ពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន២៤នាក់ដែលកំពុងតែស្វែងរកសិទ្ធិ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជានោះ មិនទាន់មានសុវត្ថិភាពពេញលេញនៅទ្បើយទេ ក្រោយពីបានមកដល់រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួន២៤នាក់ ដែលបានចាកចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថៃ្ងព្រហស្បតិ៍ ២៤ ធ្នូថ្មីៗនេះ បានមកដល់រាជធានីភ្នំពេញហើយ ប៉ុន្តែពួកគាត់កំពុងតែលាក់ខ្លួននៅដើម្បីស្វែងរកសិទ្ធិរស់នៅ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ជំនួសនៃការចាប់បញ្ជូនដោយបង្ខំឲ្យវិលត្រទ្បប់ទៅកាន់ប្រទេស វៀតណាមវិញ។
គ្រួសារខែ្មរកម្ពុជាក្រោម២៤នាក់នោះ បានចែកជាពីរក្រុម គឺក្រុមទី១ចំនួន១៨នាក់ កំពុងតែលាក់ខ្លួននៅកន្លែងសុវត្ថិភាពមួយនៅក្នុងរាជធានីភ្នំពេញ ចំណែកឯគ្រួសារខែ្មរកម្ពុជាក្រោមក្រុមទី២ មាន៦នាក់ទៀត កំពុងតែលាក់ខ្លួននៅទីកន្លែងសុវត្ថិភាពមួយ ដើម្បីជៀសវាងពីការចាប់បញ្ជូនដោយបង្ខំណាមួយ។
លោក ថាច់ សុង អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមនៅក្នុងគ្រួសារចំនួន១៨នាក់ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅកន្លែងសុវត្ថិភាពមួយថា ការវិលទៅប្រទេសវៀតណាមវិញ គឺទៅរកការជាប់គុកឬសេចក្តីស្លាប់។ លោកមានសំណើចំនួន៥ខ សុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយ។
លោក ថាច់ សុង បានឲ្យដឹងដូច្នេះ ៖ «ផ្ដល់ទីលំនៅសមរម្យ កន្លែងមានទឹក មានភ្លើង មានមន្ទីរពេទ្យនិងសាលារៀនផង។ ខទី២ គឺធ្វើអត្តសញ្ញាណប័ណ្ណនិងប័ណ្ណគ្រួសារស្របច្បាប់ជាប្រជាពលរដ្ឋ ខ្មែរ ហើយខទី៣ សូមផ្ដល់ដីធ្លីស្រែចម្ការសម្រាប់ចិញ្ចឹមជីវិត។ ខទី៤ សូមផ្ដល់សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើសារព័ត៌មាននិងសិទ្ធិធ្វើកូដកម្ម បាតុកម្ម ខទី៥ គឺសុំរដ្ឋាភិបាលផ្ដល់ការការពារសន្តិសុខនិងសុវត្ថិភាពផ្ទាល់ ខ្លួន»។
លោក ចៅ សុខា តំណាងគ្រួសារខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងថា ៖ «សំណូមពរឲ្យរដ្ឋាភិបាលខ្មែរ បើសិនគាត់បានទទួលស្គាល់ខ្មែរក្រោម សូមគាត់ចេញជាលិខិតថា ពួកខ្ញុំបានស្នើ៥ខនេះឲ្យគាត់ទទួលស្គាល់លក្ខណៈ៥ខនេះផង»។
លោក កុយ គួង ជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជានិងជាមន្រ្តីអ្នកនាំ ពាក្យ បានមានប្រសាសន៍ថា ក្រសួងគ្មានគម្រោងការចាប់បញ្ជូនពួកគាត់ទៅកាន់ប្រទេសវៀតណាមវិញ នោះទេ។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «រដ្ឋាភិបាលតែងតែផ្ដល់សិទ្ធិនិងការពារតាមផ្លូវច្បាប់ដូចពលរដ្ឋខ្មែរដទៃទៀតដែរ»។
លោក អំ សំអាត ជាប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅ រដ្ឋាភិបាល ហៅកាត់ថាលីកាដូ បានមានប្រសាសន៍ថា ៖ «គាត់ទទូចហើយ ទទូចទៀតថា សុំឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិដល់គាត់ឲ្យដូចជាប្រជាពលរដ្ឋខ្មែរ ដទៃ និងផ្ដល់សិទ្ធិនៃការការពារសម្រាប់ពួកគាត់ផងដែរ»។
អាជ្ញាធរថៃបានចាប់បញ្ជូនគ្រួសារខែ្មរកម្ពុជាក្រោម២៤នាក់នោះ ប្រទេសកម្ពុជាកាលពីថៃ្ងទី៥ ខែធ្នូ កន្លងទៅនេះ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបនា្ទយមានជ័យ នៅគ្រាដែលគ្រួសារទាំងនោះកំពុងតែស្វែងរកសិទ្ធិជ្រកកោនទៅកាន់ ប្រទេសទី៣ ពីអង្គការ UNHCR នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជៀសវាងការតាមចាប់ខ្លួនពីអាជ្ញាធរនគរបាលវៀតណាម នៅក្នុងខត្តមាត់ជ្រូក ឬហៅថា ខេត្តអានយ៉ាង ជាភាសាវៀតណាម ក្នុងអតីតទឹកដីខែ្មរកម្ពុជាក្រោម ដែលកំពុងកាន់កាប់ដោយវៀតណាមបច្ចុប្បន្ន។
ការស្វែងរកចាប់ខ្លូននោះ គឺដោយសារតែពួកគាត់បានងើបតវ៉ាទាមទារកម្មសិទ្ធិដីធ្លីពីដូនតា និងទាមទារឲ្យដោះលែងព្រះសង្ឃមួយចំនួនកាលពីឆ្នាំ២០០៨កន្លងទៅ៕
ប្រភពពីវិទ្យុអាស៊ីសេរី.