គ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់ដែលអាជ្ញាធរថៃបានចាប់បញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជា កាលពីថៃ្ងសៅរ៍សប្តាហ៍កន្លងទៅនេះ កំពុងតែស្វែងរកសិទ្ធិជ្រកកោនជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា ដើម្បីជំនួសនូវការចាប់បញ្ជូនពួកគេឲ្យត្រទ្បប់ទៅកាន់ប្រទេស វៀតណាមវិញ។
ការព្យាយាមមិនវិលត្រឡប់នេះពួកគេបញ្ជាក់ថា ដើម្បីចៀសវាងការប្រឈមមុខនឹងការចាប់ខ្លួនដាក់ពន្ធនាគារដោយ អាជ្ញាធរវៀតណាម។
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផៃ្ទបានមានប្រសាសន៍ថា សមត្ថកិច្ចនៅមិនទាន់ទទួលសំណើពីគ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់នោះនៅទ្បើយទេ នៅថ្ងៃទី១២ ធ្នូនេះ។
លោក ម៉ង ពុទ្ធី ជាប្រធាននៃសមាគមប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំការក្នុងខេត្តបន្ទាយមានជ័យ កំពុងតែគ្រប់គ្រងគ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់នោះ បានមានប្រសាសន៍ថា ៖ «គាត់ចង់មានសំណូមពរ ៥ប្រការដល់រដ្ឋាភិបាល ហើយគាត់ចង់ទៅជួបឧបនាយករដ្ឋមន្ត្រីដើម្បីស្នើសុំដីធ្លីជ្រកកោន នៅប្រទេសយើង»។
គ្រួសារខែ្មរកម្ពុជាក្រោមបានធ្វើញាត្តិរួមគ្នា ហើយបានផ្ញើជូនតំណាងរបស់ការិយាល័យនៃឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តំណាងរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក តំណាងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ៖ «អត់មានឃើញញត្តិហ្នឹងមកដល់ក្រសួងផង…»។
លោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស អាដហុក នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «គេច ខ្លួនពីនោះមកដល់ប្រទេសខ្មែរហើយ បើសិនជារដ្ឋាភិបាលខ្មែរជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការទទួលយកនូវជនភៀសខ្លួន ការពារសិទ្ធិមនុស្សនេះ គឺខ្ញុំគិតថា មិនគប្បីបញ្ជូនទៅប្រទេសវៀតណាមវិញទេ ព្រោះថា បើសិនជាបញ្ជូនទៅប្រទេសវៀតណាមវិញអាចទទួលរងគ្រោះថ្នាក់ដល់អាយុ ជីវិតពួកគាត់ផងដែរ»។
លោក ថាច់ ឈួនយ៉ាត ជាប្រធាននៃអង្គភាពស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សខែ្មរ កម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «បើសិនណាបញ្ជូនគាត់ទៅវៀតណាមវិញ គាត់ប្រឈមមុខនឹងការអាចថា ត្រូវគេចាប់ដាក់គុក ហើយអាចមានទទួលទណ្ឌកម្ម»។
អាជ្ញាធរថៃកាលពីថៃ្ងសៅរ៍សបា្តហ៍កន្លងទៅនេះបានចាប់បញ្ជូន គ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់នោះមកប្រទេសកម្ពុជា បើទោះបីជាគ្រួសារទាំងនោះបានទទួលស្គាល់ដោយការិយាល័យនៃឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរួចហើយក៏ដោយ និងមួយចំនួនទៀតរង់ចាំការសម្ភាសដើម្បីសុំសិទ្ធិជ្រកកោននៅក្នុង ប្រទេសទី៣។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់នោះបានរត់គេចខ្លួនពីការតាមប្រមាញ់ចាប់ខ្លួនដោយនរគបាល វៀតណាម នៅក្នុងខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក ទឹកដីខ្មែរកម្ពុជាក្រោម ដែលវៀតណាមកំពុងតែកាន់កាប់សព្វថ្ងៃនេះ ដោយបានភៀសខ្លួនទៅកាន់ប្រទេសថៃកាលពីឆ្នាំ២០០៨កន្លងទៅ ដោយសារតែពួកគេបានងើបតវ៉ាទាមទារកម្មសិទ្ធិដីធ្លីនៅលើដីធ្លីពី ដូនតារបស់ពួកគាត់ដែលត្រូវគេរំលោភយក៕
ប្រភពពីវិទ្យុអាស៊ីសេរី.