គ្រួសារ​ខ្មែរ​ក្រោម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​​លែង​ស្រ្ដី​ម្នាក់​ដែល​ជាប់​ឃុំ

គ្រួសារ​ខែ្មរ​ក្រោម​ដែល​មាន​សេរីភាព​វិញ​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​ បាន​ចាប់​ឃុំ​ខ្លួន​មួយ​ថ្ងៃ បាន​អំពាវនាវ​​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ស្រ្តី​ម្នាក់​ទៀត​ដែល​កំពុង​តែ​ ជាប់​ឃុំ​នៅ​ក្នុង​គុក​ប្រទេស​វៀតណាម។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​ដែល​កំពុង​កាន់កាប់​ដោយ​វៀតណាម នៅ​ថៃ្ង​២២ កុម្ភៈ​នេះ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ឲ្យ​មាន​សេរីភាព​វិញ​នៅ​គ្រា​ដែល ​អាជ្ញាធរ​វៀតណាម​កំពុង​តែ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ក្រោម​បទ​បង្ក​របួស​ ស្នាម។

ស្រ្តី​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​តែ​ជាប់​ឃុំ​នោះ​មាន​ឈ្មោះ នាង ចាន់ថន អាយុ​៣០​ឆ្នាំ មាន​ផ្ទៃពោះ​៣​ខែ​និង​មាន​កូន​តូចៗ​ចំនួន​៣​នាក់​ក្នុង​បន្ទុក កំពុងតែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​នៅ​ក្នុង​ស្រុក​ញ៉ាបាង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក តាំង​ពី​ថៃ្ង​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ដែល​ត្រូវ​ជា​ឪពុក​មា​របស់ នាង ចាន់ថន គឺ​លោក ចៅ រិន ដែល​មាន​សេរីភាព​វិញ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «សូម​ឲ្យ​ដោះលែង នាង ចាន់ថន មក ឥឡូវ​គ្នា​មាន​ផ្ទៃពោះ​៣​ខែ​ផង ហើយ​កូន​តូចៗ​ទៀត។ កូន​៣​នាក់ ប្រុស​ពីរ​ស្រី​មួយ…»។

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​បាន​ថែ្លង​ថា នាង ចាន់ថន ត្រូវ​ជា​ក្មួយ​ស្រី មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ៖ «ខ្ញុំ ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទេ គេ​ចោទ​ក្មួយ​ខ្ញុំ​ហ្នឹង​ថា​កាប់​គេ។ ក្មួយ​ខ្ញុំ​អត់​បាន​កាប់​គេ​ទេ វា​ឃើញ​ខ្ញុំ​ដួល គេ​វ៉ៃ​ខ្ញុំ​មាំ​ពេក​ក៏​ទៅ​ជួយ ដល់​ទៅ​មើល ពេល​ផ្ងារ​ទៅ​ក៏​ទាក់​ដៃ​វា​ជាន់​ធាក់​ក្មួយ​ខ្ញុំ។ ឥឡូវ​ក្មួយ​ខ្ញុំ​គ្រាំគ្រា ហើយ​ខ្ញុំ​ក៏​មាន​ជំងឺ​ត្រដាបត្រដួស​ដែរ»

ស្វាមី​របស់ នាង ចាន់ថន ឈ្មោះ រ៉ា វឿន បាន​ថែ្លង​ថា ៖ «គ្មាន​អី​ហូប​ ទេ យាយ​ក៏​ចាស់​ទៀត ប្រពន្ធ​ជាប់​គុក វេទនា​មាំ​ណាស់។ កូន​តូចៗ ហើយ​យាយ​គាត់​ខ្វិន​ទៀត។ សូម​ដោះ​លែង​ប្រពន្ធ​ខ្ញុំ​មក​វិញ»

ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជាក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ៖ «យើង ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ដ៏​អមនុស្សធម៌​របស់​អាជ្ញាធរ​ អាណានិគម​វៀតណាម​នេះ ពី​ព្រោះ​គាត់​មាន​ផ្ទៃ​ពោះ​ផង ហើយ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​លោកស្រី នាង ចាន់ថន ហ្នឹង»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​ការ​ដោះ​ស្រាយ​រឿង​ឃុំ​ខ្លួន​ស្រ្តី​ខែ្មរ​ ខែ្មរ​កម្ពុជា​ក្រោម​នោះ ប៉ុន្តែ​ពុំ​មាន​អ្នក​ឆ្លើយ​តប។

កាល​ពី​ថៃ្ង​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃាត់​ខ្លួន​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៥​ នាក់ ក្នុង​នោះ​មាន​ឈ្មោះ ចៅ រិន ឈ្មោះ យាយ ស្រី ឈ្មោះ នាង រ៉ា ឈ្មោះ រ៉ា វឿន និង​ឈ្មោះ នាង ចាន់ថន ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​មួយ​ជាមួយនឹង​អាជ្ញាធរ​វៀតណាម ដែល​បាន​ចូល​មក​ច្រូត​ស្រូវ​ទុំ​របស់​ក្រុម​គ្រួសារ​នេះ​ចោល។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៤​នាក់​នៅ​ក្នុង​ចំណោម​៥​នាក់​ នោះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​បាន​ចាប់​ឃុំ​ខ្លួន​មួយ​ថៃ្ង និង​បាន​រង​ការ​ឆក់​ខ្សែ​ភ្លើង ចង​ស្លាប​សេក​និង​វាយ​ដំ​ឲ្យ​រង​របួស៕

ប្រភពពី RFA.