ជនជាតិខ្មែរដែលមានដើមកំណើតនៅកម្ពុជាកណ្តាល រហូតដល់ទៅប្រមាណ ៧០% នៅរដ្ឋNorth Carolina សហរដ្ឋអាមេរិក បានត្រូវរាយការណ៍ថា បានគាំទ្រចលនាសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទាមទារស្វ័យភាពក្នុងការធ្វើការសម្រេចចិត្តលើភ័ព្វវាសនា ខ្លួនដោយខ្លួនឯង នៃជនជាតិខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម។
លោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានត្រូវអញ្ជើញជាអធិបតីនៃកិច្ចប្រជុំពេញមួយថ្ងៃនាទីក្រុង ឆាឡុត កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានសម្តែងនូវការចាប់អារម្មណ៍ប្រកបដោយភាពប្លែកក្នុងចិត្ត។
លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ការចាប់អារម្មណ៍ ដំបូងបំផុតរបស់ខ្ញុំហ្នឹង គឺខ្មែរក្រោម បងប្អូនខ្មែរហ្នឹង មកព្រមគ្នា ហើយយកចិត្តទុកដាក់ស្ដាប់នូវគោលការណ៍ នូវផែនការសហព័ន្ធ ការដែលបានធ្វើហើយ និងផែនការទៅអនាគត។ ខ្ញុំបានជម្រាបបងប្អូននៅហ្នឹង គឺជាលើកទី១ ដែលខ្ញុំបានជួប ដែលឃើញថាបងប្អូនខ្មែរក្រោម និងបងប្អូនខ្មែរ មកស្ដាប់ហើយយកចិត្តទុកដាក់ នេះជាលើកទី១ ហើយមានលក្ខណៈពិសេសជាងកន្លែងផ្សេងៗ។ ថ្ងៃហ្នឹង បើយើងគិតជាភាគរយ ខ្មែរក្រោមប្រហែលជា ៣០% ប៉ុណ្ណឹងទេ អ៊ីចឹងហើយ ៧០% គឺបងប្អូនខ្មែរយើង នៅប្រទេសកម្ពុជាហ្នឹង។ ឧទាហរណ៍លោកព្រឹទ្ធាចារ្យម្នាក់ហ្នឹង គាត់បានជម្រាបថា គាត់គាំទ្រខ្មែរក្រោម ដោយសារគាត់ធ្លាប់រៀនសូត្រសិក្សាជាមួយគ្នា បងប្អូនខ្មែរក្រោមមកពីខេត្តព្រះត្រពាំង ខេត្តឃ្លាំងអីអ៊ីចឹង អ៊ីចឹងនៅពេលដែលគាត់ឮសូរវិទ្យុអាស៊ីសេរីក្ដី វិទ្យុសំឡេងសហរដ្ឋអាមេរិកក្ដី រឿងខ្មែរក្រោម គាត់តែងតែយកថវិកាជួយឧបត្ថម្ភដល់សាខារដ្ឋ North Carolina»។
លោកឲ្យដឹងថា ក្រុមសហគមន៍ខ្មែរនៅក្នុងរដ្ឋឆ្នេរសមុទ្រអាត្លង់ទិកមួយនេះ បានសម្តែងទឹកចិត្តប្រហាក់ប្រហែលគ្នាថា បញ្ហាជនជាតិខ្មែរកម្ពុជាក្រោម គឺជាបញ្ហាជនជាតិខ្មែរទាំងមូល និងពុំមែនជាបញ្ហាដាច់ដោយឡែកឡើយ ដោយខ្មែរទាំងនោះបានផ្តល់ឧទាហរណ៍នៃជម្លោះនៅតំបន់ ប្រាសាទព្រះវិហារ ថាជាក្តីបារម្ភរបស់ខ្មែរគ្រប់ទិសទី ដោយរួមទាំងខ្មែរក្រោមផង។
លោក យស់ សារុន អ្នកមានកំណើតចេញពីភូមិសុកម៉ើញ ឃុំអណ្តូងទឹក ខែត្រព្រះត្រពាំង នៃទឹកដីកម្ពុជាក្រោម និងជាប្រធានសហព័ន្ធខ្មែរក្រោមប្រចាំរដ្ឋ North Carolina មានប្រសាសន៍ឲ្យដឹងពីមូលហេតុថែមទៀតនៃការចូលរួមរបស់ជនជាតិ ខ្មែរគ្រប់ទិសទី ដែលកំពុងរស់នៅក្នុងរដ្ឋ North Carolina នោះ។
លោក យស់ សារុន ថ្លែងយ៉ាងដូច្នេះ ៖ «បងប្អូនដែលបានមកចូលរួម ហ្នឹង មកពីគាត់គិតឃើញថា ពីដើមឡើយទឹកដីរបស់ខ្មែរយើង នៅខ្មែរកម្ពុជាក្រោម គាត់មិនយល់ ហើយឥឡូវហ្នឹងបងប្អូនយើងបានយល់ថា ដីដែលបាត់បង់មកហើយហ្នឹង ជាកេរដំណែលរបស់កូនខ្មែរទាំងអស់គ្នា ហេតុដូច្នេះហើយធ្វើឲ្យអារម្មណ៍របស់បងប្អូនមានការចូលរួម ហើយជឿជាក់លើសហព័ន្ធខ្មែរកម្ពុជាក្រោម ថា ការទាមទារសិទ្ធិសេរីភាព និងប្រពៃណីទំនៀមទម្លាប់ជាទូទៅទាំងអស់ហ្នឹង ស្របទៅតាមច្បាប់របស់អង្គការសហប្រជាជាតិ ហេតុដូច្នេះហើយបានធ្វើឲ្យបងប្អូនតាមសកម្មភាពរបស់សហព័ន្ធគ្រប់ សកម្មភាពទាំងអស់ ដូចជាបាតុកម្មនៅឡាអេ ឬក៏បាត់បង់ទឹកដីនៅប្រទេសបារាំងអី ឃើញថាគាត់ដឹងផ្ទាល់ខ្លួនគាត់ ហើយគាត់មានជំនឿ ហើយគាត់មានវិភាគទានចំពោះយើង ដើម្បីរកនូវសិទ្ធិសេរីភាព ជូនពលរដ្ឋខ្មែរក្រោមដែលកំពុងតែត្រូវរងទុក្ខសព្វថ្ងៃ ដែលយើងមើលឃើញទាំងអស់គ្នា»៕
ប្រភពពីវិទ្យុអាស៊ីសេរី.