ខ្មែរ និងខ្មែរក្រោម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ជូនវីរសមណៈ វីរៈបុរស វីរៈនារី គ្រប់ជំនាន់ នៅក្រុងស្តុកតុន

នៅព្រឹកថ្ងៃអាទិត្យ ទីបួន ខែមីនា ឆ្នាំពីរពាន់ដប់ពីរនេះ ប្រជាពលរដ្ឋខ្មែរ-ខ្មែរក្រោម ដែលដឹកនាំដោយលោក គឹម វីលលី ប្រធានសមាគមខ្មែរក្រោម ប្រចាំទី ក្រុងស្តុកតុន និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រារព្ធពិធី បុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសល ប្រគេន- ជូន ចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះវីរសមណៈ និងវីរ បុរស អ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានបូជា កាយថ្វាយជីវិត ក្នុងបុព្វហេតុជាតិ និងសាសនា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង២រសៀល នៅ សមាគមអប្សរា ក្រុងស្តុកតុន ក្រោមអធិបតីភាព លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិ បត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម។

របៀបវារៈនៃកម្មវិធីបុណ្យនោះរួមមាន៖ ពិធីគោរពទង់ព្រះពុទ្ធសាសនា, គោរព ទង់សហព័ន្ធខ្មែរកម្ពុជាក្រោម, ពិធីសាសនកិច្ច និងសេចក្តីថ្លែងការណ៍របស់មន្រ្តីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីអំពីចរន្តនយោបាយ នៃសហព័ន្ធ លើឆាកអន្តរជាតិ។

ប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោម ប្រមាណជិត១០០នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមតំបន់, សាខា និងទីក្រុងមួយចំនួន បែកខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា ដូចជា លោក ថាច់ តង ប្រធានតំបន់បែកខាងលិច សហរដ្ឋអាមេ រិក, លោក លូ លីនថាយ ប្រធានសាខាសហព័ន្ធនៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង, លោក លី យ៉ាង ប្រធានសាខាសហព័ន្ធប្រចាំទីក្រុងមូដែសតូ, លោក គឹម សូនី ប្រធាន សាខាសហព័ន្ធប្រចាំទីក្រុងប្រែសនូ និងលោក លី ឃោន ប្រធានសាខាសហ ព័ន្ធប្រចាំទីក្រុងសាន់ហូស្សេ ព្រមទាំងតំណាងគណៈបក្សនយោបាយខ្មែរ មួយចំនួន បានចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

លោក គឹម វិលលី ប្រធានគណៈកម្មការបុណ្យ និងជាប្រធានសមាគមខ្មែរ ក្រោម ប្រចាំទីក្រុងស្តុកតុន បានឡើងស្វាគមន៍គណៈប្រតិភូសហព័ន្ធ និងថ្លែងអំពី បុព្វហេតុនៃកម្មវិធីបុណ្យ។ ចំណែក លូ លីនថាយ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម បែកខាងជើង រដ្ឋកាលីហ្វ័រញ៉ា ក៏បានថ្លែងអំពីប្រវត្តិសាស្រ្ត ដ៏ជូរចត់នៃការតស៊ូ របស់ខ្មែរក្រោម រយៈពេលកន្លងមក ជាពិសេសលោកប្រធានសាខាបានសង្កត់ធ្ងន់ថា ការចាប់ខ្លួនព្រះតេជគុណ ទឹម សាខន ផ្សឹក នៅវត្តភ្នំឌិន នៃខែត្រតាកែវ រួចបញ្ជូនទៅដាក់គុក នៅប្រទេស យួន និងករណីជាច្រើនទៀតដែលរដ្ឋអំណាចយួនបំបិទសិទ្ធិសេរីភាព និងជំនឿសាសនា និងការចាប់ផ្សឹកព្រះសង្ឃ ខ្មែរក្រោម ជាហូរហែរ… តើអំពើ ទាំងអស់នោះ ជាអំពើយុត្តិធម៌សម្រាប់ខ្មែរក្រោមឬ???

លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបន្ទុក កិច្ចអន្តរជាតិ ក៏បានថ្លែង អំពីយុទ្ធសាស្រ្តអហឹង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញ លទ្ធផលជោគជ័យរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិ… លោកប្រាក់ សេរីវុឌ្ឍ បានមានប្រសាសន៍ក្នុងក្តីសង្ឃឹមថា ទឹកដីកម្ពុជាក្រោម នៅថ្ងៃណាមួយនឹង ទទួលបាននូវសិទ្ធិសេរីភាពជាក់ជាពុំខាន ព្រោះជំនោរនៃសេរីភាព ឬការក្រោកឡើង របស់ប្រជាពលរដ្ឋនៅពិភពអារ៉ាប់កន្លងមក បានធ្វើប្រទេសផ្តាច់ការមួយចំនួន ត្រូវបានផ្លាស់ប្តូរ ជាពិសេសថ្មីៗ នេះ ចរន្តនយោបាយពិភពលោក កំពុងតែចាប់អារម្មណ៍ ទៅបែកអាស៊ី…។

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ជាអធិបតីភាពនៃកម្មវិធីបុណ្យ ដែលទើបតែ ប្រឡប់ពីការចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីអំពីការរើសអើងពូជសាសន៍ នៅទីក្រុងស្សឺណែវ ប្រទេស ស្វីស ក៏បានថ្លែងអំពីលទ្ធ ផលនៃកិច្ចប្រជុំនៅទីក្រុងស្សឺណែវ.. ដោយសង្កត់ធ្ងន់ថា របាយការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដាក់ជូនអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំនោះ ក្រោមប្រធានបទ ខ្មែរក្រោម ជាជនជាតិដើម ជាពិសេសជំរុញអោយប្រទេសវៀតណាម ហៅខ្មែរក្រោម ដែលកំពុងរស់ នៅលើទឹកដី កម្ពុជាក្រោម ជាជនជាតិដើម…។ ដោយ៖ សឺង សុជាតិ/VOKK