ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះចៅអធិការវត្តមួយចំនួននៅតាមខេត្តមិនហ៊ានបង្ហោះគោម នៅក្នុងពិធីបុណ្យអកអំបុករបស់ខ្មែរទេ បន្ទាប់ពី នាយករដ្ឋមន្ត្រី វៀតណាម បានចេញបទបញ្ជាមួយហាមពលរដ្ឋវៀតណាមទូទាំង ប្រទេសបង្ហោះ គោមមក ។
ទីរួមខេត្តព្រះត្រពាំង ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១២៖ បដាអក្សរខ្មែរអំណរពិធីបុណ្យអកអំបុក |
ពលរដ្ឋខ្មែរក្រោមម្នាក់នៅខេត្តព្រះត្រពាំង បានប្រាប់ សារព័ត៌មាន ព្រៃនគរ នៅថ្ងៃទី ១៨ ខែវិច្ឆិកា នេះ ថា ព្រះចៅអធិការវត្តដែល មានតួនាទីក្នុងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមមិនហ៊ាន បង្ហោះគោមទេ ព្រោះខ្លាច អាជ្ញាធរធ្វើទុក្ខ ។
ចំណែកនៅតាមវត្តអារាម និងនៅតាមផ្ទះពលរដ្ឋខ្មែរក្រោមជា ច្រើនទៀត ក៏បានធ្វើគោមបង្ហោះផងដែរ បើទោះបីប្រមុខរដ្ឋា ភិបាលវៀតណាមបានចេញបញ្ជាហាមហោះគោមយ៉ាងណា ក៏ដោយ ព្រោះពួកគាត់ចាត់ ទុកថា នេះជាប្រពៃណីរបស់ពួកគាត់ តាំងពីបុរាណកាលមក ។
ពិធីបុណ្យអកអំបុកឆ្នាំនេះ គេសង្កេតឃើញថា អាជ្ញាធរវៀតណាម រៀបចំឲ្យមានសភាពកុះករជាងរាល់ឆ្នាំ ដោយពួកគេបានរៀបចំ កម្មវិធីកម្សាន្តជាច្រើននៅរមណីយដ្ឋានស្រះគូដូចជាការប្រគុំតន្ត្រី, ធ្វើតូបតាំង ពិព័រណ៍វប្បធម៌ស្រុកទាំង ៨ និងបដាអក្សរខ្មែរដើម្បី អបអរពិធីបុណ្យអកអំបុក ត្រូវបានគេលើឡើង ពាសពេញ នៅទីរួមខេត្តព្រះត្រពាំង ចាប់ពីថ្ងៃនេះទៅ ។ នេះបើយោងតាមការបញ្ជាក់ ពីព្រះសង្ឃខ្មែរក្រោមមួយ អង្គនៅខេត្តព្រះត្រពាំង ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញបទ បញ្ជាមួយចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និងមានប្រសិទ្ធិ ភាពចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ ហាមពលរដ្ឋវៀតណាម ទូទាំងប្រទេស បង្ហោះគោមគ្រប់រូបភាពតាមអ្វីមួយដែលគេលើក ឡើងថា ដើម្បីបង្ការគ្រោះអគ្គិភ័យ ។ ប៉ុន្តែព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោមបានអះអាងថា រដ្ឋាភិបាលចេញបទបញ្ជានេះ ដើម្បីលុប បំបាត់ប្រពៃណីបង្ហោះគោម របស់ពួកគេដែលធ្លាប់មានតាំងពី បុរាណកាលមក ។
អកអំបុកជាពិធីបុណ្យដ៏ធំមួយត្រូវបានពលរដ្ឋខ្មែរក្រោមប្រារព្ធ ជារៀងរាល់ឆ្នាំនាថ្ងៃ ១៥ កើតខែកត្ដិក ដោយមាន រៀបចំពិធីពុទ្ធ សាសននិយមកិច្ច លេងល្បែងប្រជាប្រីយ៍កម្សាន្តនៅតាមវត្ត អារាមនានា និង ពិធីប្រណាំងទូក ង នៅទីប្រជុំជនផងដែរ ៕