បាន​កើតឡើង​នៅ​ល្ងាច​ ថ្ងៃ​ទី​២២ ​វិច្ឆិកា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ ​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ចូលរួម ​។  សោកនាដកម្ម​បានកើត​ឡើង នៅលើ​ស្ពាន​ចេញពី​កោះ​ពេជ្រ ​។ ការកកស្ទះ​ និង​ភាពចលាចល​បាន​បណ្តាលឲ្យ​មនុស្ស​ផ្អើល​ជាន់គ្នា បណ្តាលឲ្យស្លាប់​និង​របួស​បែបនេះ​ ៕ ប្រភព CEN.COM.KH

.