ភ្នំពេញ: ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសវៀតណាម បានធ្វើការរារាំងគំរាមកំហែង មិនឲ្យធ្វើដំណើរទៅលេងស្រុកកំណើត នៅទឹកដីកម្ពុជាក្រោម បានធ្វើការរិះគន់ និងថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរវៀតណាម ថាជាការរំលលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរមកលើខ្មែរកម្ពុជាក្រោម។
ជាមួយគ្នានោះ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានប្រកាសប្តឹងអាជ្ញាធរវៀតណាម ទៅអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសកម្ពុជា និងជាពិសេសទៅសហគមន៍អន្តរជាតិ ដើម្បីឲ្យបានដឹងអំពីទង្វើរបស់អាជ្ញាធរ នៃរដ្ឋាភិបាលវៀតណា មដែលបានធ្វើមកលើខ្មែរកម្ពុជាក្រោម។
ការរិះគន់ថ្កោលទោស និងប្រកាសប្តឹងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត ស្តីពី “សេរីភាពដើរហើររបស់ខ្មែរកម្ពុជាក្រោម កំពុងត្រូវបានរំលោភ” កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែត ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលអះអាងថា ត្រូវបានអាជ្ញាធរវៀតណាម រារាំងគំរាមកំហែង មិនឲ្យទៅលេងស្រុកកំណើត បានឡើងថ្លែងពីសកម្មភាពរបស់អាជ្ញាធរវៀតណាម។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី បានមានសង្ឃដីកាថា នៅពេលដែលព្រះអង្គ និមន្តទៅស្រុកកំណើតនៅកម្ពុជាក្រោម ពេលទៅដល់ច្រកទ្វារព្រំដែន អាជ្ញាធរវៀតណាម បានដកយកប៉ាស្ព័ររបស់ព្រះអង្គ និងបានធ្វើការត្រួតពិនិត្យគ្រប់បែបយ៉ាង មកលើព្រះអង្គ ប៉ុន្តែដោយសារព្រះអង្គ បានតវ៉ាខ្លាំងជាមួយអាជ្ញាធរវៀតណាម ទើបបានគេប្រគល់ប៉ាស្ព័រមកឲ្យព្រះអង្គវិញ។ រហូតទៅដល់ស្រុកកំណើត ក៏ត្រូវអាជ្ញាធរវៀតណាម បានតាមដានឃ្លាំមើលពីសកម្មភាពរបស់ព្រះអង្គគ្រប់ពេល និងបាននិមន្តព្រះអង្គ ទៅសួរចម្លើយអំពីសកម្មភាពរបស់ព្រះអង្គ នៅក្នុងទឹកកម្ពុជាថែមទៀតផង។
ចំណែកលោក លី ឈួន ចាងហ្វាងសារព័ត៌មានព្រៃនគរ ដែលត្រូវបានអាជ្ញាធរវៀតណាម រារាំងដែរនោះ បានថ្លែងថា លោកសូមឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ហើយការដែលខ្មែរកម្ពុជាក្រោម តវ៉ា គឺទាមទារសិទ្ធិរស់នៅស្មើភាពគ្នា។
លោក លី ឈួន បានបញ្ជាក់ថា “នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ លោកនឹងដាក់ពាក្យប្តឹងវៀតណាម ពីបទរើសអើងពូជសាសន៍ រំលោភសិទ្ធិមនុស្ស… ទៅអង្គការសមាគមខ្មែរកម្ពុជាក្រោម”។
រីឯព្រះតេជព្រះគុណ លី ច័ន្ទនេន ដែលគង់នៅប្រទេសកាណាដា ហើយអះអាងថា ត្រូវអាជ្ញាធរវៀតណាម មិនឲ្យនិមន្តទៅលេងស្រុកកំណើត ក៏បានអះអាងក្នុងសន្និសីទកាសែតថា ព្រះអង្គនឹងដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិទៅក្រុងឡាអេ និងសហគមន៍អន្តជាតិ នៅលើពិភពលោក ចំពោះករណីដែលអាជ្ញាធរវៀតណាម មិនឲ្យខ្មែរកម្ពុជាក្រោមទៅលេងស្រុកកំណើតរបស់ខ្លួន។
លោក គឹម ស៊ីសំណា លេខានៃលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម បាននិយាយថា ទង្វើរបស់អាជ្ញាធរវៀតណាម ធ្វើមកលើខ្មែរកម្ពុជាក្រោម គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះការដើរហើរ (នៅកម្ពុជាក្រោម) ត្រូវបានអាជ្ញាធរវៀតណាមតាមឃ្លាំមើលគ្រប់ពេលវេលា។
លោកបន្តថា ចំពោះពាក្យបណ្តឹង ដែលព្រះសង្ឃ និងប្រជាពលរដ្ឋប្តឹងមកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឃន៍ ខាងសមាគមនឹងធ្វើរបាយការណ៍ជម្រាបទៅអង្គការជាតិ អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម រួមទាំងទៅសហគមន៍អន្តរជាតិ ឲ្យបានដឹងអំពីបញ្ហាវៀតណាម រំលោភសិទ្ធិមនុស្សមកលើខ្មែរកម្ពុជាក្រោម។
ជុំវិញការលើកឡើងខាងលើនេះ លោក ឡេ មិញង៉ុក អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេ៕
ប្រភព៖ CEN