ខ្មែរ​ក្រោម​២៤​នាក់​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​UNHCR

គ្រួសារ​ខ្មែរ​​ក្រោម​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ២៤​នាក់​នៅ​ព្រឹក​ថ្ងៃ​​២៨ ធ្នូ​នេះ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​​មុខ​ទីស្នាក់ការ​នៃ​ការិយាល័យ UNHCR ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​អង្គការ​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ទទួល​ ស្គាល់​និង​ផ្តល់​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។
នៅ​ពី​មុខ​ទីស្នាក់ការ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​ បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) កុមារ​ខ្មែរ​កម្ពុជា​ក្រោម​តូចៗ​ដែល​មក​តាម​ឪពុក​ម្តាយ បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ចង់​វិល​ទៅ​កាន់​ទឹក​ដី​ខ្មែរ​ក្រោម​វិញ​ទេ ព្រោះ​មាន​ការ​ភ័យ​ខ្លាច។

កុមារ​តូចៗ​បន្ត​ថា ពួក​គេ​ចង់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជាព្រោះ​បាន​រៀន​ភាសា​ខ្មែរ ៖ «ខ្ញុំ ​ចង់​ចេះ​អក្សរ​ខ្មែរ រៀន​ខ្មែរ។ សូម​ឲ្យ​សម្ដេច ហ៊ុន សែន ផ្ដល់​សិទ្ធិ​ជ្រកកោន​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា ហើយ​ជួយ​ផ្ដល់​ផ្ទះ​នៅ សាលា​រៀន ហើយ​ដី​ស្រែ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ។ អត់​បាន​រៀន មិន​ហ៊ាន​ទៅ​(វៀតណាម)​ទេ ខ្លាច​ប៉ូលិស​យួន​ចាប់។ ខ្ញុំ​ចង់​នៅ​ស្រុក​ខ្មែរ បាន​រៀន​ខ្មែរ!»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ​កន្លង​ទៅ គ្រួសារ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ២៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ នៅ​គ្រា​ដែល​ពួក​គេ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣ ពី​អង្គការ UNHCR ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​មាត់ជ្រូក ឬ​ហៅ​ជា​ភាសា​វៀតណាម​ថា ខេត្ត​អានយ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ពី​មូលហេតុ​ដែល​ពួក​គេ​ មក​ជួប​ប្រជុំ​គ្នា​នៅ​ពី​មុខ​ទីស្នាក់ការ UNHCR ប្រហាក់​ប្រហែល​គ្នា​ថា ៖ «ចង់​ឲ្យ​យូអិន​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ខ្មែរ​ដើម្បី​ឲ្យ​គាត់​ផ្ដល់​ សិទ្ធិ​ជ្រកកោន​ស្រប​ច្បាប់​ឲ្យ​ពួក​ខ្ញុំ​ខ្មែរ​ក្រោម។ ទៅ​ក្រោម ខ្ញុំ​អត់​ហ៊ាន​ទៅ​ទេ! ទៅ ដឹង​តែ​ងាប់​ហើយ! ដាច់​ស្បៀង​និង​ដាច់​លុយកាក់ ថវិកា សុំ​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​អាណិត​អាសូរ​ដល់​ពួក​យើង​ខ្ញុំ»។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ៖ «រដ្ឋាភិបាល ​លោក​គួរតែ​ប្រគល់​សិទ្ធិ​សេរីភាព​ជូន​ពួក​គាត់​ហ្នឹង ឲ្យ​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច!»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ទេ​តាម​ទូរស័ព្ទ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ទាំង ២៤​រូប ប្រសិន​បើ​មិន​មាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ពួក​គេ​មិន​ចាំបាច់​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ដល់​ការិយាល័យ​អង្គការ​សហ​ ប្រជាជាតិ​នោះ​ទេ ព្រោះ​ពួក​គេ​មាន​សិទ្ធិ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្រប​ច្បាប់។

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​គាត់​គ្មាន​កំហុស​អី​ ទេ គាត់​អាច​នៅ​បាន​តើ! ចាំបាច់​គាត់​ទៅ​ដល់​អង្គការ​សហ​ប្រជាជាតិ​អី! នៅ​ស្រុក​ខ្មែរ​ខ្លួន​ឯង​ទេ​តើ!»។

បច្ចុប្បន្ន​នេះ មាន​ជនជាតិ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់​បាន​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ប្រកប​របរ​ផ្សេងៗ​ដូច​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ដោយ​មិន​មាន​ការ​បែងចែក​ឬ​ប្រកាន់​ថា​ជា​ខ្មែរ​ក្រោម​ទេ តែ​ពួក​គេ​មិន​មាន​លិខិត​ស្នាម​ផ្សេងៗ​ផ្លូវការ ដូច​ជា​អត្តសញ្ញាណ​ប័ណ្ណ​ឡើយ៕
ប្រភពពីវិទ្យុអាស៊ីសេរី.