ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរស់នៅក្នុងប្រទេសកម្ពុជា បានបង្កើតឲ្យមានទិវារំឭកគុណគ្រូ ចំថ្ងៃ១៨ ឧសភា។ ពិធីនេះធ្វើឡើងដើម្បីរំឭកវិញ្ញាណក្ខន្ធ ព្រះ សង្ឃខ្មែរក្រោមដែលបាន សុគតទៅក្នុងបុព្វហេតុ ការពារទឹកដី ប្រពៃណី សាសនា អក្សរសាស្ត្រខ្មែរនៅក្នុងទឹកដីកម្ពុជាក្រោម។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំនួនប្រមាណជា ៥០ នាក់ មកពីសមាគមខ្មែរកម្ពុជាក្រោមចំនួន ៩ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ បាននាំគ្នាប្រារព្ធពិធីរំឭកគុណគ្រូដែលបានបង្រៀនអក្សរសាស្ត្រ ខ្មែរ និងភាសាខ្មែរមិនឲ្យសាបសូន្យ នៅគ្រាដែលការសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរនៅលើទឹកដីខ្មែរ កម្ពុជាក្រោមកន្លងមក បានរងការហាមឃាត់យ៉ាងតឹងរ៉ឹងដោយអាជ្ញាធរវៀតណាម។
នៅក្នុងពិធីនោះ គេបាននិមន្តព្រះសង្ឃចំនួន ១៦អង្គ ដើម្បីសូត្រមន្តនមស្ការ បង្សុកូល និងរាប់បាត្រ ឧទ្ទិសដល់វិញ្ញាណក្ខន្ធគ្រូបង្រៀនជាព្រះសង្ឃខ្មែរកម្ពុជាក្រោមដែល បានសុគតទៅ។ នេះគឺជាពិធីរំឭកគុណគ្រូលើកទី៤ហើយ ចាប់តាំងពីឆ្នាំ២០០៧ មក។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ និងជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលបានដឹកនាំឲ្យមានពិធីនេះ បានមានប្រសាសន៍ថា ខ្មែរកម្ពុជាក្រោមភាគច្រើន រាប់ទាំងរូបលោកផង បានចេះនិយាយភាសាខ្មែរ និងចេះសរសេរអក្សរសាស្ត្រខ្មែរដោយសារគ្រូបង្រៀនជាព្រះសង្ឃខ្មែរ កម្ពុជាក្រោម តាមរយៈការបង្រៀនអក្សរបាលី និងភាសាបាលីនៅតាមវត្តអារាម។
លោកបន្តថា ៖ «ចេះដឹងដល់សព្វថ្ងៃហ្នឹង ខ្លះបានភៀសខ្លួនមកដល់ប្រទេសកម្ពុជា ខ្លះទៅដល់បារាំង អាមេរិកាំង ប្រទេសទីបី ក៏ដោយសារតែគ្រូយើងបានផ្ដល់កំណើតឲ្យយើង គឺការសិក្សារៀនសូត្រហ្នឹង។ កាលណាយើងអត់ចេះអក្សរសាស្ត្រ ប្រៀបបានជាយើងហ្នឹងងងឹតភ្នែកទាំងសងខាង។ គ្រូបង្រៀនហ្នឹងហើយដែលបង្រៀនឲ្យយើងបើកភ្នែកយើងឲ្យភ្លឺដល់ សព្វថ្ងៃ រហូតដល់ខ្លះទៀតបានធ្វើជាកុង្សីយ៍ ធ្វើជាមន្ត្រីនៅក្នុងរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាក៏មាន ក៏ដូចជារូបខ្ញុំបានធ្វើជាតំណាងរាស្ត្រ គឺខ្ញុំរៀននៅដែនដីខ្មែរកម្ពុជាក្រោម»។
លោកបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបលោក និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនានា យកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ ដើម្បីរំឭកគុណគ្រូបែបនេះ ពីព្រោះជាថ្ងៃ ១រោច ខែពិសាខ ចូលពុទ្ធសករាជ ២៥៥៥ ជាសករាជថ្មី។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមឈ្មោះ លីវ យូពឹង អាយុ ៧០ឆ្នាំ មានដើមកំណើតនៅខេត្តឃ្លាំង ទឹកដីខ្មែរកម្ពុជាក្រោម បានថ្លែងថា លោកនៅតែចងចាំនូវគុណបំណាច់របស់គ្រូបង្រៀនជាព្រះសង្ឃខ្មែរ កម្ពុជាក្រោម ដែលបានបង្រៀនឲ្យចេះអក្សរសាស្ត្រខ្មែរដោយមិនយកកម្រៃ ៖ «ថ្នាក់ទី១ រហូតដល់ប្រលងជាប់ឌីប្លូម (Diploma) ខ្ញុំត្រូវតែនឹកដល់គុណគ្រូ ដែលមានគុណូបការៈលើខ្មែរកម្ពុជាក្រោមដែលបានចេះដឹងដោយសារតែគុណ គ្រូ»។
ប្រភពពីសកម្មជនការពារសិទ្ធិខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា នៅទសវត្សឆ្នាំ១៩៥៧ និងឆ្នាំ១៩៦២ មានការបង្ក្រាបយ៉ាងខ្លាំងលើខ្មែរកម្ពុជាក្រោមដោយអាជ្ញាធរវៀតណាម មិនឲ្យខ្មែរកម្ពុជាក្រោមមានសាលារៀនទេ។
ការសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរនៅពេលនោះ គឺនៅតាមវត្តអារាម។ គ្រូបង្រៀនគឺជាព្រះសង្ឃបានបង្រៀនភាសាបាលីចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា។
គ្រូបង្រៀនទាំងនោះមានលោកឧកញ៉ា សឺន គុយ ព្រះសង្ឃ សឺន វ៉ង់ ព្រះសង្ឃ គឹម តុកចើង ព្រះសង្ឃ គឹម សាង និងព្រះសង្ឃជាច្រើនអង្គទៀត៕ ប្រភព៖ វិទ្យុអាស៊ីសេរី