ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យពលរដ្ឋខ្មែរផ្លាស់ប្តូរថ្នាក់ដឹកនាំបច្ចុប្បន្ន តាមរយៈការបោះ ឆ្នោតឡើង វិញ ដោយហេតុផលថា ពលរដ្ឋបាត់បង់សិទិ្ធរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំ ។

ក្នុងការអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងទៅ កាន់អ្នក គាំទ្រជិត ៥០០០ នាក់នៅទីលានប្រជាធិបតេយ្យថា សិទ្ធិរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមរយៈសន្លឹក ឆ្នោត ត្រូវបានលួច ។ លោកបន្តថា ពលរដ្ឋត្រូវតែផ្លាស់ប្តូរថ្នាក់ដឹកនាំបច្ចុប្បន្នតាមរយៈសន្លឹកឆ្នោត ដោយហេតុផលថា នេះជារដ្ឋាភិបាលកុម្មុយនិស្ត និងផ្តាច់ការ ។
លោក កឹម សុខា ថ្លែងថា៖
“យើងចង់ធ្វើការផ្លាស់ប្ដូរតាមរយៈសន្លឹកឆ្នោតយើង យើងមិនចង់ទុកអ្នកដឹកនាំកុម្មុយនិស្ដ ផ្ដាច់ការឲ្យនៅ បន្ដ អំណាច ៣០ ឆ្នាំជាងនេះតទៅទៀតទេបងប្អូន” ។
លោក កឹម សុខា ឲ្យដឹងទៀតថា គណបក្សសង្គ្រោះជាតិ កំពុងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការបន្តទាមទារ ឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងទទួលជ័យជម្នះក្នុង អាណត្តិនេះ ដោយមិនរង់ចាំអាណត្តិក្រោយនោះទេ ។
ចំណែក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាកំពុងដើរថយក្រោយ បើធៀបនឹងប្រទេសជិតខាង ។ លោកលើកទ្បើងពីនិទណ្ឌភាពនៅកម្ពុជា ករណីការបាញ់ សម្លាប់ពលរដ្ឋម្នាក់ លើស្ពាន អាកាស ក្បាលថ្នល់ និងស្ត្រីលក់បាយម្នាក់ នៅក្បែរស្ពានស្ទឹងមានជ័យ ។ លោកថា រហូតមកទល់ពេលនេះ ជនល្មើសមិន ត្រូវបានចាប់មកផ្តន្ទាទោសនោះទេ ។
លោក សម រង្ស៊ី បានថ្លែងថា៖
“យើងយ៉ាប់យ៉ឺនក្រីក្រអន់ថយ ដោយសារយើងមានអ្នកដឹកនាំអាក្រក់តែសួរថា អ្វីបានគេមានអ្នក ដឹកនាំល្អ ពីព្រោះ ស្រុកគេមានការបោះឆ្នោតត្រឹមត្រូវ” ។
លោក សម រង្ស៊ី បានថ្លែងបន្តទៀតថា គណបក្សសង្គ្រោះជាតិនឹងបន្តទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលលោកបានលើក ឡើងថា ត្រូវបានគេលួចបន្លំសន្លឹកឆ្នោតកាលពីខែកក្កដា ដោយទាមទារឲ្យមានការ បង្កើតគណៈកម្មការឯករាជ្យមួយដើម្បី ស៊ើប អង្កេត លទ្ធផលឆ្នោត ។ ផ្ទុយពីនេះ ប្រសិនបើ រដ្ឋាភិបាល លោក ហ៊ុន សែន មិនព្រមបង្កើតគណៈ កម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតលទ្ធផលឆ្នោតទេ គណបក្ស សង្គ្រោះជាតិ នឹងទាមទារឲ្យបោះឆ្នោតឡើងវិញ ។
លោក សម រង្ស៊ី បានថ្លែងថា៖
“យើងប្រឆាំងដាច់ខាតការលួចបន្លំសន្លឹកឆ្នោត ។ យើងទាមទារឲ្យមានគណៈកម្មការឯករាជ្យមួយស៊ើប អង្កេត……អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងទៅនេះ ដើម្បីប្រគល់សងសន្លឹកឆ្នោតដែលគេលួច ពីប្រជា រាស្ត្រសងប្រជារាស្ត្រវិញ” ។
នៅថ្ងៃ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នេះ ក្រុមអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាញ ធម្មយាត្រាសង្ឃ បានប្រារព្ធពិធីនេះផ្សេងៗគ្នា នៅកន្លែងផ្សេងៗគ្នា ដើម្បីទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស កាន់តែប្រ សើរ ឡើងនៅក្នុងប្រទេសកម្ពុជា ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា ដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា បានហែរ ក្បួនមកប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ មុនពេលដើរក្បួនរួមគ្នាមករដ្ឋសភាជាតិ ។
ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាសមាជិកនៃក្រុមមិត្ត ១០ ធ្នូ បានដើរហែក្បួនពីផ្លូវជាតិចំនួន ៥ បានមកជួបជុំគ្នា នៅមុខវិមានរដ្ឋសភាជាតិ បន្ទាប់ពីហែរក្បួនធម្មយាត្រា សិទ្ធិយាត្រា អហិង្សាអស់រយៈពេល ១០ថ្ងៃ ក្នុងចម្ងាយផ្លូវ ១០០០ គីឡូម៉ែត ដើម្បីបង្ហាញនិងពាំនាំនូវសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋតាមផ្លូវ ទៅដល់រាជរដ្ឋាភិបាល និងតំណាងរាស្ត្រ ស្នើឲ្យមន្ត្រីរាជរដ្ឋាភិបាល ប្តេជ្ញាបញ្ឈប់ការរំលោភនូវសិទ្ធិមនុស្ស ។
ដោយឡែក ក្រុមសង្គមស៊ីវិល ជិត ២០០ ស្ថាប័ន ដែលរួមមាន អង្គការ CHRAC លីកាដូ និងអាដហុក ជាដើម បានជួបជុំនៅ វត្តភ្នំ ដោយគ្មានការដើរហែក្បួនអ្វីទេ ដើម្បីបង្ហាញពីតម្រូវការផ្នែកសិទ្ធិមនុស្ស។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្តល់ សច្ចាប័ន លើអនុញ្ញាអង្គការពលកម្មអន្តរជាតិ លេខ ១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ។
នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពរ័ណ៍កោះពេជ្រ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ក៏បានប្រារព្ធទិវាសិទ្ធិមនុស្ស នេះ និង ទិវាជនពិការកម្ពុជា លើកទី ១៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធី ដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពេលដែលសាលារាជធានីភ្នំពេញ បានជួបជុំគ្នានៅស្តាតអូឡាំពិក ៕