ថ្ងៃទី៤ មិថុនា ជាថ្ងៃរំលឹកខួបនៃថ្ងៃបាត់បង់ទឹកដីខ្មែរ កម្ពុជាក្រោម ដែលខ្មែរនៅជុំវិញពិភពលោកបានប្រារព្ធ ពិធីរំលឹកខួបនូវថ្ងៃ ប្រវត្តិសាស្ត្រខ្មៅមួយរបស់ខ្មែរ។ តំណាងសហគមន៍ខ្មែរកម្ពុជាក្រោម នៅឯបរទេសបាន លើកពីផែនការទាម ទារសិទ្ធិសេរីភាពជួនពលរដ្ឋខ្មែរ នៅទឹកដីកំណើតរបស់ខ្លួន ដែលគ្រប់គ្រងដោយ អាជ្ញាធរ វៀតណាមបច្ចុប្បន្ន។
ការកំណត់ពីផែនការទាមទារសិទ្ធិសេរីភាពនេះ គេធ្វើ ឡើងនៅក្នុងឱកាសជួបជុំគ្នា គឺនៅទិវារំលឹកខួបលើកទី ៦២ នៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ថ្ងៃទី ៤មិថុនា ឆ្នាំ១៩៤៩។
អនុលេខាធិការប្រធានសភាព្រឹទ្ធាចារ្យខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ីនតោនស្តេត (Washington State) សហរដ្ឋអាមេរិក លោក ថាច់ សាម៉ី បានឲ្យដឹងនៅថ្ងៃទី៥ មិថុនាថា សហគមន៍ខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិកទោះបីជាមិនរស់នៅលើទឹក ដីកំណើតរបស់ខ្លួនក្ដី ប៉ុន្តែពួកគាត់មានមនសិការគិតគូដល់ខ្មែរក្រោមដែលរស់នៅទឹកដី របស់ខ្លួន និងរកមធ្យោបាយសុំឲ្យរដ្ឋាភិបាលវៀតណាមដោះលែងលោក ចៅ ហេន ដែលនៅក្នុងគុក និងសុំដោះលែងសកម្មជនដីធ្លីផ្សេងៗ ទៀត ដែលអាជ្ញាធរវៀតណាមចាប់ខ្លួននោះ។
ឯកសារដែលវិទ្យុអាស៊ីសេរីទទួលបាន គឺប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅប្រទេសមួយចំនួន បានប្រារព្ធទិវារំលឹកខួបថ្ងៃបាត់បង់ទឹកដីរបស់ខ្លួន រួមមានប្រទេសអូស្ត្រាលី (Australia) ប្រទេសស្វីស (Switzerland) និងធ្វើនៅតាមរដ្ឋមួយចំនួនផ្សេងទៀត នៅសហរដ្ឋអាមេរិក និងកាណាដា។ ប៉ុន្តែកាលបរិច្ឆេទធ្វើខួបនេះគឺគេធ្វើខុសៗ គ្នា ដើម្បីកុំឲ្យជាន់កម្មវិធីគ្នា។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅប្រទេសកាណាដា លោក ចៅ ជឿន បានមានប្រសាសន៍ថា នៅក្នុងទិវារំលឹកខួបថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនៅ ទីក្រុង Victoria នៃប្រទេសកាណាដា គឺធ្វើនៅថ្ងៃទី១១ មិថុនា ខាងមុខ ហើយនៅពេលនោះ គេនឹងលើកយកអំពីបញ្ហាអភិរក្សប្រពៃណី និងវប្បធម៌របស់ខ្លួន ដើម្បីឲ្យក្មេងៗ ជំនាន់ក្រោយបានដឹងផងដែរ។
ដោយឡែកសម្រាប់នៅប្រទេសកម្ពុជាវិញ ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានឲ្យដឹងថា សមាគមរបស់លោកបានលើកពេលធ្វើពិធីរំលឹកខួបនេះទៅថ្ងៃទី១០ មិថុនា វិញ ដោយសារសាលារាជធានីភ្នំពេញមិនអនុញ្ញាត។
ឯកសារប្រវត្តិសាស្ត្របានសរសេរថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង ឈ្មោះ វ៉ាងសង់ អូរីយូល (Vincent Auriol) បានចុះកិច្ចព្រមព្រៀងប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាម។ ដោយវៀតណាមយល់ព្រមបង្កើតរដ្ឋាភិបាលយៀកណាមមួយ នៅក្នុងក្រុមសហភាពបារាំង ហៅថា រដ្ឋយៀកណាម។ ហើយបារាំងសង្ឃឹមថា ការប្រគល់កម្ពុជាក្រោមទៅឲ្យស្ដេច បាវ ដាយ គេអាចនឹងរក្សានូវឥទ្ធិពលរបស់ខ្លួនបានយួរអង្វែងនៅទឹកដី កូសាំងស៊ីន ព្រមទាំងទប់ស្កាត់ឥទ្ធិពលរបស់កុម្មុយនិស្តនិយម ហូជីមិញ (Ho Chi Minh)។
លុះដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដដែល ប្រធានាធិបតីបារាំង វ៉ាងសង់ អូរីយ៉ូល បានប្រកាសជាផ្លូវការប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមជា ផ្លូវការ ដែលឯកសារខ្លះថា មានចំនួន ៦ខែត្រ ប៉ុន្តែឯកសារខ្លះថា មានចំនួន ២១ខែត្រ។ គិតមកទល់ពេលនេះ ការបាត់បង់ទឹកដីកម្ពុជាក្រោមមានរយៈ ៦២ឆ្នាំហើយ។
ក៏ប៉ុន្តែអ្នកវិភាគឯករាជ្យខ្មែរមួយចំនួនអះអាងថា បារាំងមានគុណសម្បត្តិមួយផ្នែកចំពោះប្រទេសកម្ពុជា គឺបានការពារប្រទេសកម្ពុជាកណ្ដាលមិនឲ្យបាត់បង់ចេញពីផែនទីពិភព លោក ពីការឈ្លានពានរបស់ប្រទេសថៃដែលកាលនោះគេហៅថា សៀម និងវៀតណាម ឬហៅថា អាណាម៕ ប្រភព៖ វិទ្យុអាស៊ីសេរី