គុក

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៧)

ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ។
ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ។

គុកសម្រាប់ឃុំឧក្រិដ្ឋជន
ប្រព្រឹត្តទោសធ្ងន់បង្ហិនគេ
ចោរប្លន់សម្បត្តិមានម្ចាស់ថែ
យកធ្វើជាកេរខ្លួនឥតខ្មាស ។
គុកសម្រាប់ឃាំងឃាតក
គ្មានមនុស្សធម៌សាងបាបក្រាស់
សម្លាប់គេឯងដោយមោហៈ
គួរច្បាប់រូតរះដាក់ពិន័យ ។
គុកសម្រាប់លត់ដំមនុស្ស
ដែលបានធ្វើខុសឥតសង្ស័យ
ឲ្យកែប្រែខ្លួនមានតម្លៃ
សាងជីវិតថ្មីក្នុងសង្គម ។
គុកសម្រាប់ឃាំងជនកំហូច
ដែលបានប្លន់លួចកេងបន្លំ
ទ្រព្យសម្បត្តិជាតិខុសក្រឹត្យក្រម
សាងខ្លួនស្តុកស្តម្ភជាន់ក្បាលរាស្ត្រ ។
គុកសម្រាប់ឃុំពួកអ្នកមាន
រំលោភបំពានហ៊ានជម្លៀស
ប្រជាស្លូតត្រង់ឲ្យនិរាស
យកដីគេហៈឥតខ្មាសអៀន ។
របបកុម្មុយនិស្តយួនច្បាប់ព្រៃ
សាងគុកដើម្បីឃាំងអ្នកហ៊ាន
រិះគន់បទរំលោភបំពាន
ឬអ្នកដែលហ៊ាននិយាយពិត ។
សាងគុកឃុំតែអ្នកស្លូតត្រង់
ខ្មែរក្រោមព្រះសង្ឃល្អបរិសុទ្ធិ
ម្តេចឡើយមិនឃុំជនឧក្រិដ្ឋ
នេះហើយគុកងឹតគុកច្បាប់ព្រៃ ៕៚

បាងកក, ប្រទេសថៃ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១១