ក្នុងនាម សមាជិក សមាជិកា សហការរី សហការិនី នៃគណៈកម្មាធិការបណ្ដាញយុវជនខ្មែរ កម្ពុជាក្រោមទាំងអស់ រួមមាន៤២បណ្តាញយុវជនទូទាំងព្រះរាជាណាចក្រកម្ពុជា សូមសំដែងនូវសេចក្ដីសោកស្ដាយយ៉ាងក្រៃលែងចំពោះការបាត់បងជីវិត និងការទទួលរងគ្រោះរបស់យុវ័ន យុវតីខ្មែរ និងខ្មែរក្រោមទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរក្នុងឧបទ្ទវហេតុនៅលើស្ពានពេជ្រ (ស្ពានកោះពេជ្រ) នារាត្រីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០ត្រូវនឹងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ នៃរាជពិធីប្រណាំងទូកង អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរមណីយដ្ឋានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសេចក្ដីក្រៀមក្រំ និងសូមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព និងជនរងគ្រោះគ្រប់គ្រួសារទាំងអស់ដោយកី្តសោកសង្រេងជាទីបំផុត។ សូមដួងវិញ្ញាណក្ខន្ធរបស់សពបានទៅកើត នៅក្នុងសុគតិភពកុំបីខាន ។ ចំពោះយុវ័ន យុវតី ដែលជាអ្នករងរបួសសូមបានឆាប់ជាសះស្បើយ រួចផុតទុក្ខ សោក រោគ ភ័យ ចង្រៃ ឧបទ្រពទាំងពួង និងសូមឲ្យឆាប់ទទួលបាននូវសុខភាពល្អបរិបូណ៌កុំបីអាក់ខានឡើយ។
ធ្វើនៅភ្នំពេញ, ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០