ប្រធានសមាគមខ្មែរកម្ពុជាក្រោមប្រចាំ នៅ ប្រទេសអូស្ត្រាលី បានថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៦ មករាថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណ ៥០ នាក់ បានចូលរួមបង្ហាញអំពីប្រពៃណីវប្បធម៌ របស់ខ្មែរក្រោម នៅក្នុងពិធីបុណ្យដ៏ធំមួយ របស់ប្រទេសអូស្ត្រាលី។ នោះគឺជាពិធីបុណ្យ រំលឹកថ្ងៃ បង្កើតពហុវប្បធម៌នៃប្រទេស អូស្ត្រាលី។ លោក ដាញ់ ក្វាង ប្រធានសមាគមខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសអូស្ត្រាលី បានលើកឡើងថា នៅថ្ងៃទី២៦ មករា ឆ្នាំ២០១១ នេះ គ្រប់ជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី បានចូលរួមបង្ហាញនូវវប្បធម៌ ប្រពៃណីរបស់ខ្លួន ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៦ ខែមករា ៖ “យើងបានបង្ហាញទំនៀមទម្លាប់ប្រពៃណីយើង ដូចជាច្រៀង រាំ របាំ ឆៃយ៉ាំ ដល់សភាអូស្ត្រាលីគាត់មើល ហើយនិងជួយយើង ក្រៅពីបង្ហាញប្រពៃណីហ្នឹង រដ្ឋាភិបាលអូស្ត្រាលីបានធ្វើព្យុហយាត្រា មានដូចជាយន្តហោះចម្បាំង បាញ់កាំជ្រួច និងបង្ហាញពីទំនៀមទម្លាប់អូស្ត្រាលី ដើម្បីបង្ហាញដល់គ្រប់ជនជាតិទាំងអស់មើល”។
លោក ដាញ់ ក្វាង បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៩០ មក ដែលមកដល់បច្ចុប្បន្នមានប្រមាណជា ២០០នាក់ កំពុងរស់នៅទីនោះ។
លោក ដាញ់ ក្វាង បានឲ្យដឹងទៀតថា ជនជាតិខ្មែរកម្ពុជាក្រោម មានសិទ្ធិបានទៅរស់នៅប្រទេសអូស្ត្រាលីនោះ តាមរយៈអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ហើយការរស់នៅរបស់ពួកគេសព្វថ្ងៃ មានការយកចិត្តទុកដាក់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញពីរដ្ឋាភិបាលអូស្ត្រាលី គឺមិនមានការគាបសង្កត់ផ្នែកសេរីភាពដូចដែលពួកគេធ្លាប់បានរស់នៅ ក្នុងទឹកដីកំណើត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនោះឡើយ៕ ប្រភពព័ត៌មាន៖ RFA