សម័យប្រជុំលើកទី ៨០ របស់គណៈកម្មាធិការទទួលបន្ទុកផ្នែកលុបបំបាត់ ការរើសអើងប្រកាន់ពូជ សាសន៍ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហ ប្រជាជាតិ នៅថ្ងៃទី ២២ ខែកុម្ភៈ បានចោទសួររបាយការណ៍របស់ ប្រទេសវៀតណាម ស្ដីពីសិទ្ធិសេរី ភាពនៃក្រុមជនជាតិ ដែលរស់ នៅលើទឹកដីវៀតណាម។ ផ្នែកខ្លះនៃសម័យប្រជុំនេះ ដែលកំពុងប្រ ព្រឹត្តទៅ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្ដោតលើការទាមទារឱ្យទទួលស្គាល់ពលរដ្ឋខ្មែរកម្ពុជាក្រោមជាជនជាតិដើម។
គណៈប្រតិភូវៀតណាម នៅក្នុងសម័យប្រជុំនោះ បានបង្ហាញរបាយការណ៍ ឆ្នាំ ២០០០-២០០៩ ក្នុងការអនុវត្តន៍គោលការណ៍របស់គណៈកម្មាធិការលុបបំបាត់ការរើសអើងប្រកាន់ពូជសាសន៍ ស្ដីអំពីការធានាសិទ្ធិជាសារវន្ត ជាមូលដ្ឋានទាំងឡាយ ដល់ក្រុមជនជាតិភាគតិច នៅក្នុងប្រទេសវៀតណាម រួមមានជនជាតិម៉ុង ថៃ ចាម និងខ្មែរក្រោមជាដើម។
ទាក់ទងនឹងការទាមទាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលសុំឱ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនជាតិដើម មន្ត្រីនៃគណៈកម្មាធិការលុបបំបាត់ការរើសអើងប្រកាន់ពូជសាសន៍ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកយកមកចោទសួរតំណាងប្រទេសវៀតណាមជាថ្មីទៀត នៅក្នុងសម័យប្រជុំថ្ងៃទី ២២ ខែកុម្ភៈនេះ។
សំឡេង៖ «តើរដ្ឋាភិបាល (វៀតណាម) អាចបញ្ជាក់ឡើងវិញ នូវជំហររបស់ខ្លួន ក្នុងការទទួលស្គាល់ការទាមទាររបស់ក្រុមជនជាតិដើមជាច្រើន ដែលសហគមន៍តំបន់ភ្នំមួយចំនួន បានព្យាយាម (តស៊ូមតិ) ជាយូរមកហើយ តាមរយៈអង្គការពុំមែនរដ្ឋាភិបាលជាតំណាង ដូចជា ពលរដ្ឋខ្មែរក្រោមជាដើម?»។
ឆ្លើយតបទៅនឹងការចោទសួរនេះ គណៈប្រតិភូវៀតណាម បានបកស្រាយថា នឹងកត់ត្រា ដើម្បីយកទៅពិនិត្យពិចារណាបន្ថែមទៀត ជាមួយអ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ ព្រមទាំងសហគមន៍ជនជាតិ។
សំឡេង៖ «រឿងពូជសាសន៍ ជនជាតិភាគតិច និងរឿងជនជាតិដើមនេះ គឺមានឥទ្ធិពលប៉ះពាល់ខ្លាំងណាស់ ទៅលើស្មារតី និងជីវិតនយោបាយ។ ប៉ុន្តែ ដោយសារបញ្ហា ដែលបន្សល់ទុកពីសង្គ្រាម ការត្រួតត្រារយៈពេលដ៏យូរអង្វែងនៃអាណានិគមនិយម បានបណ្ដាលឱ្យក្រុមជនជាតិដើម (ទាំងនោះ) មានចំនួនថយចុះ និងបាត់បង់ប្រទេស។ ក្រោយការរំដោះ បន្ទាប់ពីរួបរួមគ្នា យើងបានឈប់ប្រើពាក្យ «ជនជាតិដើម» រហូតមក។ ប៉ុន្តែ ក្នុងសភាពការណ៍ថ្មី ដូចដែលសមាជិកគណៈកម្មាធិការបានស្នើឡើងនេះ យើងនឹងកត់ត្រា ដើម្បីយកទៅពិនិត្យពិចារណាបន្ថែមទៀត មិនមែនតែពិភាក្សាក្នុងរង្វង់អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលនោះទេ គឺនឹងពិភាក្សាជាមួយក្រុមអ្នកវិទ្យាសាស្ត្រផងដែរ ដើម្បីឱ្យបានទស្សនៈដ៏រឹងមាំ ដែលយើងអាចនឹងយកទៅពិភាក្សាស្ទង់មតិជាមួយសហគមន៍ ដែលពួកគេអាចទទួលយកបាន ហើយនឹងដាក់ជាផ្លូវការ»។
កិច្ចប្រជុំរបស់គណៈកម្មាធិការលុបបំបាត់ការរើសអើងប្រកាន់ពូជសាសន៍ (United Nations Human Rights, Committee on the Elimination of Racial Discrimination-CERD) នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រព្រឹត្តទៅក្នុងរយៈពេល ២ ឆ្នាំម្ដង ដែលជាទូទៅមានរយៈពេល ៣ សប្តាហ៍។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ សំដែងនូវក្ដីសង្ឃឹមថា ទោះបីជាឆ្នាំនេះ មិនទាន់មានការឆ្លើយតបទទួលស្គាល់ក្តី ក៏រដ្ឋាភិបាលវៀតណាម នៅតែត្រូវលើកឡើងមកផ្ដល់ចំលើយចំពោះការទាមទាររបស់ក្រុមសហគមន៍ជនជាតិដើម រួមទាំងពលរដ្ឋខ្មែរក្រោមផង នៅក្នុងកិច្ចប្រជុំលើកក្រោយៗ ទៀត។ សហព័ន្ធនឹងតស៊ូមតិនៅថ្នាក់អន្តរជាតិជាបន្ត រហូតដល់មានការទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាជនជាតិដើមជាផ្លូវការ ក្នុងថ្ងៃណាមួយនៅពេលអនាគត។
នៅក្នុងសម័យប្រជុំថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១២៖
សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងបន្តការតស៊ូមតិ នៅឯអង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យ រដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើទឹកដីដើមកំណើតរបស់ខ្លួន។
អង្គការសហប្រជាជាតិ ចោទសួរទៅតំណាងរដ្ឋាភិបាលវៀតណាម ចំពោះការចាត់ទុកពលរដ្ឋខ្មែរក្រោមជាជនជាតិភាគតិច ឬជនជាតិដើម។ទាក់ទងនឹងការទាមទារនេះ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានឱ្យដឹងតាមទូរស័ព្ទពីទីក្រុងហ្សឺណែវមកថា នៅក្នុងសម័យប្រជុំថ្ងៃទី ២១ ខែកុម្ភៈ មន្ត្រីជាច្រើនរូប នៃគណៈកម្មាធិការទទួលបន្ទុកផ្នែកលុបបំបាត់ការរើសអើងប្រកាន់ពូជសាសន៍ បានចោទសួរតំណាងរដ្ឋាភិបាលវៀតណាម ថាតើនឹងប្រកាន់ជំហរយ៉ាងដូចម្ដេច?
