ចម្រៀងអត្ថាធិប្បាយបទៈ នាំអូនទៅលេងកម្ពុជាក្រោម

មានបងប្អូនខ្មែរយើងច្រើនណាស់ ដែលមានចំណាប់អារម្មណ៍នឹងទឹកដីកម្ពុជាក្រោម ហើយមានបំណងចង់ទៅ ឲ្យបានស្គាល់។ ប៉ុន្តែបំណងដ៏ច្រើនទាំងនោះ បានសម្រេច ចំពោះតែបងប្អូនយើងមួយចំនួនតូច តែប៉ុណ្ណោះ។ ក្រៅពីនោះ ប្រហែលជាកំពុងឋិត នៅក្នុងក្តីស្រមៃនៅឡើយ។  វាជាដំណើរស្វែងយល់មួយ A discovery travel ដ៏គួរឲ្យចាប់អារម្មណ៍ និងសែនរំភើបប្រចាំជីវិត។

ពេលឈានជើងជាន់លើទឹកដីខ្មែរអតីតមហានគរ ដែលត្រូវបានពុះចែកយ៉ាងអយុត្តិធម៌ ដោយព្រំដែនមួយ ដែលប្រជាពលរដ្ឋខ្មែរក្រោមខ្លួនឯងពុំបានយល់ព្រម ឬបានដឹងសូម្បីតែបន្តិចនោះ ប្រជារាស្រ្តខ្មែរលើទឹកដីសន្តរ នៃទន្លេមេគង្គជាច្រើនលាននាក់បានត្រូវគេកាត់ចេញ ហើយបោះចោល ទៅតាមព្រេងវាសនា ឲ្យរស់ក្រោម កំហឹង គំនុំរបស់គូរចម្បាំងប្រវត្តិសាស្រ្ត ។ មកត្រឹមនេះ យើងអាច នឹកស្រមៃបាន ថាតើគូសត្រូវចម្បាំង ប្រវត្តិសាស្រ្តអាចធ្វើអ្វីខ្លះទៅលើខ្មែរក្រោមអ្នកចាញ់សង្គ្រាម ? បើគ្រាន់តែពួកខ្មែរក្រហម ប៉ុល ពត អៀង សារី ជាជាតិខ្មែរដូចគ្នាផង ធ្វើបាបអ្នកចាញ់សង្គ្រាម ជាខ្មែររួមលោហិត តែក្នុងពេលជាងបីឆ្នាំ បានបន្សល់នូវ អនុស្សាវរីយ៍ជូរចត់ប៉ុនណា ? ចុះទម្រាំដល់ ជាតិគេផ្សេង ដែលធ្លាប់ច្បាំងស៊ីសាច់ហុតឈាមជាមួយជាតិយើង រាប់រយឆ្នាំ ធ្លាប់វាយចូលលុក និងគ្រប់គ្រងស្រុកខ្មែរ បានជាច្រើនលើកច្រើនសារ ? តើវាសនាខ្មែរក្រោម​ នៅឯនាយព្រំដែននោះ យ៉ាងណាទៅហើយដែរ មកទល់ នឹងពេលនេះ ? ??…

វិទ្យុសំឡេងកម្ពុជាក្រោមសូមបង្វិលរឿងរ៉ាវខ្លោចផ្សា មកផ្សាយជូន នូវចម្រៀងបាសាក់ មួយបទ ដែលរៀបរាប់ អំពីស្វាមីខ្មែរក្រោមម្នាក់ ក្រោយពីបានរៀបការរួចហើយ ក៏នាំភរិយាទៅលេង កម្ពុជាក្រោម ដើម្បីស្គាល់ ភូមិ ស្រុក ទឹកដី និងបានជួបស្គាល់ឪពុកម្តាយសាច់សារលោហិតរបស់ខ្លួន។ ចម្រៀងនោះ មានចំណងជើងថា នាំអូនទៅលេងកម្ពុជាក្រោម តាមលំនាំបទភ្លេងបាសាក់ និពន្ធទំនុកច្រៀងដោយលោក សឺង សម្រេច និងច្រៀងដោយ លោក កៀង ចំរើន។

យើងខ្ញុំសូមជំរាបថា នេះជាចម្រៀងមួយបទ នៅក្នុងថាស CD នៃចម្រៀងដ៏ច្រើនទៀត ដែល ផលិតកម្ម ព្រៃនគរ នឹងចេញលក់ដើម្បីសុំវិភាគទានជួយទ្រទ្រង់ការចំណាយផ្នែកព័ត៌មាន។ លោកអ្នក ដែលមានចំណាប់ អារម្មណ៍ សូមទាក់ទងមកព្រះតេជព្រះគុណ សឺង យឹង រតនា តាមលេខទូរសព្ទ 408 550 5060 ឬផ្ញើ អ៊ីម៉េលមក khmerkampucheakrom@gmail.com ឬតាម vokk.net។

តទៅនេះ សូមជូនចម្រៀងបាសាក់ ក្រោមចំណងជើង

“នាំអូនទៅលេងកម្ពុជាក្រោម”។