សេចក្តីថ្លែងការណ៍ នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា រឿងជម្លោះ ផ្ទុះអាវុធរវាកម្លាំងកងទ័ពខ្មែរ-សៀម

យើងខ្ញុំទាំងអស់គ្នា តំណាងឲ្យអង្គការ សមាគមខ្មែរ កម្ពុជាក្រោម សូមសំដែងនូវការ ព្រួយបារម្ភយ៉ាង ក្រៃលែង ចំពោះជម្លោះផ្ទុះ អាវុធរវាងកងកម្លាំងកម្ពុជា និងកងកម្លាំងថៃ ដែលបានកើតឡើង នៅតាមព្រំដែន តំបន់ ប្រាសាទព្រះវិហារ ហើយបានធ្វើឲ្យប៉ះពាល់ ដល់អាយុជីវិត ការរស់នៅ និងសន្តិសុខរបស់ប្រជា ពលរដ្ឋ នៅតាមដំបន់នោះ ។ រហូតមកដល់ពេលនេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានធ្វើការតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់ទៅលើទាំងបញ្ហាទំនាស់ ទាំងការដំណោះ ស្រាយ ចាប់តាំងពីឆ្នាំ ២០០៨មក ដែលភាគីទាំងពីរកម្ពុជា និងថៃបានព្យាយាមចរចារ រកដំណោះស្រាយ ប៉ុន្តែការចរចារ ទាំងនោះ មិនដែល បានទទួលលទ្ធផលល្អប្រសើរទេ ផ្ទុយទៅវិញ បានត្រឹមតែធ្វើ ឲ្យសភាពការសន្តិសុខ នៅតាមព្រំដែនកាន់តែមានបញ្ហា តានតឹងៗទៅ រហូតដល់មានការ ផ្ទុះអាវុធជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងមកថ្មីៗនេះ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម យល់ឃើញថា ការដោះស្រាយទំនាស់នេះ គួរតាមរយះការប្រើប្រាស់យន្តការ ថ្នាក់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា (អាស៊ាន) និងយន្តការអន្តរជាតិ (ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ) ដែលជាការចាំបាច់បំផុត ហើយកម្ពុជាគួរតែមិនអាចខាន បាន ពីព្រោះថាការចរចារទ្វេភាគីកន្លងមកឃើញថា មិនដែលទទួល បានលទ្ធផលជាផ្លែផ្កា ដោយសារតែភាគីថៃមិន បានគោរពតាមកិច្ចព្រមព្រៀង នៃការចរចារនោះ ។ ចំពោះស្ថានភាពបច្ចុប្បន្ននេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ទាំងអស់ប្រចាំព្រះរាជា ណាចក្រកម្ពុជា សូមស្នើយ៉ាងទទូច ចំពោះប្រទេសទាំងពីរឈប់ ផ្ទុះអាវុធជាបន្ទាន់ និងជៀសវាងការប្រទុស្តរាយសារជាថ្មីទៀត ហើយងាកមករកការខិតខំ ធ្វើការដោះស្រាយជម្លោះ តាមរយះភាគីទី៣ គឺអាជ្ញាកណ្តាល ក្នុងការចូលរួមដំណោះ ស្រាយបញ្ហាទាំងនោះ ។ ជាមួយនេះដែរ យើងខ្ញុំទាំងអស់គ្នាក្នុងនាមអង្គការសមាគមខ្មែរ កម្ពុជាក្រោម សូមសំដែងនូវអំណរសារទរជាអនេក និងគាំទ្រ ចំពោះចំណាត់ការរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជម្លោះ តាមរយះការស្នើ អន្តរាគមន៍ទៅសមាគមប្រជាជាតិអាស៊ីអាអគ្នេយ៍ និង បានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និង សូមកោតសរសើរដល់កងកម្លាំងប្រដាបអាវុធកម្ពុជាទាំងអស់ ដែលកំពុងឈរជើង នៅតាម បណ្តាយព្រំដែនខ្មែរ ថៃ បានការពារ និងទប់ទល់ជាមូយ សត្រូវឈ្លានពានពីប្រទេសថៃ និង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព និងយុទ្ធជនរងរបួសទាំងអស់ ។ តាមរយះនេះដែរ យើងខ្ញុំក៏សូមអំពាវនាវ ដល់អង្គការ សហប្រជាជាតិ និងប្រទេសហត្ថ លេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សូមជួយយក ចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះនេះ ប្រកបដោយសន្តិវិធី និងឲ្យ បានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។
ធ្វើនៅរាជធានីភ្នំពេញ,ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១
ពត៌មានផ្សេងៗសូមទំនាក់ទំនង៖
១. ឯកឧត្តមម ថាច់ សេដ្នា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាសមាជិកក្រុម ប្រឹក្សារាជធានីភំ្នពេញ ទូរស័ព្ទលេខ ០១២ ៩០៨ ៨៨២
២. ឯកឧត្តម យន្ត ថារូ ប្រធានមជ្ឈមណ្ឌល វប្បធម៌ខ្មែរកម្ពុជាក្រោម និងជាសមា ជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទលេខ ០១២ ៤៨១ ១៦១
៣. លោក សឺន យឿង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ ទូរស័ព្ទលេខ ០១២ ៩៣៣ ៦៤៩ ៤. លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ទូរស័ព្ទលេខ ០១២ ៥៨៦ ៣៣៦

.