សមាគមខ្មែរកម្ពុជាក្រោម នៅក្នុងវត្តសាមគ្គីរង្សី ស្ថិត នៅក្នុងសង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ត្រូវបាន តំណាងគណៈកម្មការវត្តនេះ នាំគ្នាទៅរុះរើស្លាក សញ្ញាសមាគម ចេញពីបរិវេណវត្ត ប៉ុន្តែត្រូវបានរារាំងដោយព្រះសង្ឃ នៅក្នុងវត្តនេះ មិនអនុញ្ញាតឲ្យរុះរើចេញនោះទេ។ ភាពចម្រូងចម្រាសគ្ នាបានកើតមានឡើងនៅក្នុងវត្តសាមគ្គីរង្សី ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា រវាងតំណាងគណៈកម្មការវត្ត និងសមាជិកសមាគមខ្មែរកម្ពុជាក្រោមចំនួន៣ នៅក្នុងបរិវេណវត្តនេះ ដោយសារតំណាងគណៈកម្មការវត្តចង់ទម្លាក់ស្លាកសមាគមខ្មែរកម្ពុជា ក្រោមចេញពីបរិវេណវត្តតែមិនបានសម្រេច។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សាង បានអះអាងថា លោកមិនព្រមរុះរើស្លាកសមាគមរបស់លោកចេញពីបរិវេណវត្តនេះជាដាច់ ខាត ពីព្រោះថា សមាគមរបស់លោកពុំបានប្រព្រឹត្តខុសទៅនឹងច្បាប់រដ្ឋអ្វីនោះឡើយ ៖ «គណៈកម្មការ នាយករបស់មិត្តសមាគមខ្ញុំសុទ្ធតែជាសមាជិកគណបក្សប្រជាជន មានអីប៉ះពាល់ដល់រដ្ឋាភិបាល ? ហើយយើងបិទអ៊ីចឹងវាបាត់អត្តសញ្ញាណខ្មែរក្រោម គ្រាន់តែបុគ្គលពីរនាក់»។
សេចក្ដីជូនដំណឹងរបស់លោក ធួន សារ៉ែន តំណាងគណៈកម្មការវត្ត និងព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី ចុះថ្ងៃទី៤ ខែមីនា កន្លងទៅ ប្រគេនជូនព្រះគ្រូ យ៉ាន់ ថាត់ ប្រធានស្ដីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម លោក ថាន់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងលោក ទេព វ៉ា ប្រធានសមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម តម្រូវឲ្យដកស្លាកសមាគម និងរុះរើការិយាល័យចេញពីវត្តក្នុងរយៈពេល ១០ថ្ងៃជាកំហិត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមីនានេះ។
តំណាងគណៈកម្មការវត្តសាមគ្គីរង្សី លោក ធួន សារ៉ែន បានបញ្ជាក់ថា ការតម្រូវឲ្យសមាគមខ្មែរកម្ពុជាក្រោមទាំងបីនេះរុះរើចេញពីវត្ត ពីព្រោះមានការណែនាំពីលោក ឆៃ ស៊ីណារិទ្ធិ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ៖ «នៅក្នុង លិខិតរបស់ខ្ញុំ ជម្រាបត្រង់តែម្ដង ឯកឧត្តម ឆៃ ស៊ីណារិទ្ធិ គាត់បានមានប្រសាសន៍ថា ខ្ញុំចង់ឃើញវត្តនេះទៅជាវត្តមួយក្លាយជាទីគោរពបូជាព្រះពុទ្ធ សាសនា ជាវត្តមានព្រះសង្ឃសិក្សារៀនសូត្រ គោរពធម៌វិន័យ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក ឆៃ ស៊ីណារិទ្ធិ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានទេ នៅថ្ងៃទី១៤ ខែមីនា ជុំវិញករណីនេះ រីឯលោក សុខ ផល អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃ លោកមិនធ្វើអធិប្បាយទេ ព្រោះលោកជាប់បេសកកម្មនៅឯបរទេស។
សេចក្ដីថ្លែងការណ៍របស់មិត្តសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ បានសរសេរថា លោក ធួន សារ៉ែន និងក្រុមគូកនបានប្រើល្បិចញុះញង់ព្រះសង្ឃក្នុងវត្តសាមគ្គីរង្សី ដោយប្រើឈ្មោះលោកឧត្ដមសេនីយ៍ឯក សុខ ផល និងលោកឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធិ ជាបង្អែក ធ្វើការគំរាមកំហែងព្រះសង្ឃ និងអង្គការសមាគមខ្មែរកម្ពុជាក្រោមនានា ក្នុងបំណងប្រឆាំងនឹងផលប្រយោជន៍ពុទ្ធសាសនាខ្មែរកម្ពុជាក្រោម។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សាង បានបញ្ជាក់ថា លោកនឹងធ្វើលិខិតផ្ញើទៅក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យរកយុត្តិធម៌អំពីបញ្ហានេះ។ ប្រភពដដែលបានអះអាងថា វត្តសាមគ្គីរង្សី បានផ្ដួចផ្ដើមកសាងឡើងដោយព្រះសពព្រះតេជព្រះគុណវិជ្ជរតនបញ្ញាព្រះមហា យឿង សិន ដែលជាអតីតព្រះចៅអធិការវត្តនេះ ដែលមានថវិកាឧបត្ថម្ភពីបងប្អូនខ្មែរកម្ពុជាក្រោមនៅក្នុងស្រុក និងក្រៅស្រុក ហើយបញ្ហាឲ្យរុះរើសមាគមខ្មែរកម្ពុជាក្រោមចេញពីវត្តសាមគ្គីរង្សី នេះ បានកើតមានបន្ទាប់ពីព្រះអង្គ យឿង សិន សុគតកាលពីខែកញ្ញា ឆ្នាំ២០១០។
ឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថា បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ចំនួន ៦ខែត្រ ប៉ុន្តែឯកសារខ្លះថា ចំនួន ២១ ហើយក្រោយមកប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួនបានភៀសខ្លួនមក តាំងទីលំនៅក្នុងប្រទេសកម្ពុជាកណ្ដាល និងទៅប្រទេសមួយចំនួនផ្សេងទៀត៕ ប្រភពអត្ថបទ៖ RFA