គ្រួសារ​ខ្មែរ​ក្រោម​ត្រូវ​វៀតណាម​សម្លាប់​ម្នាក់​ទារ​សំណង​ជំងឺ​ចិត្ត​១.៥០០​ដុល្លារ

ថ្ងៃពុធ, 29 ខែកញ្ញា  2010 ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ

គ្រួសារ​ជន​រងគ្រោះ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ដែល​រង​ការ​ចាក់​សម្លាប់​ដោយ​កន្ត្រៃ ដោយ​ជនជាតិ​ វៀតណាម កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្នុង​ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះត្រពាំង បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​នគរបាល​វៀតណាម ជួយ​អន្តរាគមន៍​សង​សំណង​ជំងឺ​ចិត្ត ៣០​លាន​ដុង ស្មើ​នឹង ១.៥០០​ដុល្លារ​អាមេរិក ហើយ​គ្រួសារ​នេះ​កំពុង​តែ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ឡើយ។

ជន​សង្ស័យ​ជា​ឃាតក​ជនជាតិ​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​នគរបាល​វៀតណាម បាន​ចាប់​ឃុំ​ខ្លួន​ ហើយ នៅ​ក្នុង​គុក​នៅ​ខេត្ត​ព្រះត្រពាំង ដោយ​រង់ចាំ​ការ​កាត់​ទោស។ នេះ​បើ​តាម​ការ​អះអាង​របស់​គ្រួ សារជន​រង​គ្រោះ​ខ្មែរ​កម្ពុជា​ក្រោម។

ឪពុកមា​របស់​ជន​រងគ្រោះ​ឈ្មោះ សឿន វ៉ាន់ថាញ់ អាយុ ១៧​ឆ្នាំ គឺ​លោក ថាច់ រស់ អាយុ ៥៤​ឆ្នាំ នៅ​ក្នុង​ស្រុក​ចៅថាញ់ ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះត្រពាំង ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ នៅ​ថៃ្ង​ទី​២៨ ខែ​កញ្ញា​ថា អាជ្ញាធរ​នគរបាល​វៀតណាម បាន​សន្យា​មក​ដោះស្រាយ​នៅ​ថៃ្ង​ទី​២៨ ខែ​កញ្ញា ប៉ុន្តែ​លោក​មិន​ទាន់​បាន​ឃើញ​មក​នៅ​ទ្បើយ​ទេ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ

លោក​បន្ត​ថា ប្អូន​ប្រុស​របស់​លោក​បាន​ទៅ​ជួប និង​បាន​ឃើញ​ជន​សង្ស័យ​ជា​ឃាតក​នោះ​នៅ​ក្នុង​គុក​កាល​ពី​ពេល​ថ្មីៗ​នេះ ៖ «៣០ ​លាន​ដុង គេ​ឲ្យ​សម្រាប់​ធ្វើ​បុណ្យ​ហ្នឹង។ រដ្ឋ​គេ​ឃុំ ១០​ឆ្នាំ អា​ហ្នឹង ១០​ឆ្នាំ​គេ​ចាប់​ហើយ។ សម្លាប់​មនុស្ស​ម្នាក់​គេ​ឃុំ ១០​ឆ្នាំ បាន​គេ​លែង»

ប្រភព​ពី​គ្រួសារ​រង​គ្រោះ និង​កាសែត​ឈ្មោះ​ព្រៃនគរ​របស់​ខ្មែរ​កម្ពុជា​ក្រោម បាន​រាយ​ការណ៍​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា សប្ដាហ៍​កន្លង​ទៅ​នេះ ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ឈ្មោះ សឿន វ៉ាន់ថាញ់ អាយុ ១៧​ឆ្នាំ បាន​រង​ការ​ចាក់​សម្លាប់​ដោយ​កន្ត្រៃ ដោយ​ជនជាតិ​វៀតណាម​ម្នាក់ នៅ​ក្នុង​ហាង​មួយ ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដោយសារ​តែ​ជម្លោះ ឬ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា។

ជន​រង​គ្រោះ​រូប​នេះ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​តែ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​ពេទ្យ និង​ការ​ព្យាបាល។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក យន្ត ថារ៉ូ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ខ្មែរ​កម្ពុជា​ក្រោម​នានា​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក យន្ត ថារ៉ូ បន្ត​ថា ៖ «ដើរ​ទៅ​ណា​កុំ​ឲ្យ​ទៅ​ម្នាក់​ឯង ពីព្រោះ​យើង​ឃើញ​ហេតុការណ៍​នៅ​ក្នុង​ប៉ុន្មាន​ជាង ២​ខែ​កន្លះ ទៅ ៣​ខែ​នេះ ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ជា​បន្តបន្ទាប់»

កាល​ពី​ថៃ្ង​ទី​២ ខែ​កញ្ញា កន្លង​ទៅ​នេះ ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់ មាន​ឈ្មោះ ចៅ ណែត និង​ឈ្មោះ ចៅ ផាត បាន​រង​ការ​ព្រួត​វាយ​សម្លាប់​ដោយ​ហ្វូង​អ្នក​ភូមិ​វៀតណាម នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​នៅ​ក្នុង​ខេត្ត​រោងដំរី ឬ​ខេត្ត​តៃនិញ ទឹក​ដី​ខ្មែរ​កម្ពុជាក្រោម ដោយសារ​តែ​ជម្លោះ​ពាក្យ​សម្ដី​គ្នា។

ខែ្មរ​កម្ពុជា​ក្រោម ១១​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នោះ។ គេ​មិន​ទាន់​បាន​ដឹង​ថា ជន​សង្ស័យ​ជា​ឃាតក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទ្បើយ​ទេ​មក​ដល់​ពេល​នេះ៕

.