ស្ត្រីជនជាតិស្បែកខ្មៅម្នាក់ទៀត៖ «របាយការណ៍អ្នកឯង និយាយអ្វីសុទ្ធតែល្អទាំងអស់។ ប៉ុន្តែ ខ្ញុំចង់ដឹងជំហររដ្ឋាភិបាលអ្នកឯង តើហៅគេជាជនជាតិភាគតិច ឬជនជាតិដើម? ព្រោះម្ដងថា ជនជាតិភាគតិច ម្ដងទទួលស្គាល់ក្នុងសេចក្ដីប្រកាសរបស់ជនជាតិភាគតិច អ្នកឯងទទួលស្គាល់គេ។ ជំហរអ្នកឯងមួយណា បញ្ជាក់ឱ្យច្បាស់មើល»។
នៅក្នុងសម័យប្រជុំនោះ តំណាងរដ្ឋាភិបាលវៀតណាម បានឡើងថ្លែងរយៈពេលជាងមួយម៉ោង បង្ហាញអំពីចំណុចល្អៗ នៃស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិភាគតិច ដែលរស់នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន។
ក្នុងរបាយការណ៍ ភាគីវៀតណាមបានបង្ហាញថា ក្រុមជនជាតិភាគតិច មានសិទ្ធិរក្សាអត្តសញ្ញាណដើមរបស់ខ្លួន ដោយអាចប្រើប្រាស់ភាសា អក្សរ សំលៀកបំពាក់ និងប្រពៃណីជំនឿសាសនា របស់ខ្លួន។ រដ្ឋាភិបាលវៀតណាម បានផ្ដល់សិទ្ធិអប់រំសិក្សារហូតដល់ថ្នាក់ឧត្ដម ផ្ដល់សេវាសុខាភិបាល និងបានលើកកំពស់សិទ្ធិស្ត្រី នៃក្រុមជនជាតិភាគតិច ឱ្យបានចូលរួមទទួលតំណែងនៅក្នុងរដ្ឋាភិបាលជាដើម។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានឱ្យដឹងបន្ថែមទៀតអំពីការលើកឡើងរបស់គណៈកម្មាធិការទទួលបន្ទុកផ្នែកលុបបំបាត់ការរើសអើងប្រកាន់ពូជសាសន៍ នៃអង្គការសហប្រជាជាតិ ចំពោះបញ្ហាថា តើនរណាជាអ្នកសម្រេចក្នុងការកំណត់ក្រុមជនជាតិ ឬជនជាតិដើម។
សំឡេងលោកម្នាក់ទៀត៖ «បើមែនទែនទៅ អ្នកឯងហៅគេជនជាតិភាគតិច ឬជនជាតិដើមនោះ មិនមែនរដ្ឋាភិបាលទេ គឺជនជាតិហ្នឹងខ្លួនឯង។ បើគេថា គេជាជនជាតិភាគតិច អ្នកឯងត្រូវតែគោរពគេ។ បើគេថា គេជនជាតិដើម អ្នកឯងត្រូវតែឱ្យគេថាជនជាតិដើម ព្រោះគេមានមូលហេតុ មានមូលដ្ឋានរបស់គេ។ តាមពួកខ្ញុំដឹង អ្នកឯងប្រាប់ខ្ញុំថា ជនជាតិភាគតិចហ្នឹងមានដល់ទៅ ៥៣ ក្រៅពីជនជាតិចិន។ តាមប្រវត្តិសាស្ត្រ គឺជនជាតិហ្នឹងគេរស់នៅទីនោះ រាប់ពាន់ឆ្នាំមកហើយ។ ដូច្នេះ អ្នកឯងត្រូវសួរគេ ឱ្យគេជាអ្នកសម្រេច មិនមែនអ្នកឯងជាអ្នកសម្រេចទេ»។
នៅថ្ងៃទី ២២ ខែកុម្ភៈ សម័យប្រជុំផ្ដល់ឱកាសដល់តំណាងរដ្ឋាភិបាលវៀតណាម ដើម្បីបកស្រាយឆ្លើយតបទៅគណៈកម្មាធិការ និងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម។ ចំពោះសំណួរទាំងនេះ ព្រមទាំងសំណើផ្សេងទៀត នៃក្រុមអង្គការពុំមែនរដ្ឋាភិបាល ជុំវិញសិទ្ធិមនុស្ស សិទ្ធិគោរពជំនឿសាសនា និងប្រពៃណីរបស់ជនជាតិម៉ុងតាញ៉ា ជនជាតិចាម និងជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម៕ ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី